កម្ពុជាត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី
ចុះផ្សាយនៅថ្ងៃ៖
ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនទទួលឆ្នាំថ្មី ដែលនឹងចូលមកដល់នៅថ្ងៃស្អែក។ ថ្ងៃនេះ នៅរាជធានីភ្នំពេញ គេសង្កេតឃើញថា ចាប់ផ្ដើមមានសភាពស្ងប់ស្ងាត់ ខណៈប្រជាពលរដ្ឋសម្រុកចេញទៅកាន់ស្រុកកំណើតនិងទិសដៅទេសចរនានា ក្នុងឱកាសឆ្នាំថ្មី។ អាជីវករមួយចំនួនគ្រោងបិទតូបផ្អាកអាជីវកម្មនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈបណ្ដាក្រុមហ៊ុននានានឹងឈប់សម្រាកចាប់ពីថ្ងៃស្អែក រហូតដល់ថ្ងៃអង្គារទើបបើកដំណើរការវិញ។
ត្បិតតែមិនទាន់ដល់ថ្ងៃចូលឆ្នាំថ្មី ប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសហាក់ត្រៀមខ្លួនសឹងតែរួចរាល់អស់ហើយសម្រាប់ពិធីបុណ្យដ៏សំខាន់នេះ។ រណ្ដាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី ពលរដ្ឋខ្លះបានរៀបចំទិញទុកដាក់រួចស្រេចតាំងពីពីរបីថ្ងៃមុន ខណៈនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៣មេសានេះ អាជីវករមួយចំនួន ពិសេសនៅផ្សារធំៗក្នុងទីក្រុងភ្នំពេញតែម្ដង គ្រោងបិទតូបសម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំ។
ដោយឡែក សម្រាប់បណ្ដាក្រុមហ៊ុន ការឈប់សម្រាកនឹងចាប់ផ្ដើមនៅថ្ងៃទី១៤មេសា។ ទោះយ៉ាងនេះក៏ដោយ រហូតមកទល់ថ្ងៃទី១៣មេសានេះ គេសង្កេតឃើញថា ក្រុមហ៊ុនអាជីវកម្មមួយចំនួនបានបិទទ្វារសម្រាករួចស្រេចហើយ ដោយគ្រោងបើកដំណើរការវិញនៅថ្ងៃអង្គារទី១៨មេសា។
បរិយាកាសទូទៅនៅក្នុងទីក្រុងភ្នំពេញហាក់ស្ងប់ស្ងាត់ជាងរាល់ថ្ងៃ ប៉ុន្តែបើគេធ្វើដំណើរកាត់តាមចំណតឡានក្រុងនិងឡានតាក់ស៊ីនានាវិញ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកំពុងតែសម្រុកចេញទៅកាន់ស្រុកកំណើតនិងទិសដៅទេសចរណ៍នានា។ ជួបជាមួយវិទ្យុបារាំងអន្ដរជាតិ លោក វិសាល ដែលកំពុងរង់ចាំឡានតាក់ស៊ីទៅកាន់ស្រុកកំណើតនៅខេត្តកំពង់ធំ បានអះអាងពីអារម្មណ៍រំភើបរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បើទោះបីជារសៀលថ្ងៃព្រហស្បតិ៍នេះ ដំណើរទៅកាន់ស្រុកកំណើតរបស់លោកត្រូវរំខានដោយភ្លៀងមួយមេធំ និងការតម្លើងថ្លៃនៃឡានតាក់ស៊ីក៏ដោយ។
សូមជម្រាបជូនថា មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកានេះ ត្រូវចូលមកដល់នៅថ្ងៃសុក្រ ទី១៤មេសា តវេលាម៉ោង៣និង១២នាទីទាបភ្លឺ។ ឆ្នាំនេះ ជាវេនរបស់បុត្រីទី៦នៃកបិលមហាព្រហ្ម គឺព្រះនាងកិមិរាទេវី ដែលត្រូវចូលមកថែរក្សាប្រជារាស្ត្រ។ សៀវភៅមហាសង្ក្រាន្ត បានកត់ត្រាថា ទេវតាឆ្នាំថ្មី ព្រះនាងកិមិរាទេវី ទ្រង់សៀតផ្កាចង្កុលណី គង់ផ្ទំបិទព្រះនេត្រលើខ្នងមហឹង្សា ក្របី ព្រះហស្តឆ្វេងទ្រង់ពិណ ព្រះហស្តស្ដាំទ្រង់ព្រះខ័ន និងមានចេកណាំវ៉ាជាភក្សាហារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ