កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ហៅ​ដំណើរ​បេសក​កម្ម​នៅ​អាមេរិក​ថា​ជោគ​ជ័យ​

លោក ហ៊ុន សែន និងគណៈប្រតិភូ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
លោក ហ៊ុន សែន និងគណៈប្រតិភូ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ @FB/PM Hun Sen

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុង​ដំណើរ​ត្រឡប់​ពី​ទឹក​ដី​អាមេរិក​មក​កម្ពុជា​វិញ បាន​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​របស់​លោក​ថា ដំណើរ​បេសក​កម្ម​របស់​លោក​នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ទទួល​បាន​ជោគ​ជ័យ​។ តែ​យ៉ាង​ណា​ក៏​ដោយ វត្ត​មាន​របស់​លោក​នៅ​អាមេរិក​ត្រូវ​បាន​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ធ្វើ​បាតុ​កម្ម​ប្រឆាំង​។ 

ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ ខែ​តុលា​នេះ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ បន្ទាប់​ពី​បំពេញ​បេសក​កម្ម​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដើម្បី​ចូល​រួម​មហា​សន្និ​បាត​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​៧៣ និង​កិច្ច​ប្រជុំ​ផ្សេងៗ​ទៀត​។ សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ ដែល​កម្ពុជា​ជា​អនុ​ប្រធាន​នៃ​មហា​សន្និ​បាត​។

វត្តមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ទី​ក្រុង​ញូ​យ៉ក ទឹក​ដី​សហ​រដ្ឋ​អាមេរិក​បាន​ទទួល​ការ​ស្វាគមន៍​ផង និង​ការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​លោក ព្រម​ទាំង​អំពាវ​នាវ កុំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​រដ្ឋា​ភិបាល​បច្ចុប្បន្ន​ផង​ដែរ​។​ ក៏​ប៉ុន្តែ​ទី​បំផុត លោក ហ៊ុន សែន នៅ​តែ​ប្រកាស​ថា បេសក​កម្ម​របស់​លោក​ទទួល​បាន​ជោគ​ជ័យ​។

នៅ​ទីក្រុង​ញូ​យ៉ក លោក ហ៊ុន សែន បាន​ឡើង​ថ្លែង​សុន្ទរក​ថា​ក្នុង​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​លើក​ទី​៧៣ ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក អង់តូនីញ៉ូ ហ្គូតទែរ (Antonio Guterres) អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ ជួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជា​មួយ លោក ខាតហ្កា ប្រាសាដ សាម៉ាអូលី (Khadga Prasad Shama Oli) នាយក​រដ្ឋ​មន្រ្តី​នេ​ប៉ាល់ ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​ភាគី​ជា​មួយ លោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយក​រដ្ឋ​មន្រ្តី​ប៊ុល​ហ្ការី និង​បណ្តា​ជន​សំខាន់ៗ​មួយ​ចំនួន​ទៀត​។

លើស​ពី​នេះ ប្រមុខ​ការ​ទូត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី គឺ​លោក ប្រាក់ សុខុន ក៏​បាន​យក​ឱកាស​នេះ ជួប​ដោយ​ផ្ទាល់ ទ្វេ​ភាគី​ជា​មួយ​នឹង​ប្រមុខ​ការ​ទូត អូស្ត្រាលី រដ្ឋ​មន្ត្រី​ការ​បរទេស​អេ​ស្តូ​នី និង​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចក្រ​ភព​អង់​គ្លេស ជា​ដើម ដើម្បី​ពន្យល់​ពី​សភាព​ការណ៍​កម្ពុជា​ទៅ​ដល់​បណ្តា​ប្រទេស​ទាំង​នោះ​ផង​ដែរ​។

ក្រៅ​ពី​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ក៏​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​ពល​រដ្ឋ​ខ្មែរ-អាមេរិកាំង ​រស់​នៅ​សហ​រដ្ឋ​អាមេរិក និង​កាណាដា​ផង​ដែរ​។ ជា​វេទិកា ដែល​លោក ហ៊ុន សែន បាន​វាយ​ប្រហារ​ទៅ​កាន់​អតីត​គណ​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​អតីតគណ​បក្ស​ប្រឆាំង ដែល​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​វត្ត​មាន​របស់​លោក​លើ​ទឹក​ដី​​​អាមេរិក​។

នៅ​មុខ​អង្គ​ការ​សហ​ប្រជា​ជាតិ នា​ឱកាស​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​សំខាន់ៗ​របស់​លោក ចូល​រួម​ក្នុង​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ ក្រុម​បាតុករ ដែល​ប្រឆាំង​នឹង​វត្ត​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​អង្គ​ការ​សហ​ប្រជា​ជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ និង​ថ្កោល​ទោស​លើ​ការ​ដឹក​នាំ​របស់​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI