កម្ពុជា

ក្រុមហ៊ុន Ganzberg ប៉ាវឡាន​ក្រុង ១០០​គ្រឿង ដឹក​ពលរដ្ឋ​ខ្មែរ ទៅ​ស្រុក​កំណើត​ក្នុង​ឱកាសចូល​ឆ្នាំ​ថ្មី

ក្រុមហ៊ុន Ganzberg ផ្តល់ រថយន្តក្រុង ១០០ គ្រឿង ដើម្បីដឹកអ្នកដំណើរដោយឥតគិតថ្លៃ នៅ កោះពេជ្រ។
ក្រុមហ៊ុន Ganzberg ផ្តល់ រថយន្តក្រុង ១០០ គ្រឿង ដើម្បីដឹកអ្នកដំណើរដោយឥតគិតថ្លៃ នៅ កោះពេជ្រ។ @RFI

នៅ​ថ្ងៃ​ពុធ ទី​១២ ខែ​មេសា​នេះ ក្រុមហ៊ុន Ganzberg បាន ប៉ាវ​ផ្តាច់ រថយន្ត​ក្រុង មួយ​រយ​គ្រឿង ដើម្បី​ដឹក​អ្នក​ដំណើរ ៥០០០នាក់ ដោយ​ឥត​គិត​ថ្លៃ ចេញ​ពី កោះពេជ្រ ឆ្ពោះ​ទៅ​កាន់​ បណ្តា​ខេត្តគោលដៅ ចំនួន ១៥ ខេត្ត-ក្រុង​ផ្សេង​គ្នា។ នេះ​ជា​លើក​ទី​១ ហើយ ដែល​មាន ក្រុម​ហ៊ុន ​រៀប​ចំ​កម្មវិធី​សប្បុរស​ដឹក​អ្នកដំណើរ រាប់​ពាន់​នាក់ ទៅ​ស្រុក​កំណើត នៅ​ក្នុង​ ឱកាស​បុណ្យ​ជាតិ ដែលជា ធម្មតា​រថយន្ត​ដឹក​អ្នកដំណើរ អាច​តម្លើង​ថ្លៃ​រថយន្ត មួយ ទ្វេជា ពីរ។

ផ្សាយពាណិជ្ជកម្ម

មន្រ្តី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុន Ganzberg លោក សុខ ភ័ក្រ្តា បាន​បញ្ជាក់​ថា ក្រុមហ៊ុន គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង ៥​មឺនដុល្លារ ដើម្បី​អបអរ​បុណ្យ​ចូលឆ្នាំថ្មី តាម​រយះ​ការ ជួល​រថយន្ត​ក្រុង ១០០​គ្រឿង ដឹក​អ្នក​ដំណើរ ដោយ​មិន​គិត​ថ្លៃ ទៅ​កាន់​ស្រុកកំណើត​ជួបជុំ​ក្រុម​គ្រួសារ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​ខ្លះ​ និង​ជួយសម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ផង​ដែរ​។ លោក​បន្ថែម​ថា សំបុត្រ​ចំនួន ៥០០០ បាន​ចែកជូន​ពលរដ្ឋ​ខ្មែរ​ទូទៅ តាំង​ពី​ថ្ងៃទី​០៨ មេសា ដោយ​ក្នុង​នោះ ពលរដ្ឋ​ម្នាក់​ៗ (ដែល​មាន​អត្តសញ្ញាណ​បណ្ណ​បញ្ជាក់​ផង) អាច​ទទួល​បាន​ត្រឹម​តែ សំបុត្រ​មួយ និង​អាច​ជ្រើស​រើសគោលដៅ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ចំនួន ១៥ ផ្សេង​គ្នា។ (ខេត្ត​គោលដៅ​ទាំងនោះ រួម​មាន ខេត្ត​ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប ក្រចេះ ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ។)

 
នៅ​ថ្ងៃពុធ​នេះ តាំងពី​ព្រឹក​ព្រលឹម​ស្រាង​ៗ អ្នកដំណើរ​រាប់ពាន់​នាក់ បាន​មក​ជា​បន្ត​បន្ទាប់ ជួបជុំ​គ្នា​នៅ​ កោះពេជ្រ ជាទី​ដែល រថយន្ត​ក្រុង មួយរយ​គ្រឿង កំពុង​ចត រងចាំ​អ្នកដំណើរ។ ចាប់ពី​ម៉ោង ៨​ព្រឹក​តទៅ រថយន្ត​ក្រុង​ម្តង​មួយ​ៗ បាន​ចេញ​ដំណើរ​បន្ត​កន្ទុយ​គ្នា​រដឹក ​រហូត​អស់​គ្មាន​សល់ បើទោះបី​ជា រថយន្ត​ក្រុង​ខ្លះ មាន​កៅអី​ទំនេរ​ច្រើន មិន​មាន​ដឹក​អ្នក​ដំណើរ​គ្រប់​ចំណុះ ៤៥នាក់ ក៏ដោយ​។​ លោក សុខ ភ័ក្រ្តា មន្រ្តីផ្នែក​ទំនាក់ទំនង​ក្រុមហ៊ុន បាន​សម្តែង​ការ​សោកស្តាយ ចំពោះពលរដ្ឋ​មួយ​ចំនួន ដែល​មាន​បំណង​ទៅ​ខេត្ត​ពិតប្រាកដ តែ​ដណ្តើម​សំបុត្រ​មិន​បាន ខណៈ​កៅអីទំនេរ​មាន​នៅ​សល់​ច្រើន​។ បើ​តាម មន្រ្តី​ផ្នែក​ទំនាក់​ទំនង ក្រុម​ហ៊ុន នឹង​បន្ត​ រៀប​ចំ​កម្មវិធី​សប្បុរសដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ពេល​ខាង​មុខ​ផង​ដែរ​។

គួរ​ជម្រាប​ថា កម្មវិធី​សប្បុរស​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ពលរដ្ឋ​កម្ពុជា កំពុង​រស់នៅ​រាជធានីភ្នំពេញ​ រាប់ម៉ឺន​រាប់​សែន​នាក់ កំពុង​ត្រៀម​ខ្លួន​ត្រឡប់​ទៅ​ស្រុក​កំណើត​នា​បណ្តា​ខេត្ត​ផ្សេងៗ​គ្នា ដើម្បីជួប​ជុំ​គ្រួសារ ក្នុង​ឱកាស​អបអរ​ចូល​ឆ្នាំថ្មី។ ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​មួយ​ចំនួន បានបញ្ជាក់​ថា ពួកគាត់​ទើបតែ​ស្គាល់​រសជាតិ​រថយន្តក្រុង ម៉ាស៊ីន​ត្រជាក់ នៅ​ពេល​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ជា​លើក​ទី​មួយ ដោយសារ​តែ ជា​ទៀងទាត់ ការ​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគាត់ ត្រូវ​អាស្រ័យ​រថយន្ត​ឈ្នួល​ធុន​តូច ឬ​រថយន្ត ១២​កៅអី ដែល​ដឹក​ភ្ញៀវ​ចង្អៀត​ណែន​តាន់​តាប់ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ចាប់​ពី មួយ​ម៉ឺន​រៀល ដល់ ៥​ម៉ឺន​រៀល តាម​គោល​ដៅ​ជិត​ឬ​ឆ្ងាយ​។ ​

ក្រៅ​ពី ក្រុមហ៊ុន Ganzberg រៀបចំ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​មិន​គិត​ថ្លៃ ទៅ​ស្រុក​កំណើត ក្រុមហ៊ុន ថោង ស៊ីង ដឹក​ជញ្ជូន​អ្នក​ដំណើរ ក៏​បាន​ប្រកាស​ពី កម្មវិធី​ដឹក​ជញ្ជូន​អ្នក​ដំណើរ ដោយ​ឥតគិត​ថ្លៃ នៅ​ថ្ងៃទី​១៥ ខែ​មេសា ដែរ។ តែ​កម្មវិធី​នេះ អនុវត្ត​ចំពោះ​អ្នកដំណើរ​ ដែល​ត្រូវ​ចេញ​ដំណើរពី ភ្នំពេញ ទៅ​កាន់ បណ្តា​ខេត្ត​ជាប់​ផ្លួវជាតិ​លេខ​៥ និង​លេខ​៦ តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​ហ៊ុន​ចំនួន ២៩ បាន​សន្យា​ជាមួយ​នឹង ក្រសួង​សាធារណការ ថា នឹង​មិន​ដំឡើង​ថ្លៃ​សំបុត្រ​រថយន្តនា​អំឡុង និងក្រោយ​បញ្ចប់​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរនោះទេ​។ ដោយឡែក សាលា​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​ដំណើរ​ការ​សេវា​រថយន្តក្រុង​ចំនួន ៥៧​គ្រឿង ជូនប្រជាពលរដ្ឋ ជិះ​កម្សាន្ត​ដោយ​ឥតគិត​ថ្លៃ នៅ​ក្នុងរាជធានី​ភ្នំពេញ នា​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ៕ (រថយន្ត​ក្រុង របស់​សាលា​រាជធានី ទាំង ៣ខ្សែ​នេះ មាន​សេវា​រថយន្ត​ខ្សែទី​១ ចេញ​ពី​ម្ដុំឬស្សីកែវ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ៩ ឆ្ពោះ​ទៅ វត្តព្រែកក្តី​តាកុយ ផ្លូវជាតិ​លេខ​១។ ចំណែក​ខ្សែទី២ ចេញ​ពី​ផ្សាររាត្រី ឆ្ពោះ​ទៅ ក្រុង​តាខ្មៅ និង ខ្សែ​ទី​៣ ចាប់​ពី​ផ្សារ​រាត្រី ឆ្ពោះ​ទៅ​រង្វង់​មូល​ចោមចៅ៕)

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI