កម្ពុជា-គ្រឿងញៀន

យុវជន​បង្ហោះ​លក់​គ្រឿង​ញៀន​តាម​ហ្វេស​ប៊ុក​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ​

គណនី​ហ្វេសប៊ុក​ឈ្មោះ បង​កែវ អង្គរ​ជុំ ដែល​បង្ហោះ​លក់​គ្រឿង​ញៀន​នៅ​លើ​បណ្តាញ​សង្គម
គណនី​ហ្វេសប៊ុក​ឈ្មោះ បង​កែវ អង្គរ​ជុំ ដែល​បង្ហោះ​លក់​គ្រឿង​ញៀន​នៅ​លើ​បណ្តាញ​សង្គម @facebook

យុវជន​ម្នាក់​បង្ហោះ​លក់​គ្រឿង​ញៀន​តាម​ហ្វេស​ប៊ុក​ ត្រូវ​បាន​ស្រាវជ្រាវ​ដឹងថា​ កំពុង​រស់​នៅ​ប្រទេស​ថៃ​។ ស្នង​ការ​ប៉ូលីស​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​ក៏បាន​អំពាវនាវ​ ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ និង​ប្រជាពល​រដ្ឋ​ ចូលរួម​សហការ​ផ្ដល់​ព័ត៌មាន​ ដើម្បី​ធ្វើ​ការនាំ​ខ្លួន​យុវជន​រូប​នោះ មក​សាកសួរ​ចាត់​​វិធានការ​​តាម​​ច្បាប់។

ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ​ តាន់​ គឹម​ច័ន្ទ​វាសនា​ និង​ ​ទី​ កញ្ញា​

ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦​ កក្កដា​ បាន​សរសេរ​នៅលើ​គណនី​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា​ យុវជន​មាន​គណនី​ហ្វេស​ប៊ុក​ឈ្មោះ​ បង​កែវ​ អង្គរជុំ​ ដែល​អះអាង​ថាជា​អ្នក​លក់​គ្រឿង​ញៀន​នៅ​អង្គរ​ជុំ​ មាន​ឈ្មោះ​ពិតគឺ​ ហ៊ីញ​ គឹម​ហុង​ ហៅ​កែវ​ ហើយ​ពេលនេះ​រូបគេ​ពុំមាន​វត្តមាន​នៅ​លើទឹកដី​ ស្រុក​អង្គរ​ជុំ​ នៃ​ខេត្ត​សៀមរាប​ទេ​។

ការ​បញ្ជាក់​របស់​ស្នង​ការ​ខេត្ត​សៀមរាប​ដូ​ច្នេះ​ ខណៈ​ដែល​យុវជន​ ហ៊ីញ​ គឹម​ហុង​ បាន​សរសេរ​នៅលើ​គណនី​ហ្វេស​ប៊ុក​របស់​ខ្លួន​អំពី​ការ​ លក់​ម្សៅ​មេតំ​ហ្វេ​តា​មីន​(Ice)​ និង​បង្ហោះ​វីដេអូ​​សកម្មភាព​សេព​ថ្នាំ​ញៀន​ខុស​ច្បាប់​ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ សន្តិ​សុខ​ សុវត្ថិ​ភាព​ សង្គម​យ៉ាង​ធ្ងន់ធ្ងរ​ ។ តាម​ស្នង​ការ​ប៉ូលីស​ អាជ្ញា​ធរ​ ក៏​ដូចជា​ការិ​យា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​សៀមរាប​ បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ប្រជា​ពល​រដ្ឋ​ សហការ​ផ្ដល់​ព័ត៌មាន​ ដើម្បី​នាំ​ខ្លួន​យុវជន​នេះ​ មក​ធ្វើ​ការសាក​សួរ​។

ទាក់ទង​ទៅនឹង​ការ​បង្ហោះ​លក់​គ្រឿង​ញៀន​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នេះ​ដែរ ​កាលពី​ថ្ងៃ​ទី​២៦​ កក្កដា​ លោក​ មាស​​ វី​រិ​ទ្ធ អគ្គ​លេខា​ធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក៏​បាន​ចាប់​អារម្មណ៍​និង​ណែនាំ​កំលាំង​សមត្ថ​កិច្ច​ជំនាញ​របស់​លោក​ ឲ្យ​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ជុំវិញ​ករណី​នេះដែរ​។

គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី២៥​ កក្កដា​ គណនី​ហ្វេស​ប៊ុក​ដែលមាន​ឈ្មោះ​ថា​បង​កែវ​ អង្គរ​ជុំ​ បាន​បង្ហោះ​លក់​គ្រឿង​ញៀន​ប្រភេទ​ទឹកកក​នៅលើ​គណនី​របស់​ខ្លួន​។ ហើយបើតាម​ខ្លឹមសារ​នៃការ​បង្ហោះ​របស់​យុវជន​ម្នាក់​នេះ​កន្លង​មក​ មើលទៅ​ហាក់ដូចជា​មិន​ខ្លាច​ញញើត​នឹង​សមត្ថ​កិច្ច​ទាល់​តែសោះ​ ព្រោះ​នេះមិនមែន​ជា​លើក​ដំបូង​ទេដែល​គេ​បង្ហោះ​លក់តាម​បណ្តាញ​សង្គម​។ លើសពីនេះ​ គណនី​ហ្វេសប៊ុក​នេះថែមទាំង​ប្រើ​ប្រាស់​ពាក្យ​ធ្ងន់ៗ​ថា​ បើ​សមត្ថ​កិច្ច​ខ្លាំង​អោយ​ទៅចាប់គេ​ចុះ​ គេបាន​ប្រាប់​ពីទីតាំង​ និង​កន្លែង​ស្នាក់​នៅរបស់​គេថែមទៀត​។ យុវជន​រូបនេះបា​ន​ប្រើ​ប្រាស់​ពាក្យ​ស្លោក​របស់​គេថា​“ជក់​ថ្ងៃ​មិន​គ្រប់​ជក់​យប់​បន្ថែម​”។

ករណី​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហើយ​បង្ហោះ​តាម​ហ្វេស​ប៊ុក​នេះ​ កន្លង​មក​ ធ្លាប់​ត្រូវបាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​ម្ដង​រួច​មកហើយ​ នៅ​ខេត្ត​បាត់ដំបង​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI