សន្លប់ទៀតហើយ! កម្មការនីប្រមាណជាង ៧០នាក់ ដួលសន្លប់នៅរោងចក្រ ប៊ឺរី
ចុះផ្សាយនៅថ្ងៃ៖
កម្មការនី ចំនួន៧៣នាក់ នៅព្រឹកថ្ងៃទី៣០ សីហានេះ បានដួលសន្លប់ក្នុងរោងចក្រកាត់ដេរ ប៊ឺរី ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ករណីដួលសន្លប់របស់កម្មការនីរោងចក្រនៅពេលនេះ ត្រូវបានគេរកឃើញជាបឋមថា បណ្តាលមកពីបញ្ហាសុខភាព កង្វះអាហារូបត្ថម្ភ និង អារម្មណ៍តក់ស្លុត។
ដើមចមនៃការដួលសន្លប់របស់កម្មកររោងចក្រ ប៊ឺរី ត្រូវបាន លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយជាតិនៃរបបសន្តិសុខសង្គម បានប្រាប់វិទ្យុបារាំងថា វាបណ្តាលមកពីកម្មករ៣ទៅ៤នាក់ គេងមិនបានគ្រប់គ្រាន់ ហើយត្រូវងើបពីព្រលឹមដោយមានអាការៈធីងធោង បន្ទាប់មកទន់ដៃទន់ជើងសន្លប់ តៗគ្នាទៅរហូតដល់៧៣នាក់។ លោកបន្តថា តាមរយៈកម្មករជាមិត្តិភក្តិបញ្ជាក់ថា អ្នកដួលសន្លប់នោះ ធ្លាប់មានបញ្ហាសុខភាពពីមុនដែរ។
ស្រដៀងនឹងការលើកឡើងខាងលើនេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសម្ពន្ធសហជីពចលនាកម្មករ បានបញ្ជាក់ថា ការសន្លប់នេះអាចមានមូលហេតុ២សំខាន់គឺ បញ្ហាសុខភាពកម្មករ និងការហូបចុករបស់កម្មករ។ លោកសង្កត់ធ្ងន់ថា តាមរយៈការសង្កេតផ្ទាល់ ចំពោះបញ្ហាលើសពីនេះ ដូចជាមិនចោទនោះឡើយ ព្រោះ បរិស្ថាននិងបរិយាកាសក្នុងរោងចក្រ មានភាពល្អប្រសើរ។
ចំពោះចំណាត់ការចំពោះមុខ បេឡាជាតិរបបសន្តិសុខសង្គម បាន ផ្អាកខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រនោះសិន ត្រូវរង់ចាំដល់គណៈកម្មការទប់ស្កាត់ករណីសន្លប់ អង្កេតតាមដានទៅលើ បរិយាកាសនៅក្នុង និងក្រៅរោងចក្រ ដែលរួមមាន ពន្លឺ សំឡេង ជាតិគីមីជាមុនសិន ទើបដាក់ឲ្យដំណើរការឡើងវិញ។
គួររំឭកដែរថា កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បាន បញ្ជាទៅក្រសួងការងារ ឲ្យសហការជាមួយក្រសួងដែនដី និងក្រសួង សុខាភិបាល ឲ្យពិនិត្យនិងរៀបចំនូវគិលានដ្ឋាននៅក្នុងរោងចក្រនីមួយៗដើម្បីងាយបម្រើសេវាថែទាំសុខភាពដល់កម្មករកម្មការនីនៅក្នុងរោងចក្រនោះ។
តបទៅការរៀបចំគិលានដ្ឋាននេះ លោក ជាវ ប៊ុនរិទ្ធ បានបញ្ជាក់ថា ក្រសួងកំពុងតែពិនិត្យមើលបន្ថែមលើរោងចក្រសហគ្រាសទាំងនោះ ។លោកបន្តថា បើយោងតាមច្បាប់ស្តីពីការងារ គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានកម្មករចាប់ពី៥០នាក់ឡើងទៅត្រូវមាន គ្រូពេទ្យជាអ្នកថែទាំ រីឯចាប់ពី១០០នាក់ឡើងទៅត្រូវមាន វេជ្ជបណ្ឌិត មួយរូបនិងគ្រូពេទ្យផងដែរ។ រោងចក្រសហគ្រាសត្រូវមាន ឱសថគ្រប់គ្រាន់ និង បន្ទប់សម្រាកព្យាបាលធំទូលាយ រួមជាមួយនឹងរថយន្តដឹកកម្មករនៅពេលមានបញ្ហាធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់ របស់ ប្រធានការិយាល័យរបបសន្តិសុខសង្គម។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមដើមខែសីហានេះ ករណីដួលសន្លប់កើតមានលើរោងចក្រចំនួន១១ និងកម្មករ ចំនួនប្រមាណជាង ៦០០ នាក់ហើយបានដួលសន្លប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ