កម្ពុជា-សង្គម

​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​កំពុង​ដំណើរ​ការ​ប្រកប​ដោយ​គុណ​ភាព​ដដែល បន្ទាប់​ពី​អស់​លោក​វេជ្ជបណ្ឌិត​ Beat RICHNER​

ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងសម្ពោធដាក់ឲ្យប្រើប្រាស់ «អគ្គាគន្ធបុប្ផា សីហមុនី មុនិនាថ»នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងសម្ពោធដាក់ឲ្យប្រើប្រាស់ «អគ្គាគន្ធបុប្ផា សីហមុនី មុនិនាថ»នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ @FB

ព្រះ​ករុណា​ព្រះ​បាទ សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា និង​សម្តេច​ព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហនុ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​យាង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ «អគ្គា​គន្ធ​បុប្ផា សីហមុនី មុនិនាថ»នៃ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​។ គឺ​ជា​អគារ​ថ្មី ដែល​ត្រូវ​បាន​សាង​សង់​ឡើង​វិញ បន្ទាប់​ពី​អគារ​ដែល​ជា​ស្នា​ព្រះហស្ថ​របស់​ព្រះករុណា​សម្តេច​ឱ​នៃ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​១ សាង​សង់​ឡើង​កាល​ពីឆ្នាំ១៩៥៩ មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​។ ឆ្លៀត​ក្នុង​ឱកាស​នេះ វិទ្យុ​បារាំង​RFI សូម​បង្ហាញ​ឡើង​វិញ​ពី​ស្ថាន​ភាព​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បន្ទាប់​ពី​មរណ​ភាព​របស់​លោក​វេជ្ជ​បណ្ឌិត Beat RICHNER។ 

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​លោក​វេជ្ជ​បណ្ឌិត Beat RICHNER ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បាន​ទទួល​មរណ​ភាព​កាល​ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨​កន្លង​ទៅ នៅ​ឯ​ស្រុក​កំណើត​របស់​លោក​នា​ប្រទេស​ស្វីស មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល​កម្ពុជា​។ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ របៀប​របប​ធ្វើការ និង​សេវា​ពិនិត្យ​ព្យាបាល​ប្រកប​ដោយ​គុណ​ភាព​ឡើយ​។ មន្ទីរ​ពេទ្យ​សប្បុរស​ធម៌​នេះ បាន​ស្ថិត​នៅ​ក្រោម​ការ​ចាត់​ចែង​របស់​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា ដែល​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​។

មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា បាន​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ​ជាង​១៥​លាន​ដុល្លារ ដែល​បាន​មក​ពី​ការ​ចលនា​ចូល​រួម​ពី​សប្បរស​ជន ដោយ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា រួម​នឹង​ថវិកា​របស់​កាក​បាទ​ក្រហម​កម្ពុជា​ចំនួន​១លាន​ដុល្លារ ត្រូវ​បាន​ផ្តល់​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ក្នុង​១ឆ្នាំៗ និង​ការ​សន្យា​ផ្តល់​ជំនួយ​ប្រចាំ​ឆ្នាំ​ពី​រដ្ឋាភិ​បាល​ស្វីស​ផង​ដែរ​។

លោក​វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល បាន​ថ្លែង​ថា រយៈ​ពេល​៧ខែ ឆ្នាំ​២០១៩​នេះ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បាន​ទទួល​ពិនិត្យ ព្យាបាល​កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​បាន​ចំនួន​ជាង ៥៧០ ០០០​ករណី និង​ព្យាបាល​កុមារ​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​បាន​ចំនួន​ជាង ១១០ ០០០នាក់ គឺ​កើន​ច្រើន​ជាង​ឆ្នាំ​២០១៨ ក្នុង​រយៈ​ពេល​ដូចគ្នា​ប្រមាណ​៣០%​។ ដោយ​ឡែក​ស្រ្តី​សម្រាល​កូន​មាន​ចំនួន​ជាង ១៤ ០០០នាក់ ហើយ​អត្រា​មរណ​ភាព​កុមារ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ទាប គឺ​មាន ០,២៣%​ប៉ុណ្ណោះ​។

ជុំវិញ​ដំណើរ​ការ​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​៥ ក្រោយ​ការ​បាត់​បង់​លោក​វេជ្ជ​បណ្ឌិត Beat RICHNER នេះ លោក​បណ្ឌិត នុត សម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​ជីវ​សាស្ត្រ វេជ្ជ​សាស្ត្រ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា កត់​សម្គាល់​ថា ដោយ​មិន​និយាយ​ដល់​ភាព​រអាក់​រអួល​ពី​ដំបូង ដំណើរ​ការ​របស់​មន្ទីរ​ពេទ្យ​នេះ មាន​ភាព​ប្រក្រតី ដូច​កាល​ដែល​ស្ថាបនិក​មន្ទីរ​ពេទ្យ​នេះ នៅ​គ្រប់​គ្រង​ដូច្នេះ​ដែរ​។ លោក​ថា ការ​តាំង​ចិត្ត​មោះ​មុត របស់​រដ្ឋា​ភិបាល និង​ឈាន​ទៅ​ធ្វើ​ជា​គំរូ​គេ​នៃ​ប្រព័ន្ធ​សុខា​ភិបាល​កម្ពុជា ទៅ​អនាគត នឹង​មិន​មាន​អ្វី​គួរ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឡើយ​។

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ១៩៩២​មក ជា​ពេល​វេលា​ដែល​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​៥ បាន​បើក​ទ្វារ​ឡើង​វិញ​ដោយ​លោក​វេជ្ជ​បណ្ឌិត Beat RICHNER បន្ទាប់​ពី​ត្រូវ​បាន​អាក់​ខាន​ដោយ​របប​ប្រល័យ​ពូជ​សាសន៍​។ ចាប់​តាំង​ពី​ពេល​នេះ​មក​មន្ទីរ​មន្ទី​ពេទ្យ​នេះ បាន​ទទួល​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ​ជា​ច្រើន​លាន​នាក់ ហើយ​ចំណាយ​ថវិកា​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ គិត​មក​ត្រឹម​ឆ្នាំ​២០១៧ ដែល​ជា​ខួប​២៥​ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI