ទស្សនៈព្រឹត្តិការណ៍ខ្មែរ

១៧​មេសា​១៩៧៥ គួរ​ទុក​ជា​មេរៀន​ប្រវត្តិ​សាស្ត្រ​ជា​រៀង​រហូត​សម្រាប់​អ្នក​ជំនាន់​ក្រោយ​

សំឡេង ០៥:២៣
ចៅក្រុមនិង​មន្ត្រី​​នៃ​តុលាការ​ខ្មែរក្រហម (អ.វ.ត.ក.)។
ចៅក្រុមនិង​មន្ត្រី​​នៃ​តុលាការ​ខ្មែរក្រហម (អ.វ.ត.ក.)។ ©វណ្ណារ៉ា/RFI

៤០​​ឆ្នាំ​កន្លង​ផុត​ទៅ យុត្តិធម៌​ត្រូវ​បាន​កំពុង​ស្វែងរក តែ​ថ្ងៃ​១៧​មេសា​១៩៧៥ ក៏​គេ​មិន​ត្រូវ​បំភ្លេច​ផង​​ដែរ។ កាល​បរិច្ឆេទ​ដ៏​ខ្មៅ​ងងឹត​នេះ​ហើយ ដែល​នាំ​ប្រទេស​ជាតិ​និង​ប្រជាជន​កម្ពុជា​ធ្លាក់​ចូលទៅ​ក្នុង​របប​នៃ​ការ​កាប់​សម្លាប់​ផ្តាច់ផ្តិល​ឥត​មេត្តា ដែល​ដឹកនាំ​ដោយ​កម្ពុជា​ប្រជាធិបតេយ្យ។ ថ្ងៃ​១៧​មេសា គួរ​តែ​ត្រូវ​បាន​ចងចាំ ជានិច្ច​នៅ​ក្នុង​ចិត្ត​មេដឹកនាំ​និង​ប្រជាជន ខណៈ​ដែល​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​បច្ចុប្បន្ន​ផង​ដែរ។ មេរៀន​ប្រវត្តិសាស្ត្រ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​ដើរ​ថយ​ក្រោយ​ជា​ច្រើន​ជំហាន បន្ទាប់​ពី​អ្វីៗ​ត្រូវ​បាន​បំផ្លាញ​អស់គ្មាន​សល់ តែ​រយៈពេល​ជាង​៣​ឆ្នាំ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

 

ថ្ងៃ​១៧​មេសា​ឆ្នាំ​២០១៥​នេះ គឺ​ជា​ខួប​គម្រប់​៤០​ឆ្នាំ​គត់ ដែល​ពលរដ្ឋ​ខ្មែរ​ជា​ពិសេស​មនុស្ស​វ័យ
ជាង​៤០​ផ្លា​យ​នៅ​ចងចាំ​ថា ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥ គឺ​ជា​ថ្ងៃ​ដែល​ប្រជាជន​និង​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ភាព​រន្ធត់​ពន់ពេក​បណ្តាល​មក​ពី​ការ​កាប់​សម្លាប់​ដោយ​របប​ខ្មែរក្រហម។

១៧​មេសា​១៩៧៥ គឺ​ជា​ពេលវេលា​មួយ​ដែល​កងទ័ព​ខ្មែរក្រហម ក្រោម​ការ​ដឹកនាំ​របស់ សាឡុត ​ស ហៅ​ប៉ុល ពត បាន​ផ្តួល​រំលំ​ដោយ​កំលាំង​ប្រដាប់​អាវុធ​លើ​របប​សាធារណរដ្ឋ​ខ្មែរ លន់ ណ​ល់ ដែល​មាន​ការ​រិះគន់​ថា​ជា​របប​មូលធន សក្តិភូមិ​និយម។ តែ​របប​សក្តិភូមិ​និយម ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ១៩៧០ ក៏​បាន​កើត​មក​ពី​កា​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​ព្រះករុណា​សម្តេច នរោត្តម សីហនុ ឬ​សម្តេច​ឪ​ផង​ដែរ។

តាម​ការ​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​នៃ​ការ​ផ្តួល​រលំ​បន្តបន្ទាប់​គ្នា​រវាង​មេដឹកនាំ​ខ្មែរ​ពី​អតីតកាល ជា​ច្រើន​ទសវត្ស​កន្លង​ទៅ​នេះ ឃើញ​ថា​បណ្តាល​មក​ពី​ហេតុផល​នយោបាយ​ផ្សេងៗ​គ្នា ដើម្បី
ក្តោប​យក​អំណាច​មក​កាន់​ក្នុង​ដៃ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ​គឺ​នៅ​ពេល​ដែល​អ្នក
នយោបាយ ដណ្តើម​បាន​អំណាច​មក​ក្នុង​ដៃ​ហើយ គឺ​មេដឹកនាំ​ខ្លះ​ដឹកនាំ​ត្រូវ ធ្វើ​ឲ្យ​ប្រទេស
​មាន​ការ​រីកចំរើន ជឿនលឿន។​រីឯ​មេដឹកនាំ​ខ្លះ​ទៀត​បាន​អំណាច​មក​ហើយ​ធ្វើ​ឲ្យ​ប្រទេស​និង​ប្រជាជន​ចុះ​នរក​ទាំង​រស់​ដូចជា​ករណី​របប​ខ្មែរក្រហម​នេះ​ជាដើម។

នៅ​ជំនាន់​សង្គម​រាស្ត្រ​និយម ដោយ​សារ​តែ​មាន​ការ​ដឹក​នាំ​ល្អ ប្រជាជនមាន​សេដ្ឋកិច្ច​ធូរធារ
ទើប​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​ចារ​ទុក​និង​និយាយ​តៗ​គ្នា​ដល់​ក្មេង​ជំនាន់​ក្រោយ​រហូត​ដល់​បច្ចុប្បន្ន​ដោយ​ឪពុក ម្តាយ ដែល​ជា​គ្រូ​បង្រៀន អួត​ប្រាប់​កូនៗ​ថា «ពី​សង្គម ធ្វើការ​តែ​ម្នាក់​ចិញ្ចឹម​មួយ​គ្រួសារ» ជា​ដើម។ ជា​មួយ​គ្នា​នេះ ប្រវត្តិសាស្ត្រ​អាក្រក់​បំផុត​ដែល​ជាន់​ពន្លិច​ប្រទេស​កម្ពុជា​ដល់​ឋាន​បាត​ដាល ផ្តើម​ចេញ​ពី​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥ នោះ​មិន​ត្រូវ​បាន​ទទួល​ពាក្យ​លើក​តម្កើង​ដូច្នេះ​ទេ។

ថ្វី​ត្បិត​តែ​គ្រប់​គ្នា​បាន​ដឹង​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ដឹង​ពី​ការ​កាប់​សម្លាប់​ប្រាកដ​មែន ក៏ប៉ុន្តែ​ទាក់​ទង​ទៅ​នឹង​ឫសគល់​ពិត​ប្រាកដ​នៃ​ថ្ងៃ​១៧​មេសា ដែល​ជា​ថ្ងៃ​ដ៏​ជូរ​ចត់​របស់​ខ្មែរ​ហាក់ដូច​ជា​មិន​ត្រូវ​បាន​រម្លឹក​ញឹកញាប់ និង​ចាត់​ចូល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​តម្រូវ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ចងចាំ​ជា​ផ្លូវការ​នោះទេ។

ការ​កាប់​សម្លាប់​ប្រជាជន​ខ្លួនឯង រហូត​ជិត​២​លាន​នាក់ បាន​កើត​ឡើង​ដោយ​សារ​កំហុស​ឆ្គង
របស់​មេដឹកនាំ ដែល​កាច់​ចង្កូត​ប្រទេស​ទៅ​រក​ក្តី​វិនាស។​ដូច្នេះ​កំហុស​ឆ្គង​ជា​ប្រវត្តិសាស្ត្រ​នេះ គួរ​ត្រូវ​បាន​គិតគូរ និង​ចាត់​ទុក​ថា​ជា​បទពិសោធ​របស់​ប្រទេស​កម្ពុជា បណ្តាល​មក​ពី​ក្រុម​អ្នក
នយោបាយ​ដណ្តើម​អំណាច​គ្នា សងសឹក​គ្នា ដោយ​អនុវត្តតាម​ទ្រឹស្តី«ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី»។

ជា​ការ​ពិត​ទ្រឹស្តី​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​មេដឹកនាំ​នយោបាយ​បច្ចុប្បន្ន ព្រោះថា​វា​ជា​ពាក្យ​មួយ​ឃ្លា​ដែល​នាំ​ឲ្យ​មាន​ការ​វិនាស​ហិន​ហោច​ដល់​ប្រទេសជាតិ​និង​ប្រជាជន។​ការ​លើកឡើង​ពី​ទ្រឹស្តី​នេះ​បើ​ចំ​មេដឹកនាំ​ដែល​មាន​សីលធម៌​និង​គុណធម៌ នោះ​សន្តិភាព​នឹង​កើត​មាន តែបើ​ស៊យ​ចំ​មេដឹកនាំ​ដូចជា​ការ​ចាប់ផ្តើម​កាល​ពី​ការ​គ្រប់គ្រង​អំណាច​នៅ​ថ្ងៃទី​១៧​មេសា​១៩៧៥ វិញ ប្រាកដ​ជា​ជួប​មហា​សោកនាដកម្ម​ជាក់​ជា​មិន​ខាន។​ ដូច្នេះ​អ្នក​នយោបាយ​ជា​ពិសេស​មេដឹកនាំ​ពី​របប​មួយ​ទៅ​របប​មួយ ត្រូវ​យក​ចំណុច​គន្លឹះ​នៃ​មេរៀន​ជីវិត​ប្រទេស​កម្ពុជា​ថ្ងៃ​១៧​មេសា​នេះ​ទៅ​ពិចារណា ហើយ​អាណិត​អាសូរ​ដល់​ប្រជាជន​ដ៏​ស្លូត​ត្រង់​របស់​ខ្លួន​ដែលមិន​មាន​កំហុស ព្រម​ទាំង​ស្រណោះ​ផង​ដែរ​ដល់​ប្រទេស​ជាតិ​ដែល​កំពុង​ធ្វើ​ដំណើរ​យឺត​ជាង​គេ​ធៀប​ទៅ​នឹង​ប្រទេស​ដែល​មិន​មាន​សង្គ្រាម​កន្លង​មក។

មួយ​វិញ​ទៀត នៅ​ក្នុង​ក្រសែ​ភ្នែក​ពលរដ្ឋ​ខ្មែរ​ក៏​ដូចជា​ជន​បរទេស ដែល​បាន​ជួប​ហេតុការណ៍​ថ្ងៃ​១៧​មេសា១៩៧៥ តែង​លើក​ឡើង​ថា ថ្ងៃ​នោះ គួរ​តែ​ជា​មេរៀន​ប្រវត្តិសាស្ត្រ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ពោល​គឺ​គេ​មិន​ត្រូវ​បំភ្លេច​មេរៀន​ដ៏​ជូរចត់​ដូច្នេះ​ទេ។ ភាព​ជ្រាំ​ដែល នៃ​ប្រវត្តិសាស្ត្រ​អាច​កើត​មាន​ជាយ​ថា​ហេតុ​ប្រសិន​បើ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​និង​មើល​ស្រាល​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​បំផុត​នេះ។

ងាក​ទៅ​មើល​បច្ចុប្បន្នភាព​នៃ​ប្រទេស​កម្ពុជា​វិញ មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរក្រហម​រួម​មាន​នួន ជា និង ខៀវ សំផន ថ្វី​ត្បិត​តែ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​សំណុំ​រឿង​០០២ វគ្គ២ ហើយ​កាំង​ហ្គេច​អៀវ ហៅ​ឌុ​ច ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​មួយ​រូប​ដែរ​នោះ​ត្រូវ​ប្រកាស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ដោយ​សាល​ក្រម​សាលាក្តី​ខ្មែរក្រហម​ក៏​ដោយ ក៏​អ្វីៗ​បាន​ហួស​ពេល​អស់​ទៅ​ហើយ។
 

យុត្តិធម៌​ត្រូវ​បាន​គេ​មើល​ឃើញ និង​កំពុង​ញាប់​ដៃ​ញាប់​ជើង ដាក់​ទោស​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ខុសក៏​ប៉ុន្តែ​យក​ល្អ​គួរ​តែ​ចៀសវាង​ពី​ដើម​ទី គឺ​ការ​ការពារ​ប្រសើរ​ជាង​តាម​រក​យុត្តិ​ធម៌​ដែល​សោះកក្រោះ​ដូច្នេះ។ នៅ​ក្នុង​ដំណើរ​ការ​ស្វែងរក​យុត្តិធម៌​រយៈពេល​មួយ​ដ៏​យូរ សាច់ញាតិ​អ្នក​ដែល​បាន​បាត់បង់​ជីវិត មិន​ត្រឹម​តែ​បង្ហូរ​ទឹក​ភ្នែក​ខ្សោះ​ពី​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥ និង​ឆ្លង​កាត់​របប​កាប់​សម្លាប់​ជាង​៣​ឆ្នាំ​នោះ​ទេ គឺ​ទឹក​ភ្នែក​បាន​បន្ត​បង្ហូរ​មិន​ឈប់​រហូត​ដល់​បច្ចុប្បន្ន​នៅ​ពេល​ដែល​ពួកគេ​រម្លឹក​ពី​ការ​ស្លាប់​បាត់បង់​ជីវិត​ទាំង​ពូជៗ ការ​ព្រាត់ប្រាស់​និរាស​ខ្លោច​ផ្សារ​សាច់​ញាតិ​ទាំង​គ្រួសារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI