កម្ពុជា

កម្មករ​និយោជិត​នឹង​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ចាប់​ពី​ខែឧសភា​នេះ​តទៅ​

កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​

របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំសុខភាព​របស់​កម្មករនិយោជិត នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ខែឧសភានេះ​តទៅ។ ការអនុវត្ត​របប​សន្តិសុខ​ជំហាន​ដំបូង​នេះ គឺ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​ចំណាយ​របស់​កម្មករ​និយោជិត​លើ​ការថែ​ទាំង​សុខភាព​។ ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំសុខ​ភាព ធ្វើ​ឡើង​ក្រោយ​ពី​របប​សន្តិសុខ​សង្គម​ផ្នែកហានិភ័យ​ការងារ​បាន​ដាក់​ឲ្យ​អនុវត្ត​កាល​ពី​ឆ្នាំ​២០០៨។​ 

ផ្សាយពាណិជ្ជកម្ម

 

របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​ជន​ទាំង​ឡាយ ដែល​ស្ថិត​នៅ​ក្រោម​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្តីពីការ​ងារ ត្រូវ​បាន​ផ្តើម​អនុវត្ត​ចាប់​តាំង​ពី​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៦នេះ​តទៅ។ លោក ជាវ ប៊ុនរិទ្ធ អ្នក​នាំពាក្យ​បេឡាជាតិ​របប​សន្តិ​សុខ​សង្គម (ប.ស.ស) បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​កម្មករ​និយោជិត​នឹងទទួល​បាន​ការ​ត្រួត​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទីរ​ពេទ្យរដ្ឋ និងឯកជន ដែល​មាន​កិច្ច​ព្រមព្រៀង​ជា​មួយ​នឹង ប.ស.ស។

លោក​បាន​បញ្ជាក់​ទៀត​ថា ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាព នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​និងរាជធានី​មួយ​ចំនួន ដូច​ជា​ខេត្ត​កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​កម្មករ​និយោជិត​ប្រមាណ​៣៦ម៉ឺន​នាក់​។ លោក​បន្ថែម​ថា​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាព​នេះ​មិន​មាន​បញ្ហា​ប្រឈម​អ្វីច្រើន​នោះ​ទេ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​ស្រុះ​ស្រួល​គ្នា ដូច​ជា​ការ​បង់​វិភាគ​ទាន​ពី​និយោជក និង​កម្មករ​និយោជិត​នៃ​រោងចក្រ​នីមួយៗ។

ដើម្បី​ទទូល​បាន​សេវាព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ កម្មករ​និយោជិត​ទាំង​អស់​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ដូច​ជា កំពុង​បំពេញ​ការងារ​ក្នុង​សហគ្រាស គ្រឹះស្ថាន​ដែល​បាន​ចុះបញ្ជិកា​ក្នុង​បេឡាជាតិ​របប​សន្តិសុខសង្គម សម្រាប់​របប​ថែទាំ​សុខភាព។ ត្រូវ​ចុះបញ្ជិកា​នៅ​ក្នុងបេឡា​ជាតិ​របប​សន្តិសុខ​សង្គម និងបង់​វិភាគ​ទានយ៉ាង​តិច ០៦ខែ ក្នុង​អំឡុង​ពេល១២ ខែ​ចុង​ក្រោយ គិត​រហូត​មក​ទល់​ខែ​ដែល​មាន​បញ្ហា​សុខ​ភាព​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

លោក​ប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា (CCW) បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ការ​ផ្តល់​របប​ថែទាំ​សុខ​ភាព​ដល់​កម្មករ ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន ដោយ​សារ​កម្មករ​មិន​បាច់​ចំណាយច្រើន​លើថ្លៃសេវាសុខ​ភាព​ទេ គឺ​ពួក​គាត់​គ្រាន់​តែ​បង់វិភាគ​ទាន​តិច​តួច​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​កន្លង​មកបេឡាជាតិ​របប​សន្តិសុខ​សង្គម គឺ​សំដៅ​តែ​លើ​គ្រោះ​ថ្នាក់​ការងារ​ទេ ប៉ុន្តែ​ពេល​នេះ​គឺ​សេវា​ថែទាំ​សុខ​ភាព នៅពេល​ដែល​ពួក​គាត់​ឈឺថ្កាត់​ក៏ត្រូវ​បាន​អនុវត្ត​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI