កម្ពុជា-អប់រំ

​​បាក់ឌុប៖ បេក្ខជនអាច​​​ធ្លាក់ឬត្រូវ​​ផ្អាក​មិន​ឲ្យ​​ប្រឡង​ពី​១​ទៅ​២​ឆ្នាំ បើ​ប្រព្រឹត្ត​ខុស​បទ​ប្បញ្ញត្តិ

សិស្ស​តម្រង់​ជួរ​ចូល​ប្រឡង​បាក់ឌុប​នា​ពេល​កន្លង​ទៅ
សិស្ស​តម្រង់​ជួរ​ចូល​ប្រឡង​បាក់ឌុប​នា​ពេល​កន្លង​ទៅ RFI/Siv Channa

ការ​ប្រឡង​បាក់ឌុប​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ។ នៅ​ក្នុង​ការ​ប្រឡង​នេះ ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​បទប្បញ្ញត្តិ​និង​កម្រិត​វិន័យ​សម្រាប់​បេក្ខជន​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង​នៅ​ពេល​ប្រឡង​។ បើ​តាម​បទ​ប្បញត្តិ​និង​កម្រិត​វិន័យ​ទាំង​នោះ បេក្ខជន​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង អាច​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កំណត់​ឲ្យ​ធ្លាក់ ផ្អាក​មិន​ឲ្យ​ប្រឡង​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ ឬ​អាក្រក់​ជាង​នេះ អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ទៀត​ផង​។

ផ្សាយពាណិជ្ជកម្ម

បទ​ប្បញ្ញត្តិ​និង​កម្រិត​វិន័យសម្រាប់​បេក្ខជន​ប្រឡង​បាក់ឌុប គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រឹត​បន្តឹង​ការ​ប្រឡង​ ដែល​ជា​កំណែ​ទម្រង់​ឆ្នាំ​ទី​៤​របស់​ក្រសួង​អប់រំ​។ បទប្បញ្ញត្តិ​និង​កម្រិត​វិន័យ​នេះ ត្រូវ​បាន​បែង​ចែក​ជា​៣​ផ្នែក​សំខាន់​ៗ​៖ ទី​១ ​សម្រាប់​បេក្ខជន​ដែល​មាន​បំណង​លួច​ចម្លង, ទី​២ ​សម្រាប់​បេក្ខជន​លួច​ចម្លង, និង​ទី​៣ សម្រាប់​បេក្ខជន​ដែល​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​របៀបរៀបរយ​នៃ​ការ​ប្រឡង និង​ប៉ះពាល់​ដល់​គណៈមេប្រយោគ​។

ដំបូង​និយាយ​ពី​បេក្ខជន​ដែល​មាន​បំណង​លួច​ចម្លង​។ សកម្មភាព​ដែល​កំណត់​ថា​ជា​បំណងលួច​ចម្លង​មាន​ដូច​ជា៖ ការ​យក​ឬ​លាក់គ្រឿង​អេឡិចត្រូនិក ​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​ចូល​មណ្ឌល​ប្រឡង។ ប្រសិន​បើ​រក​ឃើញ​ថា បេក្ខជន​ប្រព្រឹត្ត​សកម្មភាព​ដែល​មាន​បំណង​លួច​ចម្លង​ដូច្នេះ បេក្ខជន​ត្រូវ​ប្រគល់​សំណៅ​ឯកសារ​ទាំង​នោះ​ទៅ​ឲ្យ​គណៈមេប្រយោគ​មុន​ចូល​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​។ ឬ​បើ​ពុំ​ដូច្នោះ​ទេ បេក្ខជន​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ជា​ដាច់​ខាត ហើយ​ត្រូវ​បាន​កំណត់​ឲ្យ​ធ្លាក់​។

សម្រាប់​បេក្ខជន​លួច​ចម្លង​នៅ​ក្នុង​បន្ទប់​ប្រឡង​ តាម​រយៈ​សំណៅ​ឯកសារ ​ឬ​រូបមន្តក៏​ដូច​ជា​​មេរៀនដែល​សរសេរ​លើ​បន្ទាត់ លើ​បាតដៃ លើ​ភ្លៅ លើ​​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ​ជា​ដើម ​ត្រូវ​បាន​ពិន្ទុ​សូន្យ​ចំពោះ​វិញ្ញាសារ​នោះ និង​ត្រូវ​បាន​បញ្ឈប់​មិន​ឲ្យ​ប្រឡង​បន្ត​ទៅ​ទៀត​ក្នុង​សម័យ​ប្រឡង​នេះ​។ ការ​អើត​មើល ឬចម្លង​សំណៅ​កិច្ចការ​ពី​អ្នក​ដទៃ ឬ​យក​កិច្ចការ​អ្នក​ដទៃ​មក​ដាក់​នៅ​កន្លែង​ខ្លួន​អង្គុយ ការ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​និង​ឧបករណ៍​អេឡិច​ត្រូនិក​ក្នុង​បន្ទប់​ប្រឡង ការ​អង្គុយ​ខុស​ពី​លេខ​តុ​របស់​ខ្លួន​ឬ​រំកិល​មក​អង្គុយកៀក​អ្នក​ដទៃ ការបង្ក​​ឲ្យ​អ្នក​ដទៃ​ចម្លង និង​ការ​ប្ដូរ​សន្លឹក​កិច្ច​ការ​គ្នា​ជា​ដើម គឺ​សុទ្ធ​តែ​ចាត់​ទុក​ថា​ជា​សកម្មភាព​លួច​ចម្លង ហើយ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ទទួល​បាន​ពិន្ទុ​សូន្យ ព្រម​ទាំង​​បញ្ឈប់​មិន​ឲ្យ​ប្រឡង​ត​ទៅ​ទៀត​ដូច​គ្នា​។

ចំណែកបេក្ខជន​ដែលមក​ដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​២ នឹង​​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ទេ​។ ក្រៅ​ពី​នោះ ប្រសិន​បើ​បេក្ខជន​ដាក់​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ ឬឆ្លើយ​សំណួរ​ដោយ​វិចារឬ​ខ្លឹមសារ​ដូច​គ្នា​ទៅ​នឹង​សំណៅ​វិញ្ញាសារ បេក្ខជន​នោះ​នឹង​ត្រូវទទួល​បាន​ពិន្ទុ​សូន្យ​។ ដោយ​ឡែក នៅ​ក្នុង​ពេល​ប្រឡង ប្រសិន​បើ​បេក្ខជន​ដើរ​ចុះឡើង​ដោយ​គ្មាន​ការ​អនុ​ញ្ញា​ត ហែក​សន្លឹក​កិច្ចការ ផ្លាស់កន្លែង​អង្គុយ សរសេរ​លើ​សន្លឹក​កិច្ច​អ្នកដទៃ​, បេក្ខជន​នោះ​នឹង​ត្រូវ​ធ្លាក់​និង​ផ្អាក​មិន​ឲ្យ​ប្រឡង​១​ឆ្នាំ​។ ចំពោះ​បេក្ខជន​ណា ដែល​យក​អាវុធជាតិផ្ទុះ​ចូលក្នុង​បន្ទប់​ប្រឡង និង​ឲ្យ​អ្នកដទៃ​មក​ប្រឡង​ជំនួស ឬ​ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​ក្នុង​បន្ទប់​ប្រឡង ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ប្រឡង​២​ឆ្នាំ​​ ឬ​អាច​ត្រូវ​​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​ថែម​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI