កម្ពុជា

ក្រសួង​កោះ​ប្រជុំ​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ ដើម្បី​កុំ​ឱ្យ​ឡើង​ថ្លៃ​ក្នុងពេលបុណ្យ​ភ្ជុំបិណ្ឌ

តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​
តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ RFI/ Siv Channa

ពិធី​បុណ្យ​ភ្ជុំបិណ្យ​នឹង​ប្រារព្ឋ​នៅ​ថ្ងៃ​ទី​ ៣០ កញ្ញា និង​ថ្ងៃ​ទី​១ ទី​២ តុលា​ខាង​មុខ។ ទន្ទឹម​នឹង​នេះ ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​គ្រោង​នឹង​កោះ​ប្រជុំ​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដើម្បី​កុំ​ឱ្យ​មាន​ការ​តម្លើង​ថ្លៃ។

ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​ដើម្បី​កំណត់​ថ្លៃ​ធ្វើ​ដំណើរ​សមរម្យ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២២ កញ្ញា សប្តាហ៍​ក្រោយ។ ខណៈ​ដែល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខិត​ជិត​ចូល​មក​ដល់។ អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណៈការ លោក ចន្ទ តារា បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ប្រមាណ​ ៥០​ក្រុម​ផ្សេង​ៗ​គ្នា នៅ​ទូទាំង​ប្រទេស​នឹង​ចូលរួម​ប្រជុំ​ ដើម្បី​កំណត់​ថ្លៃ​ធ្វើ​ដំណើរ ខណៈ​ដែល​ជា​រៀងរាល់​ឆ្នាំ​តម្លៃ​ធ្វើ​ដំណើរ​របស់​ក្រុមហ៊ុន​នីមួយៗ បាន​កើន​ឡើង​យ៉ាង​ខ្ពស់។ លោក អគ្គនាយក បាន​អះអាង​ថា​ការ​កំណត់​តម្លៃ​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​តែ​តម្លៃ​សាំង​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បាន​ប្រកាស​បញ្ចុះ​តម្លៃ​ផង​ដែរ។

យ៉ាងណា​ក៏​ដោយ លោក​អគ្គនាយក​រូប​នេះ បាន​អះអាង​ថា​បញ្ហា​ប្រឈម​នេះ គឺ​ស្ថិត​នៅ​លើ​ក្រុម​ប្រកប​របរ​រថតាក់ស៊ី​តូច​តាច​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ការ​តម្លើង​តម្លៃ ហើយ​ក្រសួង​ក៏​មិន​អាច​មាន​លទ្ធភាព​គ្រប់​គ្រង​បាន​ដែរ ប៉ុន្តែ​អ្នក​រថតាក់ស៊ី​ទាំង​អស់​ក៏​គួរ​បញ្ចុះ​តម្លៃ​ដែរ ព្រោះ​ស្ថានីយ៍​ប្រេងសាំង​មួយ​ចំនួន​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​បាន​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ហើយ។ ទន្ទឹម​នឹង​នេះ ក្រុម​សហជីព​នៅ​កម្ពុជា មាន​ជា​អាទិ៍​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីប​ចលនា​កម្មករ​ បាន​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​សាធារណៈការ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​នោះ គឺ​ក្រុម​អ្នក​រត់​តាក់​ស៊ី​ ដែល​មិន​មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់​នោះ។ ប៉ុន្តែ​លោក​ក៏​មិន​អាច​អំពាវនាវ​ឱ្យ​កម្មករ និង​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ ឱ្យ​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​ក្រុង​បាន​នោះ​ឡើយ ព្រោះ​សេវាកម្ម​របស់​រថយន្ត​ក្រុង គឺ​មិន​ទាន់​សំបូរ​បែប​នោះ​ឡើយ។  

សូម​បញ្ជាក់​ថា តម្លៃ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ពិធី​បុណ្យ​ធំ​ៗ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ដើម​តែងតែ​តម្លើង​តម្លៃ​ខ្ពស់​ ដែល​ពលរដ្ឋ​ទូទៅ​ត្អូញ​ត្អែរ។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ចំណាត់​ការ​របស់​រដ្ឋាភិបាល​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ចំពោះ​ការ​កំណត់​តម្លៃ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ សូម​កត់​សម្គាល់​ថា គិត​រហូត​មក​ដល់​ពេល​នេះ មាន​ក្រុម​ហ៊ុន ប្រេង​ឥន្ធនៈ​តេលា បាន​ប្រកាស​បញ្ចុះ​តម្លៃ​ ៥០០រៀល​ក្នុង​ការ​ចាក់​សាំង​មួយ​លីត្រ។ ទន្ទឹម​នឹង​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​​នោះ ​សហជីព​បាន​អំពាវនាវ​ឱ្យក្រសួង​សាធារណៈការ​ធ្វើ​ការ​ជាមួយ​ក្រុម​អ្នក​រត់តាក់​ស៊ីទាំ​ងអស់​មិន​គួរ​តម្លើង​ថ្លៃ​ការ​ធ្វើ​ដំណើរ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI