រដ្ឋាភិបាល ប្តេជ្ញារកការងារថ្មីឲ្យកម្មករដែលបាត់បង់ការងារព្រោះថៅកែរត់ចោល
ចុះផ្សាយនៅថ្ងៃ៖
ក្រោយពីមានការលើកឡើងពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីម្សិលមិញ នៅថ្ងៃទី ១មីនានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ផ្តល់គោលការណ៍ដោះស្រាយទាន់ពេលវេលា ដល់ក្រុមកម្មករ និយោជិត ចំនួន ៩រោងចក្រ ដែលត្រូវបានថៅកែបិទរោងចក្ររត់ចោល កាលពីពេលថ្មីៗនេះ។ ដំណោះស្រាយដែលមាន ៦ចំនុចនោះ ក៏មានការសន្យាផងដែរ ថានឹងរកការងារថ្មីជូនដល់កម្មករ និយោជិត ដែលបានបាត់បង់ការងារ។ ការទទួលបានការងារ ដែលជាកត្តាសំខាន់ សម្រាប់ចំនូលដើម្បីផ្គត់ផ្គង់គ្រួសារ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នាថ្ងៃទី ១មីនា បានបញ្ជាក់ថា ចាប់ពីពេលនេះ រាជរដ្ឋាភិបាល នឹងផ្តល់គោលការណ៍ ៦ចំនុច ដោះស្រាយករណីរោងចក្របិទទ្វារដោយម្ចាស់រត់ចោល។ គោលការណ៍ទី ១ គឺក្រសួងការងារ នឹងចាត់វិធានការដោះស្រាយដោយធ្វើការបើកផ្តល់ប្រាក់ឈ្មួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករ និយោជិត ឲ្យបានទាន់ពេល ស្របតាមច្បាប់។
បន្ទាប់មក ក្រសួងការងារ ដែលមានតួនាទីជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាផងនោះ នឹងចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រ ដើម្បីលក់ឡៃឡុងយកប្រាក់មកបើកដល់កម្មករ និយោជិត ឬ ទូទាត់សងថវិកាជាតិវិញ តាមនីតិវិធីចំនួន២។ នីតិវិធីទី១ គឺពេលដែលក្រុមហ៊ុនដួលរលំ ហើយម្ចាស់ ឬ តំណាងក្រុមហ៊ុន នៅមានវត្តមាន គឺត្រូវតែមានការសម្របសម្រួលគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងកម្មករនិយោជិតផ្ទាល់។ ហើយទី២ ប្រសិនបើក្រុមហ៊ុន ឬរោងចក្រ ដួលរលំ ហើយម្ចាស់អវត្តមាន គ្មានប្រាក់ដោះស្រាយ នោះក្រសួងនឹងអនុវត្តតាមនីតិវិធីតុលាការ។
ក្រោយពីបើកប្រាក់ខែដល់កម្មករ ហើយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងចុះឈ្មោះរកការងារថ្មី ដល់កម្មករនិយោជិត ដែលបាត់បង់ការងារ។ ក្រសួងការងារ ក៏នឹងរៀបចំបទប្បញ្ញត្តិកំណត់កាតព្វកិច្ចឲ្យក្រុមហ៊ុនត្រូវមានធានារ៉ាប់រងហានិភ័យប្រាក់ឈ្មួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករនិយោជិត រួចបញ្ជូលទៅក្នុងបញ្ជីត្រួតពិនិត្យរបស់អធិការកិច្ចការងារ និងចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់។ ជាមួយគ្នានេះ ក្រសួងការងារ នឹងរៀបចំប្បញ្ញត្តិស្តីពីការទូទាត់ប្រាក់អតីតភាពប្រចាំឆ្នាំ ដើម្បីបន្ថយទំហំទឹកប្រាក់សរុបនៃការទូទាត់សរុបលើប្រាក់អត្ថប្រយោជន៍ ក្នុងករណីរោងចក្របិទទ្វារជាយថាហេតុ។
គួរជម្រាបជូនថា កាលពីពេលថ្មីៗនេះ មានរោងចក្រចំនួន ៩ ដែលក្នុងនោះមាននៅខេត្តកណ្តាល ១ ខេត្តកំពង់ស្ពឺ ៣ និងនៅរាជធានីភ្នំពេញចំនួន ៥ បានបិទទ្វារព្រោះម្ចាស់បានរត់ចោល ដែលបង្កឲ្យក្រុមកម្មករ និយោជិត ធ្វើកូដកម្ម បាតុកម្មជាច្រើនថ្ងៃ។ ក្រោយមកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសបញ្ចេញប្រាក់បុរេប្រទានប្រមាណជិត ៤លាន៦សែនដុល្លារ ដើម្បីដោះស្រាយបើកប្រាក់ខែដល់កម្មករ និយោជិតជាង ៤១០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ