វិស័យធនធានមនុស្ស នៅតែបន្តជាឧបសគ្គសម្រាប់អភិវឌ្ឍឃុំ-សង្កាត់!
ចុះផ្សាយនៅថ្ងៃ៖
នៅកម្ពុជា មាននិស្សិតរាប់សិបពាន់នាក់ ដែលបញ្ចប់ថ្នាក់ឧត្តមសិក្សា ក្នុងមួយឆ្នាំៗ។ ក៏ប៉ុន្តែ អ្នកចេះដឹងមានសញ្ញាប័ត្រ តែចំនួនតិចតួចប៉ុណ្ណោះ ដែលស្ម័គ្រចិត្ត វិលត្រឡប់ទៅធ្វើការនៅមូលដ្ឋាន។ ទន្ទឹមនេះ គណបក្សនីមួយៗ ក៏មិនបានកំណត់ជាក់ច្បាស់ពីកម្រិតចំណេះដឹងរបស់បេក្ខជនឈរឈ្មោះ ក្រុមប្រឹក្សាឃុំ-សង្កាត់នោះដែរ។ ដូច្នេះ គេមើលឃើញថា បញ្ហាធនធានមនុស្ស អាចនឹងតែបន្តចោទជាឧបសគ្គសម្រាប់ការអភិវឌ្ឍថ្នាក់ក្រោមជាតិ ទៅថ្ងៃខាងមុខ។
សំណួរជាបឋម គួរសួរថា តើហេតុអ្វីចាំបាច់ទាមទារឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវតែមានចំណេះដឹងនិងសមត្ថភាពខ្ពស់? គេអាចនឹងឆ្លើយយ៉ាងសាមញ្ញ ដ្បិតថា បើថ្នាក់ដឹកនាំមូលដ្ឋាន ចេះដឹងជ្រៅជ្រះ គឺនឹងមានទស្សនៈវិស័យវែងឆ្ងាយសម្រាប់ដឹកនាំឃុំសង្កាត់ និងសម្រាប់ដោះស្រាយបញ្ហាជាក់ស្តែងក្នុងមូលដ្ឋានតាមត្រឹមត្រូវ។ ទន្ទឹមនឹងចំណេះដឹង គេក៏ត្រូវការផងដែរ បទពិសោធ ឧត្តមគតិគិតគូរស្នេហាជាតិ និងទឹកចិត្តស្មោះត្រង់ពិតប្រាកដ ចង់ជួយអភិវឌ្ឍមូលដ្ឋាន។
ក៏ប៉ុន្តែ ចំពោះការអភិវឌ្ឍឃុំសង្កាត់នៅឆ្នាំនេះ និងតទៅ ពេញមួយអាណត្តិថ្មីទៀតនេះ គឺវិស័យធនធានមនុស្ស ដែលមានសញ្ញាបត្រត្រឹមត្រូវ និងមានចំណេះដឹងជំនាញច្បាស់លាស់ អាចនឹងនៅតែបន្តចោទជាឧបសគ្គ។ ចោទជាឧបសគ្គ គឺបើផ្អែកទៅលើកត្តាសង្គម ឆន្ទៈនយោបាយ និងក្នុងបរិបទនៃសេដ្ឋកិច្ចឃុំសង្កាត់ នៅទន់ខ្សោយ។
ជាក់ស្តែងតែម្តង ចំពោះគោលនយោបាយរបស់គណបក្សនីមួយៗ ទាំង១២បក្សដែលចូលដែលរួមការបោះឆ្នោតឃុំសង្កាត់លើកនេះ គ្មានកំណត់ជាក់លាក់ថា បក្សរបស់ខ្លួន បេក្ខជនឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺត្រូវតែមានចំណេះដឹងបញ្ចប់ថ្នាក់ទី១២ ឬបរិញ្ញាបត្រ ទាំងអស់នោះដែរ។ បើតាមច្បាប់បោះឆ្នោតវិញ សម្រាប់អ្នកឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ គឺលក្ខខណ្ឌតម្រូវ ត្រឹមតែចេះអាននិងចេះសរសេរភាសាជាតិតែប៉ុណ្ណោះ។ ត្រឹមតែលក្ខខណ្ឌប៉ុណ្ណេះ ក៏មានគណបក្សមិនតិចទេ ដែលលំបាកនឹងរកបេក្ខជនឲ្យឈរឈ្មោះផង ចុះទម្រាំ ដល់ដាក់គោលនយោបាយបក្ស ឲ្យបេក្ខជនត្រូវតែមានចំណេះដឹងថ្នាក់បាក់ឌុប ឬថ្នាក់បរិញ្ញាបត្រទៅទៀតនោះ គឺច្បាស់ជាកាន់តែលំបាកណាស់ នៅក្នុងរកបេក្ខជនឲ្យឈរឈ្មោះ។
ងាកទៅពិនិត្យពីកត្តាសង្គមវិញមកម្តង! ចំពោះយុវជន ដែលមានសញ្ញាបត្រខ្ពស់ និងរៀនសូត្រចេះដឹងនៅទីក្រុង ឬអ្នករៀនចប់មកពីបរទេស គឺពួកគេកម្រនឹងចាប់អារម្មណ៍ស្មគ្រចិត្តទៅធ្វើការនៅថ្នាក់ក្រោមជាតិណាស់។ ក្រុមនិស្សិតនិងបញ្ញាវន្ត ដែលចេញពីមហាវិទ្យាល័យ ភាគច្រើន ច្រើនតែសម្លឹងមើលមុខតំណែងធំ ប្រាក់ខែខ្ពស់ និងកន្លែងការងារក្នុងម៉ាស៊ីនត្រជាក់។ អ្នកខ្លះក្រោយបញ្ចប់ការសិក្សាជាន់ខ្ពស់ បានសម្រេចចិត្តជ្រើសរើសការបើកមុខរបររកស៊ីដោយខ្លួនឯង ឬទៅធ្វើការឲ្យអង្គការសង្គមស៊ីវិល ឬក៏ស្ថាប័នអន្តរជាតិ។ ហើយបើជ្រុលតែពួកគេចង់ធ្វើការងាររដ្ឋ គឺច្រើនតែចង់បានកៅអីនៅក្រសួងស្ថាប័នរដ្ឋ នៅថ្នាក់ជាតិតែម្តង។ គឺតិចតួចណាស់ ដែលមានចេតនាចង់វិលត្រឡប់ទៅស្រុកស្រែចម្ការវិញនោះ។
ចំណែកកញ្ចប់ថវិកាឃុំ-សង្កាត់នៅមានកម្រិតទាប ក៏ជាបញ្ហាចម្បងដែរ ក្នុងការទាក់ទាញឲ្យយុវជន និងអ្នកចេះដឹងច្រើន ឲ្យទៅធ្វើការនៅមូលដ្ឋាននោះ។ បច្ចុប្បន្ននេះ ចំនួនកញ្ចប់ថវិកាឃុំ-សង្កាត់ មានចន្លោះត្រឹមពី៣ម៉ឺន ទៅ៥ម៉ឺនដុល្លារតែប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ សម្រាប់ឃុំ-សង្កាត់នីមួយៗ។ លុយប៉ុណ្ណេះត្រូវបែងចែកសម្រាប់ចាត់ចែងផ្នែករដ្ឋបាល បើកប្រាក់ខែឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បូករួមទាំងទុកដើម្បីអភិវឌ្ឍឃុំសង្កាត់ទៀតផង។ ចំនួនថវិកានេះ ទំនងជាពុំទាន់គ្រាន់នៅឡើយទេ។ ក៏ប៉ុន្តែ បើចង់ដំឡើងឲ្យដល់៥០ម៉ឺនដុល្លារ ឬ១លានដុល្លារ នៅក្នុងឆ្នាំនេះ ឬឆ្នាំក្រោយតែម្តង ក៏ពុំអាចទៅរួចនោះដែរ។ បើផ្អែកទៅលើចំណូលសេដ្ឋកិច្ចជាតិ។ នេះបើតាមការគន់គូរទូទាត់របស់ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិងអ្នកជំនាញអភិបាលកិច្ច។
បញ្ហាថវិកានេះ គឺបានចោទជាចំណោទខ្លាំងសម្រាប់ដំណើរការប្រមូលធនធានមនុស្សឲ្យទៅមូលដ្ឋាន ព្រោះថា បើប្រាក់បៀវត្សរ៍តិច គឺលំបាកនឹងអូសទាញអ្នកចេះដឹងឲ្យទៅធ្វើការនៅថ្នាក់ក្រោមជាតិដែរ។
ជារួម បើផ្នែកទៅលើអំណះអំណាងទាំងផ្នែកសង្គម នយោបាយ និងសេដ្ឋកិច្ចទាំងបីខាងលើនេះ គឺគេអាចមើលឃើញថា ធនធានមនុស្សដែលចេះដឹងជ្រៅជ្រះ មានសញ្ញាបត្រខ្ពស់ៗ នៅតែបន្តខ្វះខ្វាតសម្រាប់បម្រើមូលដ្ឋាន នៅក្នុងអាណត្តិថ្មីនេះ។ ក៏ប៉ុន្តែ ទៅថ្ងៃអនាគត នៅពេលដែលស្ថានភាពសង្គមនិងសេដ្ឋកិច្ចមានការវិវត្តវិជ្ជមានច្រើនជាងសព្វថ្ងៃនេះទៅទៀត រួមទាំងឆន្ទៈនយោបាយផង នោះនឹងអាចមានយុវជនឬបញ្ញាវន្ត ចំនួនច្រើន អាចនឹងចាប់អារម្មណ៍វិញត្រឡប់ទៅធ្វើការនៅមូលដ្ឋានផង ក៏មិនដឹង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ