កម្ពុជា-ច្បាប់

​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​ច្រាន​ចោល​ព័ត៌មាន​ទំលាក់​សក្តិ​ពី​នាយ​ទាហាន​

នាយឧត្តមសេនីយ៍ នាង ផាត
នាយឧត្តមសេនីយ៍ នាង ផាត @FB

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ បាន​បដិសេធ​ចំពោះ​ពាក្យ​ចចាម​អារាម ចំពោះ​ព័ត៌មាន ដែល​ថា​ក្រសួង​គ្រោង​ទំលាក់​សក្តិ​ពី​នាយ​ទាហាន​។ ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារជាតិ​ដូច្នេះ ធ្វើ​ឡើង​ខណៈ​ដែល​មាន​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មេសា និង​ទិស​ដៅ​ការងារ​ខែ​ឧសភា​ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃ​ទី០២​ខែឧសភា​នេះ​។ 

ផ្សាយពាណិជ្ជកម្ម

នាយ​ឧត្តម​សេនីយ៍ នាង ផាត រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់ និង​បដិ​សេធ ចំពោះ​ពាក្យ​ចចាម​អារាម ដែល​ថា​ក្រសួង​ការពារ​ជាតិ មាន​គម្រោង​ទម្លាក់​សក្តិ​នាយ​ទាហាន ដែល​ព័ត៌មាន​នេះ​មិន​មែន​ជា​ការ​ពិត​ទេ​។ នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​។

នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ខែ លោក​នាង ផាត បាន​ស្នើ​សុំ​ឱ្យ​នាយ​ទាហាន​ទាំង​អស់ កុំ​មាន​ការ​ភ្ញាក់​ផ្អើល តាម​ការ​បក​ស្រាយ​ខុស​គោល​បំណង​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ផែន​ការ​កែ​ទម្រង់​កង​យោពល​ខេម​ភូមិន្ទ រយៈ​ពេល​៥ឆ្នាំ ២០១៥-២០១៩​។

ការ​កែ​ទម្រង់​ឋាន​ន្តសក្តិ ក្នុង​កង​យោធពល​ខេម​ភូមិន្ទ មាន​ផែន​ការណ៍​យុទ្ធ​សាស្រ្ត​យូរ​អង្វែង ជា​ជំហានៗ ដើម្បី​កសាង​កង​ទ័ព​មួយ​មាន​គុណ​ភាព និង ប្រសិទ្ធ​ភាព​ដឹក​នាំ បញ្ជា​ឱ្យ​សម​ស្រប​តាម​ការ​វិវឌ្ឍន៍ នៃ​សភាព​ការណ៍​ជាតិ និង​អន្តជាតិ មិន​មែន​កាត់ ឬ​ទម្លាក់​សក្តិ ដូច​ការ​បក​ស្រាយ​ភាន់​ច្រឡំ​នោះ​ទេ​។ នេះ​បើ​តាម​នាយ​ឧត្តម​សេនីយ៍ នាង ផាត​។

សូម​រំលឹក​ថា កាល​ពី​សប្តាហ៍​មុន ដំណឹង​នៃ​ការ​កាត់​បន្ថយ​សក្តិ​ពី​កង​កម្លាំង រួម​មាន​យោធា និង​ប៉ូលីស ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​នានា លើក​ឡើង​ព្រោង​ព្រាធ​។ នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ទាំង​នោះ ការ​ដក​ស្រង់​ប្រសាសន៍​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ស្តី​ពី​ការ​រក្សា​ទុក​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​៤ តែ២រូប រួម​មាន​រដ្ឋ​មន្ត្រី ក្រសួង​ការពារ​ជាតិ និង​អគ្គ​បញ្ជា​ការ​កង​ទ័ព បាន​ទាក់​ទាញ​យ៉ាង​ខ្លាំង​ជា​សាធារណៈ​។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​មួយ​ឯ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២ដែរ​ថា គោលការណ៍​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រាជ​រដ្ឋា​ភិបាល​ចំពោះ​វិស័យ​កង​ទ័ព មិន​មែន​ពេល​នេះ​ទេ គឺ​មាន​ជំហាន​ច្បាស់​លាស់ នាយ​ទាហាន ដែល​ឡើង​ខ្ពស់​ហើយ មិន​អាច​កាត់​ទម្លាក់​មក​វិញ​បាន​ទេ​។ លោក​ថា ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​ចំពោះ​នាយ​ទាហាន ដែល​មាន​ការ​តស៊ូ​ជំនាន់​មុន​មិន​ខុស​ទេ ព្រោះ​ការ​ធ្វើ​កំណែ​ទម្រង់​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​នាយ​ទាហាន ដែល​បាន​តស៊ូ​ពី​ជំនាន់​មុន ហើយ​កំណែ​ទម្រង់​របស់​រដ្ឋា​ភិបាល គឺ​មាន​ជា​ជំហានៗ​នៅ​ពេល​ក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI