កម្ពុជា

ក្រសួង​មហាផ្ទៃ​នឹង​ចាប់​អ្នក​បោក​​​ប្រាក់​ពលរដ្ឋ​

ក្រសួងមហាផ្ទៃកម្ពុជា
ក្រសួងមហាផ្ទៃកម្ពុជា @RFI
ដោយ៖ សឿង ភារៈ
១៧ នាទី

ក្រសួង​​មហាផ្ទៃ​​នឹង​​តាម​​ចាប់​​បុគ្គល​ណា ​ដែល​​ដើរ​​បោក​​ប្រាស់​ប្រជា​​ពល​រដ្ឋ ​តាម​​រយៈអង្គការ​AIF និង​សមា​គម ​ICA។​ ការ​​បញ្ជាក់​​នេះ ​បាន​​ធ្វើ​​ឡើង​​បន្ទាប់​​ពី​​រដ្ឋ​លេខាធិការ​​ក្រសួង​​មហាផ្ទៃ​​ជំរុញ​​ឲ្យ​​ប្រជា​​ពល​​រដ្ឋ​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​ ​ចំពោះ​​អង្គការ​​ និង​​សមាគម​​នេះ ​​ដែល​​បាន​​​ប្រមូល​​​ប្រាក់​​​ពី​​​ពល​រដ្ឋ​​​​ ដោយ​​មិន​​មាន​​ការ​​អនុញ្ញាត​​​​ និង​​មិន​​បាន​​ចុះ​បញ្ជី​​ត្រឹម​​​​​ត្រូវ​​​​នៅ​​ក្រសួង​​​មហាផ្ទៃ​​​។​

ផ្សាយពាណិជ្ជកម្ម

លោក ខៀវ សុភ័ក្រ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យវិទ្យុ​បារាំង​ដឹង​នៅ​ថ្ងៃទី១៤ ឧសភា​នេះ ថា​ក្រសួង​នឹង​តាម​ចាប់មនុស្ស​ទាំង​ឡាយ​ណា ដែល​ដើរ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ  ដោយ​អះអាង​ថា​យក​ទៅ​វិនិយោគ​រួម​គ្នា​នឹង​ក្រុមហ៊ុន Empire Big Capital Limited (EBC) ដែល​មាន​ទីតាំង​នៅទី​ក្រុង​ហុងកុង។ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​តាម​រយៈ​គេហ​ទំព័រ​ប៉ូលីស​ជាតិ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​អង្គការ​មូល​និធិអភិវឌ្ឍន៍​អាស៊ី​អាគ្នេហ៍ (AIF) និងសមាគ​មអ្នក​ប្រឹក្សា​វិនយោគ (ICA) មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ ហើយ​បាន​ផ្សព្វ​ផ្សាយ​ទាក់​ទាញ​ប្រជាពល​រដ្ឋ ដើម្បី​ប្រមូល​ប្រាក់ ទៅ​វិនិយោគ​នៅ​ក្រុម​ហ៊ុន EBC ។

 
ចំណែក​លោក ខៀវ សុភ័ក្រ បាន​បញ្ជាក់​ថា​អ្នក​ដែល​ធ្វើ​ការ​នៅ​អង្គការ និង​សមាគម ដែល​ដើរ​ប្រមូល​លុយ​ពី​ពលរដ្ឋនោះ បាន​រត់​បាត់​អស់​ហើយ។ លោក​បន្ថែម​ថា​ប្រជាពល​រដ្ឋ​ទាំង​អស់​កុំ​លោភលន់​ពេក ​ហើយគួរ​តែពិចារណា​ជា​មុនៗពេល​ដាក់​ប្រាក់​សន្សំ ឬ​វិនិយោគ​លើ​គំរោង​អ្វី​មួយ​នោះ។

លោក ងី ច័ន្ទ្រផល ក៏​បាន​លើក​ឡើង​ថា​ គណៈកម្មការ​មូល​បត្រ​កម្ពុជា​ធ្លាប់​ឲ្យ​តំណាង​អង្គការ និង​សមា​គម ដែល​មិនមាន​អាជ្ញាបណ្ណ​ទាំង​ពីរ​នេះ មកបំភ្លឺ និង​បញ្ឈប់​សកម្មភាព​ទាក់​ទាញ​ឲ្យ​ប្រជា​ពល​រដ្ឋ​ដាក់​ប្រាក់ ហើយ​ដោះ​ស្រាយទូទាត់​ប្រាក់​ឲ្យ​ពល​រដ្ឋ ដែល​បាន​ដាក់​កន្លង​មក។ បើ​តាម​រដ្ឋ​លេខាធិការ​រូប​នេះ ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​មហាផ្ទៃ ​និងមូល​បត្រ​កម្ពុជា បាន​បង្កើត​លេខ​ទូរស័ព្ទ​សម្រាប់​ប្រជា​ពល​រដ្ឋ​ហៅ​ចូល ប្រសិន​បើមា​នចម្ងល់ ​ឬ​ទទួល​បាន​ព័ត៌មាន​ពីករណី​អង្គការ​និង​សមាគម​ទាំង​ពីរ​នេះ។

សូម​បញ្ជាក់​ថា​កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៥ កន្លង​ទៅ​ ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​មួយ ដែល​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​មូលបត្រ​កម្ពុជា មិន​ទាន់​ផ្តល់​ការ​អនុញ្ញាត ឬ​អាជ្ញាបណ្ណ ដល់​អង្គការ​មូល​និធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) និង​សមាគម​អ្នក​ប្រឹក្សា​វិនិយោគ (ICA) ដើម្បី​ធ្វើ​អាជីវកម្ម​នៅ​ឡើយ​ទេ។ ក្រសួង​សេដ្ឋ​កិច្ច​បាន​ឲ្យដឹង​ទៀត​ថា អង្គការ និង​សមាគម​នេះ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដាក់​ប្រាក់​សន្សំ ដោយ​ទទួល​បាន​ការ​ប្រាក់១០​ភាគ​រយក្នុង​១ខែ។

ជុំវិញ ចំណាត់​ការ និង​ការ​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ដាក់​ប្រាក់​ជា​មួយ​នឹង​អង្គការ​ សមាគម​ទាំង​ពីរ​នេះដែរ លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​កាល​ពីថ្ងៃទី១២ ខែ ឧសភា ថា ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​​ ត្រូវ​ពង្រឹង​ការ​ពិនិត្យ​តាមដាន​ សកម្មភាព​ និង​ធ្វើ​ស្ថិតិ​របស់​អង្គការ​សមាគម​ឡើង​វិញ​ ដើម្បី​ងាយ​ចាត់​ វិធានការ​ និង​គ្រប់គ្រង​ឲ្យ​ត្រឹមត្រូវ​ ពិសេស​គ្រប់គ្រង​អង្គការ​ សមាគម​ដែល​ធ្វើ​សកម្មភាពខុសច្បាប់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI