កម្ពុជា-នយោបាយ

រដ្ឋាភិបាល​បង្ហាញ​ពី​គ្រោះ​ថ្នាក់​នៃ​បដិវត្តន៍​ពណ៌ ខណៈ​បក្ស​ប្រឆាំង​ពន្យល់​ពលរដ្ឋ​ពី​ប្រជាធិបតេយ្យ

លោក ​សុខ ឥសាន ដែល​ជា​អ្នក​តំណាង​រាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ​
លោក ​សុខ ឥសាន ដែល​ជា​អ្នក​តំណាង​រាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ សហការី

រដ្ឋាភិបាល​ផ្ដើម​បញ្ជ្រាប​ពី​គ្រោះ​ថ្នាក់​នៃ​បដិវត្តន៍​នៅ​ថ្នាក់​មូលដ្ឋាន​ដោយ​ទាញ​ភ្ជាប់​ជា​មួយ​គណបក្ស​ប្រឆាំង​ជា​អ្នក​មក​នូវ​បដិវត្តន៍​ពណ៌។ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​បាន​បក្ស​ប្រឆាំង​ចំអក​ថា ពលរដ្ឋ​នឹង​មិន​ជឿ​តាម​ការ​ឃោសនា​នេះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ពលរដ្ឋ​នឹង​ជ្រួត​ជ្រាប​អំពី​សេរីភាព នៃ​លទ្ធិប្រជាធិបតេយ្យ។

ផ្សាយពាណិជ្ជកម្ម

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ទាញ​ករណី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពី​ក្រោយ​បដិវត្តន៍​ពណ៌​ដោយ​សារ​លោក កឹម សុខា បាន​អះអាង​នៅ​ក្នុង​វីដេអូ​ឃ្លីប​ថា ខ្លួន​ទទួល​បាន​ការ​ជ្រោម​ជ្រែង​ពី​អាមេរិក​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា។​ និយាយ​ពី​សកម្មភាព​នៅ​តាម​មូល​ដ្ឋាន លោក សុខ ឥសាន អះអាង​ថា ក្រុម​ការងារ​គណបក្ស​ប្រជាជន​នៅ​តាម​មូលដ្ឋាន​បាន​ពន្យល់​ពី​បដិវត្តន៍​ពណ៌​រួច​ហើយ ដោយ​កន្លែង​ខ្លះ​បាន​ចាក់​បញ្ចាំង​វីដេអូ​ឃ្លីប​ស្ដី​ពី​បដិវត្តន៍​ពណ៌​នេះ​ដែរ។

សូម​ជម្រាប​ជូន​ថា រដ្ឋាភិបាល​បាន​បង្កើត ក្រុម​ការងារ​អន្តរ​ក្រសួង​មួយ​ដើម្បី​ចង​ក្រង​វីដេអូ​ឃ្លីប​ពាក់​ព័ន្ធ​នឹង​សកម្មភាព​បដិវត្តន៍​ពណ៌​ដោយ​មាន​សមាសភាព​៩​រូប​រួម​មាន៖ លោក​ ខៀវ កញារិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជា​ដើម។ សមាជិក​ម្នាក់​នៃ​ក្រុម​ការងារ​នេះ ត្រូវ​កាសែត​ក្នុង​ស្រុក​ស្រង់​សម្ដី​ថា ក្រុម​ការងារ​ថ្មី​នេះ​បាន​ផលិត​វីដេអូ​ឃ្លីប​មួយ​រួច​ហើយ និង​បាន​ផ្សព្វ​ផ្សាយ​ចេញ​រួច​ទៀត​ផង។

ដោយ​ឡែក​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ូ ចាន់រដ្ឋ ដែល​ឧស្សាហ៍​ចុះ​មូលដ្ឋាន​ជួប​អ្នក​គាំទ្រ បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​លាប​ពណ៌​មក​លើ​គណបក្ស​ប្រឆាំង តាម​រយៈ​ការ​បង្កើត​វីដេអូ​ឃ្លីប​ស្ដី​ពី​បដិវត្តន៍​ពណ៌ ដែល​មាន​ចេតនា​ទាញ​ភ្ជាប់​ជាមួយ​គណបក្ស​ប្រឆាំង។ លោក អ៊ូ ចាន់រដ្ឋ អះអាង​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​ជំរុញ​ទៅ​ពលរដ្ឋ​អំពី​ការ​ប្រើ​ប្រាស់​សិទ្ធិ ឲ្យ​ស្រប​នឹង​បរិបទ​ប្រជាធិបតេយ្យ​ពោល​គឺ​កុំ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច និង​ខ្លាច​ការ​គំរាម​កំហែង​ដោយ​មិន​មែន​ផ្ដោត​លើ​បដិវត្តន៍​ពណ៌​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI