មេបាតុករហុងកុងគាំទ្រមាតុភូមិនិវត្តន៍របស់ លោកសម រង្ស៊ី
នៅតែ៨ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ថ្ងៃកំណត់ដែលលោកសម រង្ស៊ី និងសហការីវិលត្រឡប់ចូលប្រទេសកម្ពុជាវិញតាមការសន្យា។ មុនដល់ថ្ងៃកំណត់មកវិញ លោក សម រង្ស៊ី បានចេញនូវវីដេអូឃ្លីបជាបន្តបន្ទាប់ទាំងជាភាសាខ្មែរ និងអង់គ្លេស ដោយបានប្រកាសដាក់អាយុជីវិត និង សេរីភាពផ្ទាល់ខ្លួន ដើម្បីចូលមកកម្ពុជាឱ្យបាន។ ចំណែក មេបាតុករវ័យក្មេងនៅហុងកុងវិញ ក៏បានគាំទ្រនូវដំណើរមាតុភូមិនិវត្តន៍នេះផងដែរ ហើយថែមទាំងបានស្នើឱ្យសហគមន៍អន្តរជាតិជួយឃ្លាំមើលព្រឹត្តិការណ៍នេះថែមទៀតផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាមរយៈបណ្តាញសង្គមធ្វីតធ័រ (Twitter) កាលពីថ្ងៃទី៣១ ខែតុលា លោក Joshua Wong មេដឹកនាំក្រុមបាតុករនៅទីក្រុងហុងកុង បានសរសេរដូច្នេះថា៖«លោកហៃ វណ្ណា នឹងត្រឡប់ទៅកាន់ប្រទេសកម្ពុជាជាមួយមេដឹកនាំរបស់គាត់ គឺលោក សម រង្ស៊ី ដែលជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិនៅថ្ងៃទី០៩ ខែវិច្ឆិកា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅកម្ពុជា។ ដូច្នេះហើយ ខ្ញុំសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការឃ្លាំមើលពីព្រឹត្តិការណ៍នេះផង»។ ជាមួយនឹងការអំពាវនាវយ៉ាងនេះ លោកមេបាតុករវ័យក្មេងរូបនេះ ក៏បានបង្ហាញការគាំទ្រដល់ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ផងដែរ ដោយបញ្ជាក់ពីជំហរឈរខាងលោក សម រង្ស៊ី ព្រោះលោកចាត់ទុកថា ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ីនេះ គឺដើម្បីលទ្ធិប្រជាធិបតេយ្យ។
ឆ្លើយតបនឹងការអំពាវនាវនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មយ៉ាងខ្លីថា រដ្ឋាភិបាល និង អាជ្ញាធរកម្ពុជាមិនចាប់អារម្មណ៍បន្តិចសោះឡើយចំពោះការលើកឡើងរបស់មេបាតុករហុងកុងរូបនេះ ហើយថា ស្ថានភាពនៅកម្ពុជាមិនដូចនៅហុងកុងនោះទេ។ ចំពោះផែនការវិលត្រឡប់របស់លោក សម រង្ស៊ីវិញ លោកសុខ ឥសាន បានគូសបញ្ជាក់ជាថ្មីថា អាជ្ញាធរកម្ពុជានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ និង បានអះអាងថា វាសនារបស់លោក សម រង្ស៊ី នឹងត្រូវស្ថិតនៅក្នុងពន្ធនាគារ បើហ៊ានចូលមកកម្ពុជា។
ក៏ប៉ុន្តែ លោក សម រង្ស៊ី បានប្រកាសនៅក្នុងឃ្លីបវីដេអូដែលបានចេញផ្សាយជាបន្តបន្ទាប់ទាំងជាភាសាខ្មែរ និងអង់គ្លេសថា លោកសុខចិត្តបូជាជីវិត និង សេរីភាពផ្ទាល់ខ្លួនរបស់លោក ដើម្បីប្តូរយកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និង សិទ្ធិ សេរីភាពជូនដល់ប្រជាពលរដ្ឋខ្មែរតាមរយៈការវិលចូលមកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ។
ដំណើរមាតុភូមិន៍នេះ លោក សម រង្ស៊ី បានគូសបញ្ជាក់ថា នឹងបង្ហាញឱ្យដឹងលម្អិតនៅថ្ងៃទី០៦ ខែវិច្ឆិកា។ ប៉ុន្តែលោកស្រី មួរ សុខហួរ ដែលជាអនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានអះអាងឱ្យដឹងថា លោកសម រង្ស៊ី នឹងចូលមកតាមរយៈប្រទេសថៃ ហើយអះអាងទៀតថា ពលករខ្មែរនៅប្រទេសថៃនឹងរៀបចំខ្លួនជាក្រុមៗ ដើម្បីអមដំណើរលោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ