កម្ពុជា

ជន​សង្ស័យ​ពីបទ​ជួញ​ដូរ​អាវុធ​ទៅ​ថៃ​៣នាក់ ​ត្រូវ​តុលា​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ស៊ើប​សួរ​នៅ​ថ្ងៃ​ចន្ទ​នេះ​

អាវុធ​ដែល​ជន​សង្ស័យ​៣​នាក់ បាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ
អាវុធ​ដែល​ជន​សង្ស័យ​៣​នាក់ បាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ @នគរបាល

ជនជាតិ​ខ្មែរ​៣នាក់​ ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នៅ​ឯ​ខេត្ត​បាត់ដំបង​ ត្រូវ​បាន​តុលា​ការ​បើក​ការ​សាក​សួរ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២៤​កក្កដា​នេះ ​នៅ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៣នាក់​ ត្រូវ​គេ​ស្គាល់​ថា​ ម្នាក់​គឺ​ជា​បុគ្គលិក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC)។ ​នេះបើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូលីស​។

ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ​ ហេង​ ពុ​ធី​រៈ

​លោក​ មាស​ ចាន់​ពិសិដ្ឋ​ ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី២៤​កក្កដា​នេះ​ថា​ តុលា​ការ​កំពុង​តែ​ស៊ើប​សួរ​ជន​សង្ស័យ​ទាំង​៣ ​នាក់​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​អាវុធ​ពី​កម្ពុជា​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​។ រី​ឯ​លទ្ធ​ផល​យ៉ាង​ណា​នោះ​ លោក​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​។

តាម​លោក​ មាស​ ចាន់​ពិសិដ្ឋ​ ជន​សង្ស័យ​ទាំង​៣រូប​នេះ​ ត្រួវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កក្កដា ​កន្លង​ទៅ​នៅ​ខេត្ត​បាត់​ដំបង​ ដែល​ប្រតិ​បត្តិ​ការ​នេះ​ដឹក​នាំ​ដោយ​លោក​ផ្ទាល់​។ អ្នក​ទាំង​៣​នោះ​រួម​មាន ​ជឹម​ លីន​ អាយុ​ ៣៦​ឆ្នាំ ​ជា​កសិករ​ដាំ​ស្វាយ​និង​ពោត​ ធ្លាប់​រក​ស៊ី​ជួញ​ដូរ​អាវុធ​ចំនួន​២​លើក​មក​ហើយ​ យឹម​សាវី​ អាយុ​ ៣៨​ឆ្នាំ​ ជា​កម្មករ​នៅ​កសិដ្ឋាន​ដំឡូង​មី ​ហើយ​ជា​អ្នក​ជួយ​ដឹក​ជញ្ជូន​ចេញ​ឆ្លង​ដែន​ និង​ អប់​ វីរៈ​ អាយុ ​៤៤​ឆ្នាំ​ ជា​បុគ្គ​លិក​មជ្ឈ​មណ្ឌល​កំចាត់​មីន​ស៊ី​ម៉ាក់​។

ពាក់​ព័ន្ធ​នឹង​មន្ត្រី​ ស៊ីម៉ាក់​នេះ​ដែរ​ លោក​ ហេង​ រតនា​ អគ្គ​នា​យក​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ CMAC បាន​ឲ្យ​ដឹង​ថា​ លោក​កំពុង​ស៊ើប​បន្ថែម​ពី​ប្រវត្តិ​រូបរបស់​បុគ្គលិក​របស់លោក​ ដោយ​លោក​ ហេង​ រតនា​បញ្ជាក់​ថា ​អប់​ វីរៈ​គឺ​ជា​បុគ្គ​លិក​រំដោះមីន​មួយរូប​ក្នុង​មជ្ឈ​មណ្ឌល​ស៊ីម៉ាក់​របស់​លោក​។

គួរ​រំលឹក​ថា ​នេះ​ជា​ករណី​ទី១​ហើយ​ ដែល​សមត្ថ​កិច្ច​ធ្វើ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ពី​បទជួញ​ដូរ​អាវុធ​ឆ្លង​ដែន​ខុស​ច្បាប់​ បន្ទាប់​ពី​កាល​ពី​ពេល​ថ្មី​ៗនេះ​ សមត្ថ​កិច្ច​ថៃ​បាន​ចាប់​ខ្លួន​អ្នក​ជួញ​ដូរ​អាវុធ​ជនជាតិ​ថៃ​នៅ​ក្នុង​ទឹក​ដី​របស់​គេ​។ គេ​នៅ​ចាំ​បាន​ថា​ កាល​ពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨​កក្កដា​ ២០១៧​ សមត្ថ​កិច្ច​ថៃ​បាន​បង្ក្រាប​ជន​ជាតិ​ថៃ​ចំនួន​៥នាក់​ពីបទ​ជួញ​ដូរ​អាវុធ​ធុន​ធ្ងន់​ខុស​ច្បាប់​ ហើយ​អាវុធ​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ តាម​ច្រក​របៀង​ជាប់​ព្រំដែន​ នៃ​ខេត្ត​បន្ទាយ​មានជ័យ​ ក្រោម​ការ​គ្រប់​គ្រង់​របស់​វរៈ​នគរ​បាល​ការពារ​៨១៥​។ ភ្លាម​ៗ​អ្នកនាំ​ពាក្យ​ក្រសួងការពារ​ជាតិ​កម្ពុជា​លោក​ ឈុំ​ សុ​ជាតិ​ ក៏​បាន​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ខាង​លើ ​ដោយ​លោក​លើក​ឡើង​ថា ​កម្ពុជា​មិន​មាន​បាត់​អាវុធ​អ្វី​ទាំង​អស់​ពី​ក្នុង​ឃ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI