អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​នឹង​មាន​​សង្ឃឹម​​បន្ថែម​ទៀត​​នៅ​ពេល​​ជួប​​ម៉ា​កាវ​​ជើង​​ទី២​

ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​ យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​បាល់ទាត់​ម៉ាកាវ ​៣-0​
ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​ យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​បាល់ទាត់​ម៉ាកាវ ​៣-0​ RFI/ Siv Chana
ដោយ៖ ញឹម សុផល
១៤ នាទី

ជ័យជម្នះ​​របស់​​ក្រុម​​ជម្រើស​ជាតិ​​បាល់ទាត់​​កម្ពុជា​ ៣​ទល់​នឹង​០ ​លើ​​ក្រុម​​ជម្រើស​ជាតិ​​ម៉ា​កាវ​កាល​ពី​​ល្ងាច​ម្សិលមិញ ធ្វើ​​ឲ្យ​​អ្នក​​ស្នេហា​​វិស័យ​​បាល់ទាត់​​កម្ពុជា​ ជា​ពិសេស​​យុវជន​ ដែល​​បាន​​ប្រមូល​ផ្តុំ​​គ្នា​​ដ៏​​ច្រើន​សន្ធឹក​​សន្ធាប់​​ធ្វើការ​​ដង្ហែ​​ក្បួន​​អបអរសាទរ​​យ៉ាង​​គគ្រឹក​​គ​គ្រេង​​តាម​​ដងផ្លូវ​។សហ​ព័ន្ធ​​​កីឡាបាល់ទាត់​​កម្ពុជា​​រំពឹង​ថា ​កម្ពុជា​​នឹង​​លេង​​បាន​ល្អ​​ដូចនេះ​ នៅ​ពេល​​ជួប​គ្នា​​ជើង​​ទី២​នៅ​​ម៉ា​កាវ​​ដើម​​សប្តាហ៍​​ក្រោយ​​នៃ​​ការ​ប្រកួត​​ជម្រុះ​​បឋម​​បាល់ទាត់​​ពិភពលោក​​ឆ្នាំ​២​០១៨​នៅ​​ប្រទេស​​រុស្សី​។​

ផ្សាយពាណិជ្ជកម្ម

គ្រាប់​បាល់​ចំនួន៣គ្រាប់​ដែល​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទម្លុះសំណាញ់​ក្រុម​កីឡាករ​បាល់ទាត់ ម៉ា​កាវ កាលពី​ម្សិលមិញ​នៅ​ស្តា​ត​ចាស់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក ធ្វើ​ឲ្យ​ទស្សនិកជន​ជិត១ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​យុវជន​នោះ បង្កើន​ការអបអរ កងរំពង​ពេញ​ទាំង​ផ្ទៃ​ពហុកីឡាដ្ឋាន​ដ៏​ចំណាស់​នេះ។

ក្រុមយុវជន​មិន​ទៅណា​ទេ​នៅពេលដែល​ការប្រកួត៩០នាទី​ត្រូវ​បានបញ្ចប់ ពួកគេ​ស្រែកច្រៀង​ចម្រៀង​ស្នេហា​ជាតិ ធ្វើ​សញ្ញា​ស្វាគមន៍​កីឡាករ​កម្ពុជា និង​សុំ​ថតរូប​ជាមួយ​កីឡាករ​ជម្រើសជាតិ​ជាពិសេស​អ្នក​ដែល​រកបាន​គ្រាប់​បាល់​ជូន​ជាតិ​ដូចជា​លោកចាន់ វឌ្ឍនាកា និង​លោក ឃួន ឡា​បូ​រ៉ាវី ជាដើម។ មិនតែប៉ុណ្ណោះ​ក្រុមយុវជន​ដែល​ពី​មានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់កីឡាករ ហើយ​កំរ​មាន បាន​បន្ត​ដង្ហែ​ក្បួន​ជ័យជម្នះ​នេះ នៅតាម​វិថី​នានា​ក្នុង​ទីក្រុង​យ៉ាង​គគ្រឹកគគ្រេង​ផងដែរ។

លោកម៉ៃ តុលា អ្នកនាំពាក្យ​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ចាត់ទុកថា​ព្រឹត្តិការណ៍​ដែល​នាំមក​នូវ​ជ័យជម្នះ​ដោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នាពេល​នេះ បានបង្ហាញ​ពី​សមត្ថភាព និង​មោទនភាព​របស់​ជាតិ​ទាំងមូល។ ជា​លក្ខណៈ​បច្ចេកទេស កម្ពុជា​មានប្រៀប​ជាង​ម៉ា​កាវ លើ​បញ្ហា​អាកាសធាតុ​និង​ទឹកដី ហើយ​លោក​ជឿថា​កីឡាករ​កម្ពុជា​នឹង​លេង​បានល្អ​ដដែល នៅពេលដែល​ត្រូវ​ទៅលេង​នៅលើ​ទឹកដី​ម៉ា​កាវ​នៅ​ថ្ងៃទី១៧មីនា​ខាងមុខ។ លទ្ធផល​នេះ​បានបង្ហាញ​ពី​ទំនុកចិត្ត​ពី​ទស្សនិកជន​ផងដែរ។

ប្រវត្តិ​នៃ​ការជួបគ្នា រវាង​ក្រុម​កីឡាករ​ចិន​ម៉ា​កាវ និង​កម្ពុជា កម្ពុជា​តែងមាន​ប្រៀប​ជាង ពេល​គឺ​កម្ពុជា​ឈ្នះ៣លើក និង​ចាញ់១លើក នៅក្នុង​ជំនួប៤លើក​ចាប់តាំងពី​ឆ្នាំ២០០៨មក នេះ​បើតាម​លោក ម៉ៃ តុលា។

សូមបញ្ជាក់ថា​ប្រទេស​កម្ពុជា​ត្រូវបាន​អង្គការ​បាត់​ទាត់​ពិភពលោក FIFA ឲ្យ​ចំណាត់ថ្នាក់​ទី១៨១ នៅ​ឆ្នាំ២០១៥នេះ ក្នុងចំណោម​ប្រទេស​ជាង២០០ ក្នុងនោះ​ចិន​ម៉ា​កាវ​ស្ថិតនៅ​លេខ​រៀង​ទី១៨៧ ហើយ​បើ​និយាយ​ពី​ចំណាត់ថ្នាក់​នៅ​តំបន់​អាស៊ី-អ​គ្នេ​យ៍ កម្ពុជា​នៅ​លំដាប់​លើ​ប្រទេស
ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ