កម្ពុជា

លោក ហង់ ជួនណារ៉ុន ស្នើ​សុំ​ម្ចាស់​ផ្ទះ​សំណាក់​សណ្ឋាគារ​មិន​ឲ្យ​ឡើង​ថ្លៃ​នៅ​ពេលប្រឡង​បាក់​ឌុប

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សហការី

រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ស្នើ​សុំ​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ ឬ សណ្ឋាគារ តម្លើង​ថ្លៃ​បន្ទប់ នៅ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​សប្តាហ៍​ក្រោយ​នេះ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​មួយ​សប្តាហ៍​បន្ទាប់ ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ប្រាំ​បាន​ធ្វើ​លិខិត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ រាជធានី​ខេត្ត​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ផ្ទះ​សំណាក់​​ក្នុង​ពេល​ប្រឡង​ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ផ្ញើរ​ជូន អភិបាល​នៃគណៈ​អភិបាល​ខេត្ត​រាជធានី កាល​ពី​ថ្ងៃ​ទី​ ១៨ សីហា នេះ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន និង កីឡា បាន​ស្នើ​សុំ​ឲ្យ​មានកិច្ច​គាំទ្រ និង​សហការណ៍ ក្នុង​ការ​សម្រប​សម្រួល ដើម្បី​ឲ្យ​ម្ចាស់​អាជីវកម្ម ផ្ទះសំណាក់ និង​ សណ្ឋាគារ កុំ​ឲ្យ​តម្លើង​ថ្លៃ​បន្ទប់​ស្នាក់​នៅ​អំឡុង​ពេល​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី ២៤ សីហា ខាង​មុខ​នេះ។ ការ​ស្នើ​សុំ​មិន​ឲ្យ​ឡើង​ថ្លៃបន្ទប់​នេះ គឺ​ក្នុង​គោល​បំណង ចូល​រួម​ចំណែក​សម្រាល​បន្ទុក​ដល់​បេក្ខជន​ដែល​មក​ពីគ្រួសារ​មាន​ជីវភាព​លំបាក។

សូម​បញ្ជាក់​ កាល​ពី​ថ្ងៃ​ទី​១០ សីហា អង្គការ​សង្គម​ស៊ីវិល ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ផង​ដែរ ទៅ​ដល់​ម្ចាស់​ផ្ទះ​សំណាក់ ឬ សណ្ឋាគារ មិន​ឲ្យ​ឡើង​ថ្លៃ​បន្ទប់ នៅ​ពេល​ដំណើការ ការប្រឡង​បាក់​ឌុប។ ជា​ការ​ស្នើ​សុំ​ដោយ​សារ​តែ​មណ្ឌល​ប្រឡង​ត្រូវ​បាន​ក្រសួង​កំណត់​យក​តែ​សាលា​នៅ​ទី​រួម​ ខេត្ត​នោះ​កំណើន​សិស្ស​មក​ពី​តំបន់​ឆ្ងាយ​ត្រូវ​រក​ការ​ស្នាក់​នៅ​ដោយ​បង់​ ថ្លៃ​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​ និង​ចាយ​លើ​ការ​ហូបចុក​។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ដោយ​កាល​ពី​ឆ្នាំ​ ២០១៤ នៅ​ពេល​ប្រឡង​បាក់​ឌុប តម្លៃ​បន្ទប់​ត្រូវ​គេ​សង្កេតឃើញ​ថា នៅ​តែ​មាន​ការ​ឡើង​ថ្លៃ​ដដែល។​

គួរ​ជម្រាប​ជូន​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ ឬ បាក់ឌុប នៅ​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ពីរថ្ងៃ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី ២៤ សីហា ដោយ​មាន​បេក្ខជនចំនួន ៨៨ ៤៨៨ នាក់ ចែក​ចេញ​ជា ១៥០ មណ្ឌល និង៣៥៧៦បន្ទប់។ ទន្ទឹម​នឹង​នេះ អ្នក​សង្កេត​ការណ៍​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ មាន​ចំនួន ៥៦២៥ នាក់ ដែល​កើន​ឡើងទ្វេរ​ដង បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។ បន្ថែម​លើ​នេះ អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្តប្រឡង​បាក់ឌុប នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ចំនួន ១០ម៉ឺនរៀល ពី​ខាង​ក្រសួង​អប់រំ​យុវជន និងកីឡា​ផង​ដែរ៕

អត្តបទដោយ៖ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI