កម្ពុជា-សង្គម

​សហ​ជីព៖ បុគ្គ​លិក​ជិត​១៦០​នាក់​ប្រឈម​នឹង​អត់​ការងារ​ធ្វើ​ជា​រៀង​រហូត​ក្រោយ​បិទ​សណ្ឋា​គារ​មួយ​កន្លែង​

សណ្ឋាគារផ្កាយ៥ដំបូងគេនៅក្នុងប្រទេសកម្ពុជា
សណ្ឋាគារផ្កាយ៥ដំបូងគេនៅក្នុងប្រទេសកម្ពុជា @Internet

សណ្ឋាគារ​ផ្កាយ៥ ដឹហ្រ្កេតឌ្យូកភ្នំ​ពេញដែ​លជាអតីតសណ្ឋាគារ​អាំងទែរកុងទីណង់តាល់ បានប្រកាសបិទទ្វាជាផ្លូវហើយ​ចាប់​ពីថ្ងៃទី៣១ខែធ្នូនេះតទៅ​។ ​បើ​តាមសេចក្ដី​ប្រ​កាស​ព័ត៌មានរបស់អ្នកគ្រប់គ្រង ការ​បិទ​សណ្ឋារគារដែល​ធ្លាប់តែល្បី​ឈ្មោះ​នៅកណ្តាល​ក្រុង​មួយនេះ គឺដោយសារតែ​បញ្ហា​សេដ្ឋកិច្ច។ ប៉ុន្តែ​មេដឹកនាំ​សហជីពប្រចាំ​សណ្ឋាគារ​នេះ បាន​អះអាងថា បុគ្គលិកជិត១៦០នាក់​ដែល​ធ្វើ​ការ​ឲ្យ​សណ្ឋាគារ​មួយនេះ​ចាប់តាំងពីសក់​ខ្មៅ​រហូត​ដល់​សក់សនោះ កំពុងប្រឈម​នឹង​អត់​ការងារ​ធ្វើជារៀងរហូត​ដោយ​​ពួកគេ​មានវ័យ​ចំណាស់​ទៅហើយ។ 

ផ្សាយពាណិជ្ជកម្ម

លោកទូច កុសល​ ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យទេសចរណ៍ ​ប្រចាំសណ្ឋា​គារដឺហ្រ្គេតឌ្យូក ភ្នំពេញបាន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិRFI​នៅថ្ងៃអង្គារនេះថា បុគ្គលិក​សណ្ឋាគារ​នេះ​ចំនួន១៥៩នាក់​ដែល​ធ្វើ​ការងារ​នៅសណ្ឋាគា​រលំដាប់ផ្កាយ៥មួយនេះគឺពួកគេ​ម្នាក់​មាន​អតីតភាពការងារ​ភាគ​ច្រើន​ជាង​១០ឆ្នាំឡើងទៅ ពោលធ្វើការ​តាំងពីសក់ខ្មៅ​រហូតដល់សក់ស។ បើតាម​មេដឹកនាំសហជីពដដែល បុគ្គលិក​ដែល​ធ្លាប់​ធ្វើ​ការងារ​ឲ្យ​សណ្ឋាគារ​មួយនេះ​​គឺពិបាក​ទៅ​រក​ការងារ​នៅកន្លែង​ផ្សេងធ្វើ​ដោយសារតែពួកគេភាគ​ច្រើនមានវ័យចំណា​ស់ទៅហើយ​។

លោក ចាក្រាភុង ផាឡាសុងក្រាន បានបញ្ជាក់នៅក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួនថា សណ្ឋាគារបា​នចាត់តាំងការិ​យាល័យមេធាវី (HBS) ឱ្យទទួលដោះស្រា​យនូវរាល់ដំណើរការ​បិទទ្វរបស់ស​ណ្ឋាគារនេះ រួមទាំងគិតគូរដោះ​ស្រាយអត្ថប្រយោ​ជន៍របស់បុគ្គលិកទាំ​ងអស់ទៅតាមផ្លូ​វច្បាប់ជាធរមាន​។

កាលពី​ថ្ងៃទី៤ខែវិច្ឆិកា បុគ្គលិកសណ្ឋា​គារនេះក៏​ធ្លាប់បានធ្វើបាតុកម្មជាលើ​កទី២ ដោយសារតែ បើកប្រាក់ខែយឺតយ៉ាវ។ លោកទូច កុសល អះអាងថា មកទល់ពេលនេះ​ខាង​បុគ្គលិក​នៅមិនទាន់​ទទួល​អត្ថ​ប្រយោជន៍​ទៅតាម​ច្បាប់​ស្តីពីការងារ​នៅឡើយ ខណៈដែល​ខាងម្ចាស់សណ្ឋាគារ​សន្យា​ទូទាត់​ឲ្យយ៉ាងយូរ​១០​ថ្ងៃ​គិត​ពី​ថ្ងៃទី២០​ធ្នូមក។ ការយឺតយ៉ាវ​ដោយ​អះអាងថា​នៅខ្វះឯកសារពាក់ព័ន្ធមួ​យចំនួន។

សូមបញ្ជាក់ថា សណ្ឋាគារអាំ​ងទែរកុងទីណ​ង់តាល់ដែលបើកដំ​ណើរការតាំងពីឆ្នាំ​១៩៩៦នោះ ត្រូវបានប្ដូរឈ្មោះជា ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) កាលពីខែមករា ឆ្នាំ២០១៨ ។ បើតាមតំណាងសហជីព ការ​ដែលអាជីវកម្ម​​សណ្ឋាគារលំដាប់​ផ្កាយ៥​នេះ​ដួលរលំ គឺ​ដោយសារតែ​ប្តូរ​ឈ្មោះ អាំងទែរកុងទីណង់តាល់ ជាលក្ខណៈអន្តរជាតិ មកជាឈ្មោះ​ក្នុងស្រុកដែល​គេមិនសូវស្គាល់ ប៉ុន្តែ​បែរ​ជា​តម្លើង​ថ្លៃ​បន្ទប់​សណ្ឋាគារ​ទ្វេរដងទៅវិញ​ជាហេតុ​ធ្វើ​ឲ្យ​ភ្ញៀវថយចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI