លោក ហោ ណាំហុង៖ភាពតានតឹងនៅសមុទ្រចិនខាងត្បូងពិតជាដូចការប្រមើលទុករបស់កម្ពុជា
ភាពតានតឹងនៅសមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ននេះ ពិតជាដូចការប្រមើលទុករបស់កម្ពុជាមែន ក្នុងពេលដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកទី១នៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០០២។ សម្រាប់កម្ពុជា ភាពតានតឹងដែលកំពុងតែកើតមាននៅសមុទ្រចិនខាងត្បូងនេះដោយសារតែការលូកដៃរបស់ប្រទេសមហាអំណាច។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
«កាលពីឆ្នាំ២០០២ពុំទានមានភាពតានតឹងខ្លាំងទេ គ្រាន់តែដឹងថា ប្រទេសក្នុងតំបន់អាស៊ានពិសេសវៀតណាម ហ្វីលីពីន ជាមួយចិនមានការទាមទារអធិបតេយ្យភាពកោះខ្លះនៃសមុទ្រចិនខាងត្បូង។ ពេលនោះកម្ពុជាយើងប្រមើលមើលឃើញមុនហើយថា បញ្ហាសមុទ្រចិនខាងត្បូងវានឹងវិវត្តន៍រកភាពលំបាកនិងភាពតានតឹងខ្លាំងមកដល់សព្វថ្ងៃនេះ» នេះជាការថ្លែងរបស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក្នុងឱកាសសំណេះ សំណាលជាមួយនិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន១២០នាក់ នៅព្រឹកថ្ងៃចន្ទ ទី០៤ធ្នូ នាទីស្ដីការក្រសួងការបរទេសកម្ពុជា។ ប្រមុខកាទូតកម្ពុជារូបនេះយល់ថា ភាពតានតឹងដែលកំពុងតែកើតមាននៅសមុទ្រចិនខាងត្បូងនេះ ដោយសារតែការលូកដៃរបស់ប្រទេសមហាអំណាច។
លោក ហោ ណាំហុង ឲ្យដឹងថា សភាពការណ៍តានតឹងនៅសមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ននេះ ភាគីពាក់ព័ន្ធទាមទារឲ្យអនុវត្តសេចក្ដីការណ៍ថ្លែងការណ៍រួម ហៅកាត់ថាDOC កាលពីឆ្នាំ២០០២ ដែលមានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ជាមួយរដ្ឋមន្ត្រីការបរទេសចិន។ ក្នុងនោះ មានទាំងទិដ្ឋភាពនយោបាយ និងច្បាប់ សម្រាប់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដោយសន្តិវិធី។
គួរជម្រាបជូនថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ ២០០២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះគឺទី១-ភាគីជាសមាជិក បានអះអាងពីការប្តេជ្ញាចិត្ត ទៅតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ ឲ្យអង្គការសហប្រជាជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ឆ្នាំ ១៩៨២ ស្តីពីច្បាប់នៃដែនសមុទ្រ ព្រមទាំងអនុសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការណ៍ នៅតំបន់អាស៊ីអាគ្នេយ៍។ ទី២-គ្រប់ភាគីក៏ប្តេជ្ញាចិត្ត ស្វែងរកដំណោះស្រាយ ដើម្បីកសាងទំនុកចិត្ត និងភាពស្មោះត្រង់ អនុលោមទៅតាមចំណុចទីមួយ។ ទី៣-គ្រប់ភាគីគោរពនូវសេរីភាពក្នុងការរុករក និងហោះហើរលើដែនសមុទ្រចិន ដែលត្រូវបានទទួលស្គាល់ដោយ គោលការណ៍ច្បាប់អន្តរជាតិ។
តាមរយៈខ្លឹមសារទាំងនេះ លោក ហោ ណាំហុង ចាត់ទុកថា នេះជាមោទភាពរបស់កម្ពុជាដែលបានជួយសម្របសម្រួលនិងដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូងតាមរយៈការសម្រុះសម្រួលឲ្យមានការចុះហត្ថលេខារួមគ្នារវាងចិននិងអាស៊ាន។
សូមបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ានដែលកំពុងមានជម្លោះដែនកោះជាមួយចិនរួមមាន៖វៀតណាម ហ្វីលីពីន ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ