កម្ពុជា

ប្រទេស​ ៣៦​រួម​គ្នា​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​ផ្សះផ្សា​ជាមួយ​បក្ស​ប្រឆាំង

ប្រទេសធំៗទាំង ៣៦ បានជំរុញឱ្យកម្ពុជាត្រូវតែធានាឱ្យបាននោះ គឺលំហរនៃការអនុវត្តសិទ្ធិមនុស្ស ការបន្តវប្បធម៌សន្ទនារវាងគណបក្សធំទាំងពីរ ដែលកំពុងមានជម្លោះ តម្លាភាពនៃឃាតកម្មលើលោកបណ្ឌិតកែមឡី និងការបោះឆ្នោតនៅកម្ពុជាផងដែរ។
ប្រទេសធំៗទាំង ៣៦ បានជំរុញឱ្យកម្ពុជាត្រូវតែធានាឱ្យបាននោះ គឺលំហរនៃការអនុវត្តសិទ្ធិមនុស្ស ការបន្តវប្បធម៌សន្ទនារវាងគណបក្សធំទាំងពីរ ដែលកំពុងមានជម្លោះ តម្លាភាពនៃឃាតកម្មលើលោកបណ្ឌិតកែមឡី និងការបោះឆ្នោតនៅកម្ពុជាផងដែរ។ @RFI

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ កញ្ញា​នេះ បាន​បញ្ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​បង្ហាញ​ថា ប្រទេស​ ៣៦​ក្នុង​ពិភព​លោក បាន​ស្នើ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​ធានា​ស្ថេរភាព​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្ហាញ​ពី​តម្លាភាព​ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី។ រដ្ឋាភិបាល​កម្ពុជា បាន​ចោទ​ប្រទេស​ទាំង​នោះ​ថា លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ហើយ​ប្រកាស​ទាត់​ចោទ​ការ​អំពាវ​នាវ​នេះ។

ផ្សាយពាណិជ្ជកម្ម

យ៉ាងហោច​ណាស់​មាន​ចំណុច​សំខាន់​ ៤​ដែល​ប្រទេស​ធំ​ៗ​ទាំង​ ៣៦ បាន​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​តែ​ធានា​ឱ្យ​បាន​នោះ​ គឺ​លំហរ​នៃ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស ការ​បន្ត​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ធំ​ទាំងពីរ​ ដែល​កំពុង​មាន​ជម្លោះ តម្លាភាព​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែមឡី និង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ។ ទន្ទឹម​នឹង​ការ​អំពាវនាវ​នេះ គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឆ្លើយ​តប​ថា​ប្រទេស​ធំ​ទាំង​អស់​កំពុង​លូកលាន់​កិច្ចការ​របស់​កម្ពុជា​ ដែល​កំពុង​អនុវត្ត​ច្បាប់​តាម​លិទ្ធិ​ប្រជាធិបតេយ្យ។ ហើយ​ថា​កម្ពុជា​មាន​ស្ថានភាព​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ​ជាង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ថែម​ទៀត​ផង។   

សូម​បញ្ចាក់​ថា​ប្រទេស​ទាំង​ ៣៦​ដែល​រួម​មាន​អាមេរិកាំង ជប៉ុន និង​អូស្ត្រាលី​ជា​ដើម បាន​លើក​ឡើង និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ធានា​ឱ្យ​មាន​បរិយាកាស​អនុគ្រោះ និង​សុវត្ថិភាព​សម្រាប់​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ​ និង​ការ​ចង​ក្រម​ជា​សមាគម​ជា​ដើម។ ក្រៅ​ពី​នេះ គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ត្រូវ​តែ​បន្ត​វប្បធម៌​សន្ទនា​ជាមួយ​គ្នា​ឡើង​វិញ ព្រោះ​ថា​ភាព​តាន​តឹង​នយោបាយ​នៅ​កម្ពុជា បាន​គំរាម​កំហែង​ដល់​សកម្មភាព​ស្រប​ច្បាប់​របស់​បក្ស​ប្រឆាំង​ និង​សកម្មជន​សិទ្ធិ​មនុស្ស។ ចំពោះ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែមឡី រដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ​ពី​តម្លាភាព និង​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ។​  ដោយ​ឡែក​ចំណុច​សំខាន់​ចុង​ក្រោយ​គឺ ការ​បង្កើត​ឱ្យ​មាន​បរិយកាស​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ខណៈ​ ដែល​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់។

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​កែវ រ៉េមី បាន​ទាត់​ចោល​ការ​អំពាវនាវ និង​ការ​រិះគន់​មក​លើ​ប្រទេស​កម្ពុជា ដោយ​គូស​បញ្ជាក់​ថា ប្រទេស​ធំ​ៗ​ទាំង​អស់​កំពុង​លេង​នយោបាយ​លូក​លាន់​អធិបតេយ្យភាព​កម្ពុជា និង​ចង់​ដាក់​អាណានិគម​សម័យ​ថ្មី​មក​លើ​កម្ពុជា។ លោក​បាន​បន្ត​ទៀត​ថា កម្ពុជា​ចាំបាច់​ត្រូវ​តែ​ថែរក្សា​ឱ្យ​បាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស។ ​

សូម​កត់​សម្គាល់​ថា ការ​អំពាវនាវ​របស់​ប្រទេស​ទាំង​ ៣៦​នេះ គឺ​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​កំពុង​បើក​កិច្ច​ប្រជុំ​លើក​ទី​ ៣៣​របស់​ខ្លួន។​ ហើយ​ការ​អំពាវនាវ​នេះ​នៅ​ចំ​ពេល ដែល​ស្ថានភាព​នៅ​កម្ពុជា​ គឺ​កំពុង​តែ​តាន​តឹង ព្រោះ​តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ប្រធាន​សមាជិក និង​សកម្មជន​រួម​ទាំង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​កំពុង​ជាប់​ពន្ធនាគារ និង​វណ្ណករ​ដោយ​បណ្តឹង​ពី​តុលាការ។ តុលការ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា ធ្វើ​ការ​ក្រោម​បញ្ជា​បក្ស​កាន់​អំណាច។

ថ្មីៗ​កន្លង​ទៅ​នេះ លោក​កឹម សុខា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​ចាញ់​ក្តី បាន​ប្រកាស​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​បង្ខំ​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​តុ​ចរចា និង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់។ បើ​ទោះ​បី​ជា​បែប​ណា​ក៏​ដោយ គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា គ្មាន​ឡើយ​ការ​ចរចា​ ដើម្បី​ដោះលែង​អ្នក​ទោស ហើយ​ក៏​មិន​អាច​អត់​អោន​ឱ្យ​ការ​ធ្វើ​បាតុកម្ម​ ដែល​រៀបចំ​ដោយ​បក្ស​ប្រឆាំង​នោះ​ដែរ។ លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូស​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ក្រោយ​អំពាវនាវ​នេះ ពិភព​លោក​ដាក់​ទណ្ឌ​កម្ម​មក​លើ​កម្ពុជា ដើម្បី​ឱ្យ​គណបក្ស​កាន់​អំណាច​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ ដើម្បី​ដោះលែង​អ្នក​ទោស​ទាំង​អស់​ក៏​មិន​អាច​ទៅ​រួច​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI