តំបន់ទេសចរណ៍សំខាន់ៗបីរបស់កម្ពុជាក្លាយជាគោលដៅជួបជុំគ្នាទទួលឆ្នាំថ្មីនៅយប់នេះ
ចុះផ្សាយនៅថ្ងៃ៖
នៅយប់រំលងអធ្រាតថ្ងៃទី៣១ធ្នូ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋនៅជុំវិញពិភពលោក និងប្រជាពលរដ្ឋកម្ពុជាផងនឹងជួបជុំគ្នា ដើម្បីធ្វើពិធីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។ សម្រាប់កម្ពុជា តំបន់ទេសចរណ៍សំខាន់ៗបី គឺរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ គឺជាគោលដៅដ៏ចម្បងនៃការជួបជុំគ្នារបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនៅរាត្រីនេះ។
ដូចជារៀងរាល់ឆ្នាំដែរ នៅរាជធានីភ្នំពេញនៅរាត្រីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនេះ គឺមានការប្រគុំតន្រ្តីមួយចំនួនដែលរៀបចំឡើងដោយវិស័យឯកជនសហការជាមួយអាជ្ញាធរក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ហើយលោកក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា នៅរាត្រីនេះ ក៏នឹងមានការរៀបចំឱ្យមានការបាញ់កាំជ្រួចនៅទីតាំងសំខាន់ៗមួយចំនួនដែរ ដើម្បីអបអរសាទរឆ្នាំថ្មី។ បើតាមអ្នកនាំពាក្យរូបនេះ នៅមុខសណ្ឋាគារ និង កាស៊ីណូណាហ្គាវើលក៏នឹងមានការរៀបចំជួបជុំគ្នា ដើម្បីរាប់ថយក្រោយ(Count Down)ផងដែរ។ សម្រាប់ផ្នែកសន្តិសុខវិញ លោកម៉េត មាសភក្តី បានគូសបញ្ជាក់ថា អាជ្ញាធរនឹងបង្កើនការប្រុងប្រយ័ត្នខ្លាំងជាងមុននៅរាត្រីនេះ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
ចំណែក នៅខេត្តសៀមរាបនៃទឹកអង្គរឯណោះវិញ ក៏មិនខុសគ្នានឹងរាជធានីភ្នំពេញដែរ គឺមានការរៀបចំ និងតុបតែងភ្លើងលម្អជាច្រើនកន្លែង ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីនៅរាត្រីនេះ។ លោកលី សំរិទ្ធ អភិបាលរងខេត្តសៀមរាបបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា នៅយប់នេះ សាលាខេត្តបានរៀបចំឆាកប្រគុំតន្រ្តីធំមួយនៅតំបន់ព្រះរាជដំណាក់ ដើម្បីផ្តល់ការកម្សាន្តសប្បាយ និង រាប់ថយក្រោយជុំគ្នាទទួលឆ្នាំថ្មី។ រីឯ ផ្នែកសន្តិសុខវិញ ក៏ត្រូវបានពង្រឹងខ្លាំងជាងថ្ងៃធម្មតាផងដែរ។ សម្រាប់ចុងឆ្នាំនេះ លោកលី សំរិទ្ធ សង្កេតឃើញថា នៅខេត្តសៀមរាបមានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានទៅជួបជុំឆ្លងឆ្នាំជុំគ្នាច្រើនជាងឆ្នាំមុនៗ។
ដោយឡែក សម្រាប់ខេត្តព្រះសីហនុជាប់មាត់សមុទ្រវិញ ក៏ជាគោលដៅសម្រាប់ទៅលេងកម្សាន្ត និង ជួបជុំរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិដែរ។ អភិបាលក្រុងព្រះសីហនុ លោកអ៊ី សុខឡេង បានលើកឡើងថា នៅរាត្រីនេះ គោលដៅសំខាន់នៃការជួបជុំរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ គឺនៅតាមបណ្តាញឆ្នេរសមុទ្រ ដ្បិតនៅក្នុងក្រុងមិនមានរៀបចំកម្មវិធីអ្វីមួយពិសេសឡើយ។ និយាយពីបញ្ហាសន្តិសុខវិញ ខេត្តព្រះសីហនុ ក៏មិនខុសគ្នាពីរាជធានីភ្នំពេញ និង សៀមរាបនោះដែរ។ សាលាខេត្តព្រះសីហនុ បានអះអាងឱ្យដឹងថា នៅរាត្រីនេះ អាជ្ញាធរខេត្តនឹងពង្រឹងសន្តិសុខ សណ្តាប់ ដើម្បីការងារសន្តិសុខ និង សុវត្ថិភាពជូនភ្ញៀបទេសចរជាតិ និង អន្តរជាតិដែលទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ