អានតួអត្ថបទ
កម្ពុជា

វេទិកា​អនាគត៖ គួរ​ដើរ​ឲ្យ​ហួស​ថ្ងៃ៧មករា!

បណ្ណ​ឃោសនា​​អបអរ​​ ៧មករា លើកទី១។ ឯកសារ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​ឯកសារ​​កម្ពុជា​ DC Cam
បណ្ណ​ឃោសនា​​អបអរ​​ ៧មករា លើកទី១។ ឯកសារ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​ឯកសារ​​កម្ពុជា​ DC Cam @DC-Cam
ដោយ៖ ហេង ឧត្តម
១៨ នាទី

ថ្ងៃ៧មករា ខួប​លើក​ទី៣៨ឆ្នាំ​​ទៅហើយ គឺ​នៅតែ​បន្ត​មាន​ការ​​ខ្វែងគំនិត​​គ្នា​រវាង​​អ្នក​នយោបាយ​​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​។ ដើម្បី​ឲ្យ​​យល់ច្បាស់​ពី​ប្រវត្តិសាស្ត្រ​​ពិត និង​ដើម្បី​ប្រយោជន៍​​ប្រជា​ពលរដ្ឋ​បច្ចុប្បន្ន​​ជា​​ចម្បង ​អង្គការ​វេទិកា​អនាគត​ ចេញ​ការ​សិក្សា​ខ្លី​មួយ ចំណង​ជើង​ថា ការធ្វើដំណើរ​ឲ្យ​ហួស​ថ្ងៃ​ប្រាំពីរ​មករា។ គឺជា​ការ​វែក​ញែក ​និង​ផ្តល់យោបល់ សំដៅ​ដល់​​ការ​ឯកភាព​គ្នា, បង្ហាញ​ឲ្យ​ទទួលស្គាល់​ការពិត និង​ជំរុញ​ឲ្យ​ដោះ​ស្រាយ​​បញ្ហា​សព្វថ្ងៃ ហើយ​ដើរ​ឆ្ពោះ​ទៅមុខទៀត។ កំណត់ត្រា​នេះ ​មាន​កម្រាស់១៣​ទំព័រ​ជា​ភាសា​​ខ្មែរ និង៩ទំព័រ​ជា​អង់គ្លេស ដែល​ត្រូវ​ចេញផ្សាយ​តាំងពី​ថ្ងៃទី៦មករា​មក។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កំណត់ត្រា​របស់ខ្លួន អង្គការ​វេទិកា​អនាគត​ដែលមាន​លោក អ៊ូ វីរៈ ជា​ប្រធាន បាន​វែកញែក​ពី​ទិដ្ឋភាព​នៃ​ការបកស្រាយ​មិន​ស្របគ្នា​ចំពោះ​ថ្ងៃ​ប្រាំពី​មករា។ គឺ​ផ្តើម​រៀបរាប់​លម្អិត​ពី​ការផ្តួលរំលំ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម ពី​សំណាក់​កងទ័ព​ខ្មែរ​អមដោយ​កងទ័ព​វៀតណាម។ ក្រោយ​វាយ​ឈ្នះ​ខ្មែរក្រហម​រួចហើយ វៀតណាម​នៅតែ​បន្ត​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជាទី​ប្រឹក្សា​គ្រប់​ក្រសួង​ស្ថាប័ន។ 

ជាហេតុ​នាំ​ឲ្យ​មេដឹកនាំ​គណបក្ស​នៅក្រៅ​រដ្ឋាភិបាល ចោទថា ជាការ​ឈ្លានពាន​របស់​វៀតណាម​ និង​ថា រដ្ឋាភិបាល​ខ្មែរ​ជា​អាយ៉ង, លក់ខ្លួន​ឲ្យ​ទីក្រុង​ហាណូយ ហើយ​ថា​ឲ្យ​អាជ្ញាធរ ក្បាល​យួន ខ្លួន​ខ្មែរ រហូតដល់​ហ៊ាន​ចោទប្រកាន់ថា រៀ​ត​ណា​ម​លេប​ត្របាក់​ដែនដី​ខ្មែរ។ ក៏ប៉ុន្តែ​ចំពោះ​បក្ស​កាន់អំណាច ៧មករា គឺជា​ថ្ងៃ រំដោះ​ពលរដ្ឋ​ខ្មែរ និង​ជា​ថ្ងៃកំណើត​ទី២ ហើយ​ដោយសារតែ​គុណបុណ្យ៧មករា​នេះ ទើប​មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ។

ជុំវិញ​ការខ្វែង​យោបល់ និង​ការវាយតម្លៃ​តែរៀងៗខ្លួន​ដូច្នេះ អង្គការ​វេទិកា​អនាគត ចង់​ឲ្យ​សាធារណៈជន​ខ្មែរ ពិសេសក្មេងៗយុវជន កើត​ក្រោយ​សម័យ​ខ្មែរក្រហម ប្រមាណ ២ភាគ៣ នៃ​ប្រជាជន​សរុប​នោះ ត្រូវ​ឈ្វេងយល់​ឲ្យ​ស៊ីជម្រៅ​ពី​ឫសគល់​របស់​បក្ស​កុំម្មុយនីស្ត​កម្ពុជា ព្រមទាំង កត្តា​ពី​ខាងក្នុង​និង​ពី​ខាងក្រៅ ដែល​នាំ​ឲ្យ​ខ្មែរក្រហម​ឡើងកាន់​អំណាច ឆ្នាំ១៩៧។

តាម​គំហើញ​របស់​អង្គការ​វេទិកា​អនាគត ចំពោះ​បក្ស​កាន់អំណាច ការធ្វើ​ឲ្យ​ចងចាំ​ស្ថិតស្ថេរ​ថ្ងៃ៧មករា មិនបាន​ផ្តល់​ជា​ផែនការ​ជាក់លាក់​សម្រាប់​អនាគត​ទេ គឺ​គ្រាន់តែ​ជាការ​ដោះសារ​ដើម្បី​រក្សា​អំណាច​ឲ្យ​បានយូរ​តទៅទៀត។ ចំពោះ​បក្សប្រឆាំង​វិញ ការប្រើ​វោហា​សាស្ត្រ​ប្រកាន់ពូជសាសន៍ គឺ​គ្រាន់តែ​ជា​យុទ្ធនាការ​សម្អុយ​ឈ្មោះ​បក្ស​កាន់អំណាច ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​តែប៉ុណ្ណោះ ដែល​នេះ វា​ពាក់ព័ន្ធ​តិចតួច​ណាស់​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ។

ចំណែក​អង្គការ​វេទិកា​អនាគត​វិញ សន្និដ្ឋានថា ៧មករា ជា​ថ្ងៃ​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ ហើយ​ការ​ប្រារព្ធ​អបអរ​ថ្ងៃនេះ គឺ​គួរតែ​យកចិត្តទុកដាក់​លើ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ហើយ​ត្រូវ​ជៀសវាង ការប្រើ​ថ្ងៃនេះ ដើម្បី​កេ​ញ​ចំណេញ​នយោបាយ។

ការសិក្សា​ផ្តល់យោបល់​នេះ គឺ​ចង់​ឲ្យ​អ្នកនយោបាយ​ខ្មែរ​គ្រប់ភាគី រៀន​ទទួលស្គាល់​ការពិត​នៃ​ប្រវត្តិសាស្ត្រ ហើយ​បន្តដំណើរ​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន​ដែល​កំពុង​ប្រឈម។ តួយ៉ាង ប​ញ្ហ​កសិករ កម្មករ​វណ្ណៈ​ទាប​ដែល​ត្រូវគេ​ទុកចោល, ចង្វាក់​សេដ្ឋកិច្ច​អន់ថយ​នៅ​ជនបទ, បញ្ហា​អប់រំ, សុខាភិបាល, អំពើពុករលួយ, ការបាត់បង់​ដីធ្លី, ការរំលោភ​សិទ្ធិមនុស្ស...។ ជារួម គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ និង​កសាង​អនាគត​ជាតិខ្មែរ ប្រកបដោយ​យុត្តិធម៌ និង​វឌ្ឍនភាព៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ