កម្ពុជា-សង្គម

​ក្រសួង​ព្រមាន​ថា ​លទ្ធ​ភាព​នៃ​ការ​រក​ឃើញ​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​អាច​មាន ខណៈ​ជំងឺ​នេះ​កំពុង​រាល​ដាល​ខ្លាំង​នៅ​កូរ៉េខាង​ត្បូង និង​ជប៉ុន​

កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet

គិតត្រឹមម៉ោង​ ៧យប់​​ ថ្ងៃទី​ ២៤ កុម្ភ:​ ២០២០​ នៅកម្ពុជាគឺពុំទាន់រកឃើញ​ករណីឆ្លងជំងឺរលាកសួតដែលបណ្តាលមកពីវីរុសកូរ៉ូណាបន្ថែមទៀតទេ​ ក្រៅតែពីកើតទៅលើបុរសជនជាតិចិន ដែលត្រូវបានព្យាបាលជាសះស្បើយនោះ។ តែលទ្ធភាពរកឃើញករណីបន្ថែមទៀតអាចនឹងកើតមាន​ ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡើយនៅទីក្រុងវូហានប្រទេសចិន​ និងបានរាលដាលកាន់​តែ​ច្រើន​មកដល់​ប្រទេសកូរ៉េ​ខាងត្បូង និងជប៉ុន។ 

ផ្សាយពាណិជ្ជកម្ម

ទោះបីជាមិនទាន់រកឃើញករណីឆ្លងជំងឺCovid-19នៅកម្ពុជាក៏ពិតមែន ប៉ុន្តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បានអះអាងថា​ ក្រុមគ្រូពេទ្យចំនួន២០០០នាក់ បាន និងកំពុងបន្ត​ឃ្លាំមើល​អ្នកដំណើរចេញចូលគ្រប់ច្រក តាមព្រំដែន​ ថៃ​ ឡាវ​ វៀតណាម​ ផ្លូវសមុទ្រ​ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣កន្លែង​ (ភ្នំពេញ​ សៀមរាប​ ក្រុងព្រះសីហនុ​ ) ដោយដាក់ម៉ាស៊ីនស្ទង់កំដៅ​និងពិនិត្យសុខភាព​។

បើតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​​លទ្ធភាពរកឃើញករណីបន្ថែមទៀតនឹងអាចកើតមាន​ ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡើយនៅទីក្រុងវូហានប្រទេសចិន​ និងបានរាលដាលកាន់​តែ​ច្រើន​មកដល់​ប្រទេសកូរ៉េ​ខាងត្បូង និងជប៉ុន។ ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងក៏បានប្រកាសផងដែរ ដល់​ពលរដ្ឋ​ខ្មែរ​នៅទីនោះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍អំពីករណីការឆ្លងមេរោគនៃមកស្ថានទូតជាបន្ទាន់។

នៅកូរ៉េខាងត្បូងនេះ​ចំនួនអ្នកឆ្លង​ជំងឺCovid-19 បានកើនឡើងដល់ជិត៩០០នាក់ ដែលធ្វើឲ្យ​ប្រទេស​នេះប្រកាសអាសន្នកម្រិតខ្ពស់ ខណៈអ្នកស្លាប់កើនឡើងដល់ជិត១០នាក់។ តាម​ពីក្រោយដោយប្រទេស​ជប៉ុនក៏កំពុង​តែ​រាល​ដាលខ្លាំង​ប្រហាក់​ប្រហែលគ្នានេះដែរ ខណៈនៅចិនហាក់ដូចជានៅទ្រឹង។ ប៉ុន្តែអ្នកស្លាប់បានកើនឡើងដល់ ២ ៦៦៣នាក់ និងអ្នកដែលបានឆ្លងជំងឺនេះកើនដល់ ៧៧ ៦៥៨នាក់​។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាថ្មីនៅថ្ងៃទី២៥​កុម្ភៈថា ពិភពលោកគួរតែត្រៀមលក្ខណៈ​ឲ្យរួចជាស្រេច​ដើម្បីប្រឈមមុខនឹងលទ្ធភាពផ្ទុះឡើងនៃជំងឺ COVID-19 ដែល​ក្លាយទៅជាជំងឺរាតត្បាតជាសកលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI