កម្ពុជា

ប្រជុំ​ព្រឹទ្ធសភា​ពេញ​អង្គ​នឹង​ធ្វើ​ឡើង​មិន​លើស​ពី​២​ថ្ងៃ​បន្ទាប់​ពី​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍

Reuters

បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បើក​កិច្ច​ប្រជុំ​នៅ​រសៀល​នេះ​ទាក់ទង​ទៅ​នឹង​ការ​ពិនិត្យ​របាយការណ៍​សមត្ថកិច្ច​លើ​ករណី​លោក ហុង សុខហួរ រួម​ទាំង​មាន​ការ​ពិនិត្យ​សំណើរ​កិច្ច​ប្រជុំ​សំងាត់​ផង​នោះ កិច្ច​ប្រជុំ​ព្រឹទ្ធសភា​ពេញ​អង្គ​នឹង​ត្រូវ​ធ្វើ​ឡើង​មិន​ហួស​ពី​២​ថ្ងៃ​ក្នុង​ករណី​បន្ទាន់។

ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បាន​ថ្លែង​«នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៤០​រូប បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធសភា ដែល​នឹង​កំណត់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​លើ​ករណី​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​លោក​ហុង សុខហួរ ដែល​ត្រូវ​ការ​សម្លេង ​២​ភាគ​៣។

ក៏​ប៉ុន្តែ​មុន​នឹង​ឈាន​ទៅ​ដល់​កិច្ច​ប្រជុំ​សំខាន់​នេះ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​បាន​ប្រកាស​នៅ​ថ្ងៃ​ដដែល​ថា​ កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​រសៀល​នេះ ដោយ​ត្រូវ​ពិនិត្យ​របាយការណ៍​របស់​ក្រសួង​មាន​សមត្ថកិច្ច​អំពី​ករណី​លោក​ ហុង សុខហួរ​សមាជិក​ព្រឹទ្ធសភា​មក​ពី​មណ្ឌល​ភូមិ​ភាគ​៤​របស់​គណបក្ស​សម រង្សី។ ក្នុង​របៀប​វារៈ​នោះ​ដែរ​ ក៏​មាន​ការ​ពិនិត្យ​សំណើរ​របស់​សមាជិក​ព្រឹទ្ធសភា​សុំ​កោះ​ប្រជុំ​ព្រឹទ្ធសភា​ជា​សំងាត់ ដើម្បី​កំណត់​កាល​បរិច្ឆេទ​កិច្ច​ប្រជុំ​ព្រឹទ្ធសភា​ពេញ​អង្គ។

លោក ហុង សុខហួរ បច្ចុប្បន្ន​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស បន្ទាប់​ពី​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​មុន ហើយ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​បី​ករណី​ទាក់ទង​ទៅ​នឹង​បញ្ហា​ព្រំដែន គឺ​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ក៏​ប៉ុន្តែ​លោក ហុង សុខហួរ នៅ​មិន​ទាន់​ត្រូវ​បាន​ដក​អភ័យឯកសិទ្ធ​នៅ​ឡើយ​ទេ យោង​តាម​មាត្រា​៥​និង​មាត្រ ១២ នៃលក្ខន្តិកៈព្រឹទ្ធសភា និង​មាត្រា​១០៤​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​សមត្ថកិច្ច​អាច​ចាប់​និង​ឃាត់​ខ្លួន​បាន​ចំពោះ​បទ​លើ្មស​ជាក់​ស្តែង។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង។

លោក​បញ្ជាក់​ថា​កិច្ច​ប្រជុំ​ព្រឹទ្ធសភា​ពេញ​អង្គ​នឹង​ត្រូវ​ធ្វើ​មិន​ឲ្យ​លើស​ពី​២​ថ្ងៃ​នោះ​ទេ ប្រសិន​បើ​ព្រឹទ្ធសភា​សម្រេច​ថា​ជា​កិច្ចការ​ប្រញាប់​ឬ​បន្ទាន់ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ដើម្បី​ផ្ទៀងផ្ទាត់​របាយការណ៍​របស់​សមត្ថកិច្ច និង​ប្រជុំ​ជា​សំងាត់។ អ្នក​នាំ​ពាក្យ​និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​មិន​មាន​ការ​ពន្យល់​អ្វី​ទេ ទាក់ទង​នឹង​ការ​ចូលរួម​លើ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI