កម្ពុជា-នយោបាយ

អ្នក​ចូល​ទៅ​ទំព័រ​ហ្វេស​ប៊ុក​របស់ លោក​ ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្លាក់​ចុះ

ទិន្នន័យ​នៃចំនួួននៃអ្នក​ចុច​បង្ហាញ​ការ​ចូល​ចិត្ត​(Page Like) របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន និង​លោក​សម រង្ស៊ី
ទិន្នន័យ​នៃចំនួួននៃអ្នក​ចុច​បង្ហាញ​ការ​ចូល​ចិត្ត​(Page Like) របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន និង​លោក​សម រង្ស៊ី @សហការី

ចំនួន​អ្នក​ចូល​ទៅ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង បាន​ថយ​ចុះ ក្នុង​សប្តាហ៍​ចុង​ក្រោយ​បន្ទាប់​ពី​ហ្វេស​ប៊ុក​ដាក់​សាក​ល្បង​មុខ​ងារ​ថ្មី​ឈ្មោះ​ថា Explore Feed។ ការ​សាកល្បង​មុខ​ងារ​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​ប្រទេស​ចំនួន​៦ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ​។

ផ្សាយពាណិជ្ជកម្ម

យោង​តាម​ទិន្នន័យ​របស់​គេហ​ទំព័រ Socialbakers បាន​បង្ហាញ​ថា​ការ​ធ្លាក់​ចុះ​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​គេហទំព័រ​បណ្តាញ​សង្គម​ដ៏​ធំ​របស់​ពិភព​លោក​បាន​ដាក់​ដំណើរ​ការ​នូវ​មុខ​ងារ​ថ្មី កាល​ពី​ថ្ងៃទី​១៩ ខែ​តុលា កន្លង​ទៅ​។ ក្នុង​តារាង​ទិន្នន័យ​ដដែល​បង្ហាញ ថា​ចំនួន​អ្នក​ចុច បង្ហាញ​ការ​ចូល​ចិត្ត(Like) ការ​សម្តែង​មតិ​(Comment) និង​ការ​ចែក​រំលែក(Share)លើអ្វី ដែល​បាន​ផ្សាយ​ក្នុង​ទំព័រ​ទាំង​ពីរ​នេះ មាន​ការ​ថយ​ចុះ​ខ្លាំង នៅ​ពេល ដែល​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បាន​ដាក់​ដំណើរ​ការ​សាកល្បង​មុខងារ​ថ្មី​នេះ ក្នុង​ថ្ងៃ​ដំបូង​។

បើ​គិត​ក្នុង​ថ្ងៃទី​២ ខែ​វិច្ឆកា ចំនួន​អ្នក​ចូល​មក​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ហ៊ុន សែន មាន​តែ​ប្រមាណ​៨.៥ម៉ឺនប៉ុណ្ណោះ ខណៈ​តួលេខ​អ្នក​ចូល​មក​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក មុន​ពេល​ហ្វេស​ប៊ុក​សាកល្បង​មុខ​ងារថ្មី​នេះ មាន​រហូត​ដល់​ប្រមាណ​១២ម៉ឺន​។ ចំណែក​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក សម រង្ស៊ី គិត​ក្នុង​ថ្ងៃ​ទី២ ខែ​វិច្ឆកា មាន​អ្នក​ចូល​មក​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ប្រមាណ​៣.៣ពាន់ ខណៈ​តួលេខ​អ្នក​ចូល​មក​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក មុន​ពេល​ហ្វេស​ប៊ុក​សាកល្បង​មុខងារ​ថ្មី មាន​រហូត​ដល់​ប្រមាណ​១១ម៉ឺន​ឯណោះ។

គួរ​ជម្រាប​ជូន​ថា​បើ​គិត​មក​ដល់​ពេល​នេះ ចំនួន​អ្នក​ចុច​បង្ហាញ​ការ​ចូល​ចិត្ត​(Page Like) ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មាន​ប្រមាណ​៨.៩លាន និង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​សម រង្ស៊ី​មាន​ប្រមាណ​៤.៤លាន។

បើ​តាម​អ្នក​នាំ​ពាក្យ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​មុខងារ​ថ្មី ឬ Explore Feed បាន​ដាក់​ឲ្យ​សាក​ល្បង នៅ​ក្នុង​ប្រទេស​ចំនួន​៦ ​គឺ​មាន​កម្ពុជា​ ​ស្រីលង្កា បូលីវី ស្លូវ៉ាគី សឺប៊ី និង​ហ្គាតេម៉ាឡា។ ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បញ្ជាក់​ថា​គេ​គ្មាន​គម្រោង​បន្ត​ពង្រីក​ការ​សាកល្បង​នូវ​មុខ​ងារ​ថ្មី​នេះ នៅ​ប្រទេស​ផ្សេង​ទៀត​ទូទាំង​ពិភព​លោក​ទេ។

Explore Feed ​គឺ​ជា​មុខ​ងារ​ថ្មី​មួយ​ទៀត ដែល​ហ្វេសប៊ុក​បង្កើត​ឡើង ដើម្បី​ជួញ​អ្នក​ប្រើប្រាស់​ឲ្យ​រក​ឃើញ​នូវមាតិកា​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​បណ្តាញ​សង្គម​ហ៊្វេសប៊ុក។ មិន​តែ​ប៉ុណ្ណោះ​មុខងារ​ថ្មី​នេះ​នឹង​ជ្រើស​រើស​ប្រភេទ​មាតិកា ដូច​ជា​វីដេអូ អត្ថបទ សំឡេង និង​រូបភាព ដែល​អាច​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ទៀត​ផង​។ ប៉ុន្តែ​មុខងារ​ថ្មី​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក ដែល​មាន​ទំព័រ​ហ្វេស​ប៊ុក​សម្រាប់​ស្ថាប័ន​របស់​ខ្លួន​លើក​ឡើង​ថា អាច​ធ្វើ​ឲ្យ​ថយ​ចុះ​ចំនួន​អ្នក​ចូល​មក​ទំព័រ​ហ្វេស​ប៊ុក​របស់​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI