កម្ពុជា-ហិង្សា

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា​ស្ថានភាព​កុមារ​កម្ពុជា​នៅ​មាន​ភាព​ប្រឈម​នៅ​ឡើយ

លោក​ស្រី​ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​បាន ថ្លែង​នៅ​ក្នុង​កម្មវីធី​ផ្សព្វ​ផ្សាយ​ផែនការ​សកម្មភាព​ទប់​ស្កាត់​ហិង្សា​លើ​កុមារ​
លោក​ស្រី​ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​បាន ថ្លែង​នៅ​ក្នុង​កម្មវីធី​ផ្សព្វ​ផ្សាយ​ផែនការ​សកម្មភាព​ទប់​ស្កាត់​ហិង្សា​លើ​កុមារ​ @facebook/mensaman
ដោយ៖ សឿង ភារៈ
១៥ នាទី

នៅ​ថ្ងៃ​នេះ លោក​ស្រី​ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​បាន ថ្លែង​នៅ​ក្នុង​កម្មវីធី​ផ្សព្វ​ផ្សាយ​ផែនការ​សកម្មភាព​ទប់​ស្កាត់​ហិង្សា​លើ​កុមារ​ថា ស្ថានភាព​កុមារ​នៅ​កម្ពុជា​នៅ​មាន​ភាព​ប្រឈម​នៅ​ឡើយ ទោះ​បី​ជា​មាន​គោល​នយោបាយ និង​កម្មវិធី​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​កុមារ​កំពុង​ដំណើរ​ការ​ល្អ​មែន។ ចំណែក​អង្គការ​ក្រៅ​រដ្ឋាភិបាល​លើក​ឡើង​ថា​ស្ថានភាព​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​ស្ថិត​នៅ​ទ្រឹង​ក្នុង​ឆ្នាំ​២០១៧​នេះ។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​ឱកាស​ប្រកាស​ផ្សព្វ​ផ្សាយ​ផែនការ​សកម្មភាព ដើម្បី​ទប់​ស្កាត់ និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា លោក​ស្រី​ម៉ែន សំអន ឧបនាយក​រដ្ឋមន្ដ្រី​ ក្រសួង​ទំនាក់​ទំនង ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច ថា ទោះ​បី​ជា​មាន​គោល​នយោបាយ និង​កម្មវិធី​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​កុមារ​កំពុង​ដំណើរ​ការ​ល្អ​មែន ក៏​ស្ថានភាព​កុមារ​កម្ពុជា​នៅ​មាន​ភាព​ប្រឈម​នៅ​ឡើយ។ លោក​ស្រី​បន្ថែម​ថា ពិសេស​គឺ​អំពើ​ហិង្សា​លើ​កុមារ ដែល​ជា​បរិបទ​ថ្មី​មួយ​ទៀត កំពុង​រីក​រាល​ដាល​ជា​រូប​ភាព​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​សាកល​លោក។

លោក​ស្រី​ម៉ែន សំអន បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ចំពោះ​កិច្ច​ការពារ​កុមារ លើ​គ្រប់​វិស័យ និង​បាន​កំណត់​ថា កុមារ​គឺ​ជា​សសរ​ទ្រូង​របស់​ប្រទេស​កម្ពុជា។

ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​របស់​សមាគម​អាដហុក (ADHOC) លោក​ស្រី​ ឆន សុគន្ធា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ នេះ​ថា​ ស្ថានភាព​ហិង្សា​ទៅ​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​បន្ត​កើត​មាន​ឡើង​ដដែល នៅ​ឆ្នាំ​២០១៧​នេះ ដូច​ទៅ​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ​ដែរ ពោល​គឺ​មិន​មាន​ការ​ថយ​ចុះ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។

លោក​ស្រី បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​ល្អ ប៉ុន្តែ​ការ​អនុវត្ត​នៅ​មាន​បញ្ហា​ខ្វះ​ចន្លោះ​នៅ​ឡើយ ជា​ពិសេស​នៅ​ថ្នាក់​ក្រោម​ជាតិ។ លោក​ស្រី ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​កញ្ចប់​ថវិកា​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅ​តាម​គោល​នយោបាយ ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត​ផង​ដែរ។

យោង​តាម​អង្គការ​ទស្សនៈ​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​៧៥​ភាគ​រយ​ជួប​ប្រទះ​អំពើ​ហិង្សា​យ៉ាង​ហោច​ណាស់​មួយ​ទម្រង់​មុន​ពេល​ពួក​គេ​មាន​អាយុ​១៨​ឆ្នាំ។ ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ​បង្ហាញ​ថា កុមារ​កម្ពុជា​ច្រើន​ជាង​៥០​ភាគ​រយ ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​រូប​រាង​កាយ ២៥​ភាគ​រយ ទទួល​រង​អំពើ​ហិង្សា​ផ្នែក​ផ្លូវ​ចិត្ត និង​ប្រមាណ​៥​ភាគ​រយ​ទទួល​រង​នូវ​អំពើ​ហិង្សា​ផ្នែក​ផ្លូវ​ភេទ។

បើ​តាម​អង្គការ​យូនីសេហ្វ បន្ទុក​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ដោយ​សារ​ផល​វិបាក​ផ្នែក​សុខភាព ដែល​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​យ៉ាង​ហោច​ណាស់​១៦៨​លាន​ដុល្លារ​អាមេរិក ពោល​គឺ​ច្រើន​ជាង​១​ភាគ​រយ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI