មេឃុំ-ចៅសង្កាត់អាណត្តិទី៤ ចាប់ផ្តើមប្រកាសសុពលភាពហើយចាប់ពីថ្ងៃចន្ទនេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជាងមួយសប្តាហ៍បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ពិធីប្រកាសសុពលភាព ឬក៏ការផ្ទេរដំណែងមេឃុំ-ចៅសង្កាត់ រួមទាំងក្រុមប្រឹក្សា ត្រូវបានប្រារព្ធធ្វើហើយចាប់ពីថ្ងៃទី៣កក្កដានេះ។ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ពីធីប្រកាសសុពលភាពនេះ នឹងត្រូវធ្វើឲ្យរួចរាល់ក្នុងអំឡុងពេល១៤ថ្ងៃក្រោយពីការប្រកាសលទ្ធផលឆ្នោត។
«សម្លេង សាំង ស៊ីណា»
តាមរយៈការប្រកាសនេះបង្ហាញថាពិធីប្រកាសសុពលភាព ឬហៅសាមញ្ញថាពិធីផ្ទេរតំណែងដល់មេឃុំ-ចៅសង្កាត់ថ្មី អាណត្តិទី៤ បានចាប់ផ្តើមធ្វើហើយ។ លោក សាំង ស៊ីណា បេក្ខជនលំដាប់ទៅ១មកពីគណបក្សសង្គ្រោះជាតិបានក្លាយជាចៅសង្កាត់ស្ទឹងមានជ័យ៣ ជាមួយនឹងការប្តេជ្ញាចិត្តនៅបំពេញការងារបំរើប្រជាពលរដ្ឋនៅមូលដ្ឋាននោះ តាមអ្វីដែលជាគោលការណ៍និងពាក្យស្លោកដែលបានបន្លឺឡើងមុនការបោះឆ្នោត។ នៅថ្ងៃនេះដែរ ឃុំ-សង្កាត់ជាច្រើនទៀត ក៏ត្រូវបានធ្វើពិធីដូចគ្នានេះ ខ្លះពេលព្រឹក ខ្លះពេលល្ងាច ក្រោមការចូលរួមពីតំណាងគណបក្សនយោបាយដែលបានជាប់ឆ្នោត និងប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ពិធីប្រកាសសុពលភាពដល់មេឃុំ-ចៅសង្កាត់ថ្មី រួមទាំងជំទប់ទី១ ជំទប់ទី២ ត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃនេះតទៅសម្រាប់ឃុំ-សង្កាត់ មួយចំនួន ហើយឃុំ-សង្កាត់មួយចំនួនទៀត នឹងត្រូវអនុវត្តជាបន្តបន្ទាប់យោងទៅតាមកាលវិភាគនិងពេលវេលារបស់គណៈអធិបតី។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ កាលពីថ្ងៃទី៤ខែមិថុនា ហើយប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី២៥មិថុនាកន្លងទៅ។ គណបក្សដែលទទូលបានកៅអីជាមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សា មានចំនួន៧។ ក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន១៦៤៦ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈក្រុមប្រឹក្សាសរុប ៦៥០៣អាសនៈ និងបានឈ្នះជាមេឃុំ-ចៅសង្កាត់ចំនួន១១៥៦។ គណបក្សសង្គ្រោះជាតិទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥០០៧និងឈ្នះជាមេឃុំ-ចៅសង្កាត់ ៤៨៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ