របាយការណ៍ថ្មី បង្ហាញថា នៅតែមានកម្មកររោងចក្រនៅស្រុកខ្មែររស់នៅលំបាក ទាំងបញ្ហាសុខភាព សុវត្ថិភាព និងបន្ទប់រស់នៅ
សមាគមមណ្ឌលព័ត៌មានកម្មករ នៅថ្ងៃសុក្រនេះ បានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវមួយ មានចំណងជើងថា «ធាតុពិតនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ ជារបាយការណ៍សិក្សាដំបូងបំផុត ដែលផលិតក្នុងឆ្នាំ ២០១៧ ដោយកម្មការិនី កម្មកររោងចក្រកាត់ដេរមួយក្រុម ដើម្បីបង្ហាញជា ភស្តុតាងជាក់ស្តែង នៃស្ថានភាពរស់នៅ របស់កម្មការិនី កម្មករ បីសហគមន៍ ក្នុងទីក្រុងភ្នំពេញ ជុំវិញស្ថានភាពសុខភាព សុវត្ថិភាព និងបន្ទប់រស់នៅ ដែលគ្មានជម្រើសប្រសើរជាងនេះ។
ចុះផ្សាយនៅថ្ងៃ៖
អ្នកស្រី ម៉ាក ច័ន្ទស៊ីថា អ្នកដឹកនាំក្រុមកម្មករ ផលិតរបាយការណ៍ «ធាតុពិតនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ» បានបញ្ជាក់ថា ទោះបីជាឆ្នាំ ២០១៧ ទៅហើយ ក៏នៅតែមាន កម្មករ ៣៤នាក់ ប្រើប្រាស់បង្គន់រួមតែមួយ ហើយទទួលទានចំណីអាហារគ្មានអនាម័យ ដែលជួនកាលក្នុងសម្លមានថែម ក្រចកដៃក្រចកជើងទៀតផង។ អ្នកស្រី បន្ថែមថា កម្មករ ជាច្រើនរស់នៅក្នុងប្លុកគ្មានសុវត្ថិភាព ដូចជា ប្រឈមនឹងបញ្ហាចោរលួច គាស់ផ្ទះ មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន លេងល្បែងស៊ីសង ចាក់ឆ្នោត លេងបៀ អាប៉ោង ជល់មាន់ ជាដើម។ ចំណែកតម្លៃបន្ទប់ជួល នឹងកើនឡើងជារៀងរាល់ឆ្នាំ ចាប់ពី ២ដុល្លារ ទៅដល់ ១០ដុល្លារ ខណៈតម្លៃក្នុងមួយបន្ទប់ទំហំ ២ គុណនឹង បីម៉ែត្រ គឺចន្លោះ ២០ ទៅ ៣៥ដុល្លារ។
របាយការណ៍ «ធាតុពិតនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ» ជារបាយការណ៍ដំបូងបំផុត ដែលចងក្រងឡើងដោយ ក្រុមកម្មករ កម្មការិនី ៣៨នាក់ តាមរយៈការធ្វើបទសម្ភាសន៍ និងពិភាក្សាជាមួយនឹង កម្មករ កម្មការិនី រោងចក្រកាត់ដេរ ១៦៥នាក់ ជុំវិញស្ថានភាពសុខភាព និងអនាម័យ សន្តិសុខ និងសុវត្ថិភាព និងស្ថានភាពបន្ទប់រស់នៅ របស់ពួកគេ ដែលកំពុងធ្វើការ និងរស់នៅក្នុងតំបន់ ចាក់អង្រែក្រោម ពោធិ៍សែនជ័យ និងទឹកថ្លា។ ចំណែកស្ថានភាពអគារបន្ទប់ជួលដែលត្រូវបាន ជ្រើសរើសមកសិក្សា គឺជាអគារដែលមានបន្ទប់ជួលចន្លោះពី ៥០ ទៅ ៣០០បន្ទប់ និងមានកម្មករស្នាក់នៅ តិចបំផុត ២នាក់ក្នុងមួយបន្ទប់។
កញ្ញា រស់ សុគន្ធី ក្រុមប្រឹក្សាភិបាល នៃ សមាគមមណ្ឌលព័ត៌មានកម្មករ ដែលគាំទ្រការសិក្សា និងបោះពុម្ពផ្សាយ បានថ្លែងថា បើទោះបីជា របាយការណ៍នេះ មិនអាចតំណាង ឲ្យស្ថានភាពរស់នៅរបស់កម្មករទូទាំងប្រទេស តែរបាយការណ៍ស្រាវជ្រាវនេះ គឺជាភស្តុតាងជាក់លាក់ មួយ ដែលចងក្រងរឿងរ៉ាវរបស់កម្មករ និងបង្ហាញពីស្ថានភាពរស់នៅពិតប្រាកដរបស់កម្មករ រស់នៅក្នុងបីសហគមន៍ នៅទីក្រុងភ្នំពេញ។
កញ្ញា រស់ សុគន្ធី បន្ថែមថា កម្មករ កម្មការិនី ដែលជាឆ្អឺងខ្នងនៃសេដ្ឋកិច្ចជាតិ តែបែរជា ត្រូវបានគេបំភ្លេចចោល បើទោះបីជា ពួកគេ ប្រកបរបរសុច្ចរឹតត្រឹមត្រូវ នាំចំណូលដល់សេដ្ឋកិច្ចជាតិ និងជួយដាស់ចរន្តពាណិជ្ជកម្មក្នុងសហគមន៍ដែលពួកគេរស់នៅ។ របាយការណ៍នេះ នឹងអាចជួយ កែប្រែទម្លាប់លាក់លៀម សម្ងំពួនយំម្នាក់ឯង របស់កម្មការិនី នៅពេល ជួបប្រទះបញ្ហាសុខភាព សុវត្ថិភាព និងបន្ទប់រស់នៅ ហើយក៏ជា ភស្តុតាងជាតួលេខជាក់លាក់មួយ ដើម្បីបង្ហាញដល់អាជ្ញាធរ សំដៅចង់ឲ្យមានការកែប្រែស្ថានភាពរស់នៅ របស់កម្មករឲ្យកាន់តែប្រសើរនៅថ្ងៃអនាគត។
គួរជម្រាបថា បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមឆ្នាំ ២០១៦ រោងចក្រវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដែលបានចុះបញ្ជីត្រឹមត្រូវ ទៅតាមច្បាប់នៅកម្ពុជា មានចំនួនសរុប ១,១០៧ គ្រឹះស្ថាន និងមានកម្មករនិយោជិតជាង ៧៤ម៉ឺននាក់ ក្នុងនោះមានស្រ្តីជាង ៦៤ម៉ឺននាក់។ តម្លៃសរុបនៃការនាំចេញផលិតផលផ្នែក កាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង ក្នុងឆ្នាំ២០១៦ មានចំនួនប្រមាណជាង ៧,៣ពាន់លាន ដុល្លារអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ