តុលាការកម្ពុជា ទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំសហជីពធំៗ៦រូបនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
នៅទីបំផុតទៅ តុលាការកម្ពុជា បានសម្រេចទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំសហជីពធំៗចំនួន៦រូបនៅកម្ពុជា ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានដឹកនាំការធ្វើបាតុកម្មនៅផ្លូវវេងស្រេង កាលពីអំឡុងចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ ការទម្លាក់ចោលនេះ គឺបន្ទាប់ពីតុលាការសាលាឧទ្ធរណ៍ បានបើកសវនាការកំបាំងមុខ កាលពីថ្ងៃទី ២៨ ឧសភា ម្សិលមិញនេះ។ សូមបញ្ជាក់ថា មេដឹកនាំសហជីពធំទាំង៦រូបដែលក្នុងនោះរួមមាន លោក រ៉ុង ឈុន និងលោក អាត់ ធន់ ផងនោះ ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និង ៦ខែ។ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរ។
មេដឹកនាំសហជីពធំៗទាំង៦រូបនោះរួមមាន៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ទី២. លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ទី៣. លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ទី៤. លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ទី៥. អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្មករកម្ពុជា និងទី៦. អ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពនៃឧស្សាហកម្មកាត់ដេរកម្ពុជា។ មេដឹកនាំសហជីពធំៗទាំង ៦រូបនេះ ត្រូវបានតុលាការសាលាឧទ្ធរណ៍ សម្រេចទម្លាក់ចោលការចោទប្រកាន់ជាផ្លូវការ បន្ទាប់ពីតុលាការសាលាឧទ្ធរណ៍ បានបើកសវនាការ កាលពីរសៀល ថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០១៩នេះ។ នេះបើតាមការឲ្យដឹងពីលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានសំដែងការសាទរ ចំពោះសេចក្តីសម្រេចនេះ និងបានចាត់ទុកថា ជាសញ្ញាល្អ ដែលតុលាការសាលាឧទ្ធរណ៍បានអនុញ្ញាតឲ្យលោកនិងជនជាប់ចោទ៥នាក់ទៀតរួចខ្លួនពីការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញ។
គួររំលឹកជូនថា មេដឹកនាំសហជីពធំៗទាំង៦រូប ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោស កាលពីខែធ្នូ ឆ្នាំ២០១៨ ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ខែ និងបង្គាប់ឲ្យមេដឹកនាំសហជីពទាំង០៦នាក់ រួមគ្នា សងសំណងទៅជនរងគ្រោះជាមន្ត្រីនគរបាលចំនួន២នាក់ចំនួន៣០លានរៀល។ ពួកគេទាំង៦នាក់ ត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទផ្តើមគំនិតក្នុងអំពើប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ជាកំឡុងពេលដែលមានបាតុកម្មពេញទីក្រុងភ្នំពេញ របស់អតីតគណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣។
ប៉ុន្តែអ្វីដែលគួរកត់សំគាល់ ការទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំសហជីពធំៗនៅកម្ពុជានេះ បានធ្វើឡើងក្រោយពីមានការជំរុញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យតុលាការកម្ពុជាពន្លឿននីតិវិធីសាកសួរ ឬសម្រេចថា តើសំណុំរឿងណាត្រូវបើកសវនាការ ហើយសំណុំរឿងណាត្រូវទម្លាក់ចោល។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការពន្លឿននីតិវិធីដើម្បីឈានទៅបញ្ចប់សំណុំរឿងប្រឆាំងនឹងមេដឹកនាំសហជីពទាំងនេះ គឺដើម្បីធានានូវសិទ្ធិសេរីភាព និងសិទ្ធិការងាររបស់សហជីពនិងកម្មករនៅកម្ពុជា ស្របពេលដែលសហគមន៍អន្តរជាតិ និងក្រុមហ៊ុនអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជា បានទាមទារឲ្យមានការទម្លាក់ចោល ការចោទប្រកាន់លើមេដឹកនាំសហជីពធំៗទាំង៦រូបនៅកម្ពុជាផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ