រដ្ឋាភិបាល​ទំនង​ជា​យក​ចិត្ត​ទុក​ដាក់​ពេញ​លេញ ខណៈ​ឧស្សាហកម្ម​កាត់​ដេរ​មាន​កម្មករ​ជិត​១​លាន​នាក់

សំឡេង ០៤:៤០
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister

មិន​ដល់​មួយ​សប្តាហ៍​ផង កម្មករ កម្មការិនី​ខ្មែរ​ទទួល​បាន​កាដូ​យ៉ាង​សំបើម​ពី​ប្រមុខ​រដ្ឋាភិបាល។ ការ​ទទួល​បាន​កាដូ​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ ការ​ផ្តើម​យក​ចិត្ត​ទុក​ដាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​លើ​កម្មករ និយោជិក​នៃ​វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង។ ការ​ទទួល​បាន​ដែល​មិន​ធ្លាប់​មាន​នេះ បាន​រាល​ដាល​ដល់​កម្មករ និយោជិក ដែល​បំរើ​ការងារ​នៅ​វិស័យ​ផ្សេង​ទៀត ក្រៅ​ពី​កាត់​ដេរ​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

ជា​រៀង​រាល់​ឆ្នាំ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែង​មាន​កម្មវិធី​ជួប​រួម​គ្នា​ជាមួយ​នឹង​សហជីព កម្មករ តែ​មួយ​លើក​ប៉ុណ្ណោះ ដែល​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ។ ផ្ទុយ​ពី​ពេល​កន្លង​ទៅ ឆ្នាំ​នេះ លោក​នាយក​រដ្ឋមន្ត្រី កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​កម្មវិធី​ជួប​ជាមួយ​កម្មករ និយោជិក ដល់​ទៅ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ និង​ជួប​សំណេះ​សំណាល​ផ្ទាល់​ដល់​រោង​ចក្រ​តែ​ម្តង។

តាម​រយៈ​កម្មវិធី​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់ អំណាច ជាមួយ​នឹង កម្មករ និយោជិក ជា​ពិសេស​លើ​វិស័យ​កាត់ដេរ ដែល​មាន​កម្មករ​ជាង ៧​សែន​នាក់​នោះ ត្រូវ​បាន​អ្នក​តាម​ដាន​សង្គម​និង​នយោបាយ​មួយ​ចំនួន​មើល​ឃើញ​ថា ជា​យុទ្ធសាស្រ្ត​ថ្មី​របស់​ប្រមុខ​ដឹក​នាំ​គណបក្ស​កាន់​អំណាច ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ខាង​នយោបាយ ខណៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កន្លង​មក​របស់​បក្ស​កាន់​អំណាច មិន​សូវ​ជា​ល្អ​ទាល់​តែ​សោះ។

បើ​មើល​មួយ​ភ្លែត សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​មើល​ទៅ​ហាក់​ស្រប​ទៅ​នឹង​អ្វី​ដែល​មាន​ការ​លើក​ឡើង​ខាង​លើ ក៏​ប៉ុន្តែ​ជា​ទស្សនៈ​វិស័យ និង​ការ​មើល​ឃើញ​មួយ​ជ្រុង​ផ្សេង​ទៀត ដែល​ទូលំ​ទូលាយ​ជាង​នេះ ត្រូវ​បាន​បក​ស្រាយ​ថា​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករ និយោជិក លើ​វិស័យ​កាត់ដេរ​ដោយ​ផ្ទាល់​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល ខណៈ​ដែល​បញ្ហា​និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន ដែល​កម្មករ​និយោជិក ប្រាថ្នា​ចង់​បាន​ហាក់​ដូច​ជា​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ។

អ្វី​ដែល​ជា​ការ​អប​អរ​នោះ​គឺ ត្រឹម​តែ​រយៈ​ពេល​មួយ​ខ្លី​ប៉ុណ្ណោះ កម្មករ និយោជិក ជា​ពិសេស​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​ទទួល​បាន​កាដូ​ជា​ច្រើន។ កាដូ​ទាំង​នោះ​គឺ ការ​ជិះ​រថយន្ត​ក្រុង រយៈ​ពេល​២​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ បើ​ទោះ​ជា​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ឬ​មិន​ទៅ​កន្លែង​ធ្វើ​ការ​ក្តី។ កម្មការិនី​ទទួល​បាន​ការ​សម្រាក​លំហែ​មាតុភាព​រយៈ​ពេល​៣​ខែ​និង​មាន​ប្រាក់​ឈ្នួល​១២០% ដែល​ប្រសើរ​ជាង​ច្បាប់។

លើស​ពី​នេះ កម្មករ និយោជិក ដែល​បំរើ​ការងារ​លើ​វិស័យ​ផ្សេង​ទៀត ក្រៅ​ពី​កាត់​ដេរ ​ក៏​ទទួល​បាន​ដែរ​នូវ​សេវា​ព្យាបាល​និង​ថែ​ទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ព្រម​ទាំង​ទទួល​បាន ប្រាក់​សោធននិវត្តន៍​នៅ​ថ្ងៃ​អនាគត​ទៀត​ផង។ នេះ​នៅ​មិន​ទាន់ គិត​ដល់​អន្តរាគមន៍​របស់​រដ្ឋ​ចំពោះ​តម្លៃ​ទឹក ភ្លើង និង​ការ​ហាម​ប្រាម​ផ្ទះ​ជួល​មិន​ឲ្យ​តម្លើង​ថ្លៃ​តាម​ប្រាក់​ខែ​កម្មករ​ជា​ដើម។ ក្រៅ​ពី​នេះ ក៏​មាន​ការ​លើក​ឡើង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ​ពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិក មិន​ឲ្យ​ទាប​ជាង​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​បច្ចុប្បន្ន​កម្មករ​មាន​ប្រាក់​ឈ្នួល​ត្រឹម​១៥៣​ដុល្លារ។

ជា​ទិដ្ឋភាព​សង្គម ការ​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​នេះ នឹង​ជួយ​ច្រើន​ដល់​ពលរដ្ឋ​ខ្មែរ បើ​ទោះ​ណា​ជា​ការ​ផ្តល់​ជូន​នេះ ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ក្តី។ ទោះ​យ៉ាង​ណា​ចំណុច​ទាំង​អស់​នេះ វា​នឹង​ជួយ​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​មាន​ការ​គិត​ឡើង​វិញ ពី​លក្ខខណ្ឌ​ការងារ​ប្រសើរ ជាង​មុន មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែល​ប្រថុយ​ប្រថាន។

មួយ​វិញ​ទៀត កាល​ណា​កម្មករ និយោជិក មាន​ប្រាក់​ឈ្នួល​សមរម្យ មាន​សេវា​ថែ​ទាំ​សុខភាព​ដោយ​ឥត​គិត​ប្រាក់ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ផ្សេងៗ​ទាក់​ទង​ទៅ​នឹង​ការងារ​និង​ជីវភាព​រស់​នៅ​របស់​ពួក​គេ ធ្វើ​ឲ្យ​ភាព​ចំរូង​ចំរាស់ ដែល​ធ្លាប់​តែ​កើត​មាន​ជា​ពិសេស​នៅ​ក្នុង​វិស័យ​កាត់ដេរ ត្រូវ​បាន​កាត់​បន្ថយ នឹង​ឈាន​ទៅ​រក​សុខដុមនីយកម្ម​វិជ្ជាជីវៈ​រវាង​ថៅកែ​រោងចក្រ​និង​កម្មករ​និយោជិក​យ៉ាង​ពិត​ប្រាកដ។

ទន្ទឹម​គ្នា​នេះ អ្វី​ដែល​រដ្ឋាភិបាល​គួរ​មាន​ការ​ទប់​ស្កាត់​នោះ​គឺ​ការ​ឆ្លៀត​ឱកាស​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​បង្ក​ឲ្យ​មាន​វិទ្ធង្សនា​សេដ្ឋកិច្ច​ណា​មួយ ដែល​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ហួស​ពី​សមត្ថភាព​រស់​នៅ​សមរម្យ​របស់​កម្មករ និយោជិក។ ការ​តម្លើង​ថ្លៃ​ឈ្នួល​ផ្ទះ​មិន​សមរម្យ​ប្រដេញ​តាម​ប្រាក់​ឈ្នួល ក៏​ជា​រឿង​មួយ​ដែល​គួរ​ពិចារណា​ដែរ ដែល​នេះ​ចង់​មិន​ចង់​អាច​ប៉ះ​ពាល់​ដល់ កិច្ច​ប្រឹង​ប្រែង​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​សម្រាប់​កម្មករ និយោជិក។

ដូច្នេះ ការ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​លើ​កម្មករ និយោជិក​នៅ​ពេល​នេះ គេ​អាច​និយាយ​បាន​ថា​ជា​កាតព្វកិច្ច​ក្នុង​ឋានៈ​ជា​អ្នក​កាច់​ចង្កូត​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ​ទាំង​អស់​នេះ មែន​ទែន​ទៅ​គឺ​ជា​តម្រូវការ​ចាំ​បាច់​របស់​កម្មករ ដែល​បំរើ​ការងារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ក្រោម​បន្ទាត់​ប្រាក់​ឈ្នួល​តិច​តួច​ដូច​ជា​កម្ពុជា​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI