កម្ពុជា

ព្រឹទ្ធសភា មិន​ទាន់​ដក​អភ័យឯកសិទ្ធិ​លោក​ហុង សុខហួរ ខណៈ​លោក​កំពុង​គេច​ខ្លួន​

លោក ហុង សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​គណបក្ស​​សង្រ្គោះជាតិ​ ដែល​ត្រូវ​បាន​លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​ចាប់​ខ្លួន។​
លោក ហុង សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​គណបក្ស​​សង្រ្គោះជាតិ​ ដែល​ត្រូវ​បាន​លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​ចាប់​ខ្លួន។​ RFI/ Siv Channa

គិត​មក​ដល់​ថ្ងៃសុក្រ​ ទី​ ១៤​សីហានេះ​ លោក​ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​​សម រង្ស៊ី​ នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​ ហើយ​ក៏​ពុំ​មាន​មជ្ឃដ្ឋាន​ណាមួយ​ដឹង​ថា តើ​លោក​កំពុង​ស្ថិត​នៅ​ទីណា​នោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា ព្រឹទ្ធសភា ក៏​នៅ​មិន​ទាន់​បាន​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​ដូច​ការ​គ្រោង​ទុក ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

គិត​មក​ដល់​ថ្ងៃ​សុក្រ ទី ១៤សីហា​នេះ គ្រប់គ្នា​ កំពុង​តែ​ដាក់​សញ្ញា​សួរ​ថា តើ​លោក​ហុង សុខហួរ កំពុង​ស្ថិត​នៅ​ទីណា បាន​ជា​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន បាន​យ៉ាង​ដូច្នេះ? លោក​ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សម រង្ស៊ី ​ទើប​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាស​ឲ្យ​តាម​ចាប់​ខ្លួន​កាល​ម្សិលមិញ ពី​បទ​ចោទ​ថា បាន​ក្បត់​ជាតិ ដោយ​ក្លែង​បន្លំ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម តាម​រយៈ​បណ្តាញ​សង្គម​ Facebook។

ជុំវិញ​រឿង​នេះ ប្រធាន​គណបក្ស​សម រង្ស៊ី លោក​គង់ គាំ បាន​ប្រាប់​វិទ្យុ​បារាំង​ថា លោក​បាន​ព្យាយាម​ជួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក​សាយ ឈុំ​ ណាស់​ដែរ តែ​មិន​បាន​សម្រេច​សោះ​ ដោយ​លោក​សាយ ​ឈុំ​ សំអាង ថា​ជាប់​រវល់។ តាម​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ព្រឹទ្ធសភា ត្រូវ​កោះ​ប្រជុំ​គណកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ របស់​លោក​ហុង សុខហួរ។ ប៉ុន្តែ​ កិច្ច​ប្រជុំនេះ មិន​ត្រូវ​បាន​ធ្វើ​ឡើង នោះ​ឡើយ​ ហើយ​ព្រឹទ្ធសភា ក៏​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជា​ថ្មី​ផង​ដែរ។

លោក​គង់ គាំ ចង់ឲ្យ​មាន​ការ​បញ្ជាក់​ជា​មុន​សិន ពី​ទោស​ព្រហ្មទណ្ឌ​របស់​លោក​ហុង សុខហួរ មុន​ពេល​មាន​ការ​ចោទ​ប្រកាន់​ និង​ចាប់​ខ្លួន។ ដដែល​ជាដដែល លោក​បាន​និយាយ​ថា ប្រសិន​ លោកហុងសុខហួរ អត្ថាធិប្បាយ​ខុស លោក​អាច​អត្ថាធិប្បាយ​កែ​តម្រូវ​ឡើង​វិញ​ចំពោះ​សាធារណៈ​មតិ​បាន។ លោក​គង់ គាំ នៅ​តែ​សង្ឃឹម​ថា ពេល​ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ ត្រឡប់​ពី​ប្រទេស​ក្រៅ​វិញ លោក​នឹង​អាច​បង្កើត​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​​លើ​បញ្ហា​នេះ​បាន។

ចំពោះ​ចំណាត់​ការ តាម​ចាប់​ខ្លួន​លោក​ហុង សុខហួរ​វិញ លោក​ខៀវ សុភ័ក្រ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹងថា កង​កម្លាំង​សមត្ថកិច្ច ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​កន្លែង​សំខាន់ៗ ដូចជា នៅ​តាម​បណ្តា​ស្ថានទូត មួយ​ចំនួន​ គ្រប់​តាម​ច្រក​ចេញ​ចូល នៅ​ទូទាំង​ប្រទេស​ និង​នៅ​ផ្ទះ​របស់​លោក​ហុង សុខហួរ​ជា​ដើម។ ហើយ​សមត្ថកិច្ច ក៏​គ្រោង​នឹង​ផ្តល់​រង្វាន់​ដល់​អ្នក​ដែល​អាច​ផ្តល់​ដំណឹង​ ដើម្បី​ឈាង​ទៅ​ដល់​ការ​ចាប់​ខ្លួន លោក​ហុង សុខហួរ ផង​ដែរ។ ក្នុង​នោះ ក្រសួង​មហាផ្ទៃ ក៏​បាន​សំណូម​ពរ ឲ្យ​បណ្តា​ស្ថានទូត​ជា​មិត្ត កុំ​ព្យាយាម​លាក់​ខ្លួន លោក​ហុង សុខហួរ ហើយ​គួរតែ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។

សូម​បញ្ជាក់​ថា ទោះបី​លោក​ហុង សុខហួរ មាន​សញ្ជាតិ​បារាំង​មួយ​ទៀត​ក៏​ដោយ តែ​ស្ថានទូត​បារាំង​ ប្រចាំ​ក្រុង​ភ្នំពេញ បាន​អះអាង​ថា ពួកគេ​មិន​បាន​លាក់​ទុក​តំណាង​រាស្ត្រ​រូប​នេះ​ទេ។ ហើយ​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​បារាំង លោក Nicolas Baudouin បាន​បញ្ជាក់​តាម​រយៈ​សារ​អេឡូចត្រូនិក​ មក​វិទ្យុបារាំង​ថា​​​ បារាំង​មិន​អាច​ធ្វើ​អន្តរាគម ឬ​ជ្រៀតជ្រែក លើ​ដីកា​តាម​ចាប់​ខ្លួន លោក​ហុង សុខហួរ​នោះ​ដែរ ​ព្រោះ​ថា​គាត់​ក៏​ជា​ពលរដ្ឋ​កម្ពុជា​ដែរ ប៉ុន្តែ​ស្ថានទូត នឹង​ផ្តល់​អ្នក​ប្រឹក្សា​ដល់​គាត់​ ប្រសិន​បើ​គាត់ ត្រូវ​ការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI