របាយការណ៍៖ ទីតាំងលំនៅឋានក្រីក្រនៅរាជធានីភ្នំពេញបានថយចុះ
ចុះផ្សាយនៅថ្ងៃ៖
យោងតាមរបាយការណ៍របស់សមាគមធាងត្នោត ការស្ទង់មតិនៅក្នុងរាជធានីភ្នំពេញឆ្នាំ២០១៧ បានរកឃើញថាមានទីតាំងលំនៅឋានក្រីក្រ បានថយចុះជាបន្តបន្ទាប់ ប្រៀបធៀបនឹងការស្រាវជ្រាវ កាលពីឆ្នាំ២០១៣។ ទន្ទឹមគ្នានេះ ចំនួនគ្រួសារក្រីក្រនៅរាជធានីភ្នំពេញក៏បានថយចុះដែរ បើគិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។
ក្នុងរបាយការណ៍ស្តីពី“ការសិក្សាទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញឆ្នាំ២០១៧” ដែលចុះផ្សាយលើគេហទំព័ររបស់សមាគមធាងត្នោតនៅខែកក្កដា ឆ្នាំ២០១៨នេះ ឲ្យដឹងថានៅរាជធានីភ្នំពេញមានទីតាំងលំនៅឋានក្រីក្រចំនួន២៧៧ទីតាំង។ ទីតាំងលំនៅឋានក្រីក្រទាំងនោះ បានថយចុះជាបន្តបន្ទាប់ ប្រៀបធៀបនឹងការស្រាវជ្រាវកាលពីមុនៗមក ដែលក្នុងនោះមានទីតាំងចំនួន៦៣បានថយចុះ បើប្រៀបធៀបទៅនឹងការស្រាវជ្រាវឆ្នាំ២០១៣ ដែលពេលនោះលំនៅឋានក្រីក្រមានចំនួន៣៤០ទីតាំង គឺថយចុះប្រមាណ១៨ភាគរយក្នុងរយៈពេល៤ឆ្នាំ។
របាយការណ៍ខាងលើ ដែលអង្គការសមាគមធាងត្នោត គ្រោងនឹងផ្សព្វផ្សាយជាផ្លូវការនាពេលខាងមុខនេះ ក៏បានរកឃើញថា ទោះជាចំនួនទីតាំងក្រីក្រមានការធ្លាក់ចុះដោយហេតុផលផ្សេងៗដូចជាការអភិវឌ្ឍ និងការបណ្តេញចេញក៏ដោយ ទីតាំងក្រីក្រទាំង២៧៧ ដែលនៅសល់នេះ នៅតែប្រឈមនឹងបញ្ហាជាច្រើននៅឡើយជាពិសេសលើបញ្ហាដីធ្លី ដោយភាគច្រើនប្រជាពលរដ្ឋ ដែលរស់នៅទីនោះ មិនមានឯកសារបញ្ជាក់ពីស្ថានភាពដីធ្លី និងសិទ្ធិក្នុងការទទួលបានព័ត៌មានត្រឹមត្រូវទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេ។
ជាងនេះទៅទៀត ស្ទើរតែពាក់កណ្តាលនៃទីតាំងលំនៅឋានក្រីក្រ គឺស្ថិតនៅតំបន់មិនសុវត្ថិភាព ដែលជាដីសាធារណៈរបស់រដ្ឋ ដូចជានៅលើ ឬក្បែរ ប្រលាយ បឹង ទន្លេជាដើម ដែលធ្វើឱ្យពួកគេ កាន់តែងាយរងគ្រោះ និងងាយទទួលរងការបណ្តេញចេញ ឬការផ្លាស់ប្តូរលំនៅឋាននៅថ្ងៃអនាគត។ នេះបើតាមការរកឃើញរបស់សមាគមធាងត្នោត។
ទន្ទឹមនឹងការថយចុះ លំនៅឋានក្រីក្រី, ចំនួនគ្រួសារក្រីក្រនៅរាជធានីភ្នំពេញក៏បានថយចុះផងដែរពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ ជារួមមានការថយចុះចំនួន៧.៣៩៨គ្រួសារ ឬស្មើនឹង២២ភាគរយ ធៀបនឹងការស្ទង់មតិ កាលពីឆ្នាំ២០១៣។
អង្គការសមាគមធាងត្នោតក៏បានផ្តល់អនុសាសន៍ឲ្យសាលាក្រុងភ្នំពេញកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាកម្មកាន់តែប្រសើរឡើងក្នុងទីតាំងលំនៅឋានក្រីក្រដោយផ្តោតលើទីតាំងខណ្ឌ ដែលនៅឆ្ងាយពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ