អគ្គនាយកដ្ឋានពន្ធដារ៖ ប្រព័ន្ធអនឡាញ E-VAT Refund បង្កើនប្រសិទ្ធិភាពនៃការប្រមូលពន្ធដារ
កិច្ចប្រជុំសរុបលទ្ធផលចំណូលពន្ធនៃឆមាសទី១ ឆ្នាំ២០១៩ កាលពីពេលថ្មីៗនេះ បានបង្ហាញថា កម្ពុជាទទួលបានកំណើនចំណូលពន្ធអាករ កើនឡើងបានជាង៣០០លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អគ្គនាយកដ្ឋានពន្ធដារ ឲ្យដឹងថា នេះដោយសារតែប្រសិទ្ធិភាពនៃការគ្រប់គ្រងការប្រមូលអាករ តាមរយៈប្រព័ន្ធអនឡាញ E-VAT Refund។
ចុះផ្សាយនៅថ្ងៃ៖
ចំណូលពន្ធអាករ ដែលប្រមូលបានមករយៈពេល៦ខែឆ្នាំ២០១៩នេះ ត្រូវគេសង្កេតឃើញថាមានការកើនឡើង ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ការកើនឡើងនេះ ត្រូវបាន លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ថា កើតចេញពីប្រសិទ្ធិភាពនៃការគ្រប់គ្រងការប្រមូលពន្ធអាករ តាមប្រព័ន្ធអនឡាញ ដែលមានឈ្មោះថា E-VAT Refund។
តាមរបាយការណ៍ពន្ធដារ ក្នុងឆមាសទី១នៃឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ ចូលថវិកាជាតិបានប្រមាណជា ជាង១,៥ពាន់លានដុល្លារ គឺស្មើនឹង ៦៦,៧១% នៃផែនការប្រចាំឆ្នាំ។ ដោយឡែក កាលពីខែមិថុនាឆ្នាំ២០១៩នេះវិញ ចំណូលពន្ធអាករប្រមូលបានចំនួន ១៩៧លានដុល្លារ គឺកើនឡើង ៥៧,១៨លានដុល្លារ បើធៀបទៅនឹងខែមិថុនា ឆ្នាំមុន។
តាមលោក គង់ វិបុល ប្រព័ន្ធ E-VAT Refund បានធ្វើឲ្យមាននូវការដាក់ឲ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម។ ប្រព័ន្ធដដែលនេះ បានបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងប្រមូលអាករលើតម្លៃ និងជួយទប់ស្កាត់ការគេចវេះ កេងបន្លំប្រាក់ពន្ធជាដើម។
លោកក៏បានឲ្យដឹងទៀតថា តាមរយៈប្រព័ន្ធមួយនេះ វាលេចចេញជាលទ្ធផលមក ដោយនៅក្នុងរយៈពេលប្រាំមួយខែនៃឆ្នាំ២០១៩ ចំណូលអាករលើតម្លៃបន្ថែមកើនឡើងបាន ៣៦,៦២% ធៀបនឹងកាលពីឆ្នាំ២០១៨។
សូមបញ្ជាក់ថា ផ្អែកតាមរយៈទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ៥ឆ្នាំចុងក្រោយ ដោយគិតចាប់ពីឆ្នាំ២០១៤ រហូតដល់ ឆ្នាំ២០១៩នេះ ចំណូលពន្ធអាករ គឺសម្រេចបានកំណើនក្នុងរង្វង់ប្រមាណជា២០% នេះក៏ព្រោះតែត្រូវបានគេមើលឃើញថា វាមានការកើនឡើងបន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញនូវនយោបាយកំណែទម្រង់ស៊ីជម្រៅក្រោយការបោះឆ្នោតឆ្នាំ២០១៣៕
អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ