នៅអាស៊ីអាគ្នេយ៍ កម្ពុជាស្ថិតក្នុងក្រុមប្រទេសរងផលប៉ះពាល់ខ្លាំងពីបម្រែបម្រួលអាកាសធាតុនាឆ្នាំ២០៣០
ចុះផ្សាយនៅថ្ងៃ៖
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ILO កាលពីថ្ងៃទី០១ ខែកក្កដា បានបង្ហាញថាប្រទេសក្រីក្រក្នុងពិភពលោកនឹងរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ជាពិសេសប្រទេសនៅអាហ្វ្រិកខាងលិច និងអាស៊ីអាគ្នេយ៏ ក្នុងនោះក៏មានកម្ពុជាដែរ។ ការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យប៉ះពាល់ដល់ផលិតភាពការងារ និងកំណើនផលិតផលក្នុងស្រុកសរុប(GDP)។
ការកើនឡើងកំដៅខ្លាំងលើរាងកាយមនុស្ស (Heat Stress) បង្កឡើងដោយការកើនឡើងកំដៅផែនដី នឹងនាំឱ្យមានការបាត់បង់ផលិតភាពការងារជាសកលស្មើនឹងប្រមាណ៨០លានការងារពេញម៉ោងនៅក្នុងឆ្នាំ២០៣០ខាងមុខនេះ ឬធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណ២,៤ទ្រីលានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ។
ការវាស់ស្ទង់របស់អង្គការពលកម្មអន្តរជាតិរហូតដល់ឆ្នាំ២០៣០ខាងមុខនេះ ធ្វើឡើងដោយផ្អែកលើគោលការណ៍នៃការកើនឡើងសីតុណ្ហភាព១,៥អង្សារ រហូតដល់ចុងសតវត្សនេះ។ ជាការវាស់ស្ទង់ដែលធ្វើឡើងនៅទូទាំងពិភពលោក។
យោងតាមរបាយការណ៍ដដែលបង្ហាញថា នៅឆ្នាំ២០៣០ប្រទេសកម្ពុជាគឺជាប្រទេសទី២នៅអាស៊ាន ដែលប្រឈមមុខនឹងការបាត់បង់ផលិតផលក្នុងស្រុកសរុប(GDP)ខ្ពស់ជាងគេ ក្នុងរង្វង់ប្រមាណ៦ភាគរយដោយសារការកើនឡើងកំដៅ។ ខណៈប្រទេសឥណ្ឌូនេស៊ីប្រឈមនឹងការបាត់បង់ផលិតផលក្នុងស្រុកសរុបក្រោម៣ភាគរយនាឆ្នាំ២០៣០ខាងមុខ ដែលជាតួលេខទាបជាងគេក្នុងតំបន់។ ដោយឡែកប្រទេសថៃប្រឈមនឹងការបាត់បង់ផលិតផលក្នុងស្រុកសរុបប្រមាណ៧ភាគរយ ខ្ពស់ជាងគេនៅអាស៊ាននាឆ្នាំ២០៣០ខាងមុខ។
របាយការណ៍នេះក៏បានឲ្យដឹងដែរថា កម្ពុជាស្ថិតក្នុងប្រទេស ដែលបាត់បង់ម៉ោងការងារច្រើនជាងគេក្នុងតំបន់អាស៊ាន ក្នុងចំណោមវិស័យចំនួន៤ ដោយសារតែការកើនឡើងសីតុណ្ហភាពនាឆ្នាំ២០៣០។
ជាក់ស្តែងក្នុងវិស័យកសិកម្មកម្ពុជាមានអត្រាបាត់បង់ម៉ោងការងារ១៤,៥២ភាគរយ, ក្នុងវិស័យឧស្សាហកម្មកម្ពុជាមានអត្រាបាត់បង់ម៉ោងការងារ៧,៨ភាគរយ, ក្នុងវិស័យសេវាកម្មកម្ពុជាមានអត្រាបាត់បង់ម៉ោងការងារ១,៧ភាគរយ, និងក្នុងវិស័យសំណង់កម្ពុជាមានអត្រាបាត់បង់ម៉ោងការងារ១៤,៥២ភាគរយ។
លោក ទុន សុភ័ណ្ឌ អ្នកសម្របសម្រួលជាតិនៃអង្គការពលកម្មអន្តរជាតិលើកឡើងដោយផ្អែកលើការប៉ាន់ស្មាននៃរបាយការណ៍ខាងលើ ថាប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច និងជាប្រទេសដែលទទួលរងផលប៉ះពាល់ពីការកើនឡើងកំដៅនេះដែរ កម្ពុជានឹងបាត់បង់ម៉ោងបំពេញការងារជារួមប្រហែល៧ភាគរយ ដែលជាតួលេខមួយច្រើន បើគិតក្នុងរយៈពេលមួយឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ