រដ្ឋាភិបាលកំពុងព្យាយាមកំណត់យករូបមន្តមួយដើម្បីកំណត់តម្លៃប្រេងនៅកម្ពុជា
នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ជាមួយនឹងក្រុមហ៊ុនប្រេងឥន្ទៈនៅកម្ពុជា នៅព្រឹកថ្ងៃទី ១ តុលានេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស៊ុន ចាន់ថុល បានលើកឡើងថា រដ្ឋាភិបាលកំពុងតែពិភាក្សាជាមួយនឹងក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជា ដើម្បីកំណត់យករូបមន្តមួយ ដែលអាចកំណត់តម្លៃប្រេងនៅកម្ពុជាបាន ខណៈដែលបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ានមានរូបមន្តកំណត់តម្លៃប្រេងនេះរួចរាល់ហើយ។
ចុះផ្សាយនៅថ្ងៃ៖
ខណៈដែលបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ានមានរូបមន្តកំណត់តម្លៃប្រេងនៅក្នុងប្រទេសរៀងខ្លួនៗ កម្ពុជាក៏កំពុងតែព្យាយាមបង្កើតរូបមន្តនេះឲ្យបានដែរ។ ការព្យាយាមនេះត្រូវបានធ្វើឡើង នៅពេលដែលតម្លៃប្រេងនៅកម្ពុជានៅតែបន្តមានតម្លៃថ្លៃជាងបណ្តាប្រទេសជិតខាង និងក្នុងតំបន់ បើទោះបីជាតម្លៃប្រេងនៅក្នុងពិភពលោកបន្តធ្លាក់ថ្លៃជាលំដាប់ក៏ដោយ។
នៅក្នុងឱកាសនៃកិច្ចប្រជុំរវាងអន្តរក្រសួង និងក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជា នៅឯទីស្តីការក្រសួងពាណិជ្ជកម្ម មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ឲ្យដឹងថា នៅប្រទេសថៃ រដ្ឋាភិបាលមានរូបមន្តកំណត់តម្លៃប្រេងមួយច្បាស់លាស់ ហើយអន្តរក្រសួង គឺជាអ្នកចេញតម្លៃប្រេងជារៀងរាល់ថ្ងៃ ដើម្បីឲ្យក្រុមហ៊ុនជាអ្នកអនុវត្តតាម។ រីឯនៅក្នុងប្រទេសវៀតណាមវិញ គឺអន្តរក្រសួងកំណត់តម្លៃប្រេងរៀងរាល់ ១៥ថ្ងៃម្តង ហើយប្រសិនបើក្រុមហ៊ុន ឬក៏អាជីវករលក់រាយណាមិនគោរពតាមនោះ នឹងត្រូវផាកពិន័យជាប្រាក់ ចំនួន ២០លានដុង។ សម្រាប់នៅក្នុងប្រទេសម៉ាឡេស៊ីវិញ គឺប្រេងមានតម្លៃត្រឹមតែ ៥៩សេន ឬជិត ២៤០០រៀលតែប៉ុណ្តោះ ខណៈដែលតម្លៃប្រេងនៅកម្ពុជាមានតម្លៃជិត១ដុល្លារ ឬ ៤០០០ពាន់រៀល ក្នុងមួយលីត្រ។
អន្តរក្រសួង នឹងបន្តប្រជុំជាមួយនឹងបណ្តាក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជាជាបន្តទៀត ដើម្បីកំណត់យករូបមន្តមួយ ដែលគ្រប់ភាគីទាំងសងខាងឯកភាពទទួលយក។ សូមរំលឹកជូនថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏ធ្លាប់បានអំពាវនាវឲ្យក្រុមហ៊ុនប្រេងនៅកម្ពុជាទាំងអស់បញ្ចុះថ្លៃផងដែរ ខណៈដែលប្រេងនៅលើទីផ្សារពិភពលោកបន្តធ្លាក់ថ្លៃដែរនោះ។
គួរជម្រាមជូនថា ក្នុងរយៈពេល ៦ខែនាឆ្នាំ ២០១៥នេះ កម្ពុជាបានចំណាយប្រាក់ចំនួន ៥៤៦លានដុល្លារ ដើម្បីទិញប្រេង ពីបណ្តាប្រទេសខុសៗគ្នា។ តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០១៥ កម្ពុជា បាននាំចូលប្រេងប្រមាណជាង ៩២ម៉ឺនតោន ពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចែកចាយប្រេងសាំង ចំនួន៨ នៅទូទាំងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ