ទិវាសិទ្ធិមនុស្ស១០ធ្នូ អាជ្ញាធរអនុញ្ញាតឲ្យប្រារព្ធនៅតាមបណ្តាខេត្តខ្លះ តែហាមហែក្បួននៅភ្នំពេញ
អាជ្ញាធរក្រុងភ្នំពេញ បានហាមមិនឲ្យក្រុមអង្គការសង្គមស៊ីវិល (CHRAC) ជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួប៦៨ឆ្នាំ នៅថ្ងៃស្អែកនោះទេ។ មូលហេតុ គឺបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងទីក្រុង។ លើសពីនេះ អាជ្ញាធរក៏បានហាមដាច់ខាត ការហែក្បួននៅតាមមហាវិថីមួយចំនួននៅក្នុងទីក្រុង ខណៈនៅតាមបណ្តាខេត្តមួយចំនួន អាជ្ញាធរបានអនុញ្ញាតឲ្យមានការប្រារព្ធទិវានេះ។ តែទោះយ៉ាងនេះក្តី គណៈកម្មការរៀបចំប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ បានប្រកាសជំហរថា នឹងបន្តជួបជុំនៅទីលានប្រជាធិបតេយ្យដដែល។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី ៦ ធ្នូ ឆ្នាំ២០១៦ លោក ឃួង ស្រេង អភិបាលរងក្រុងភ្នំពេញបានព្រមានថា ក្នុងករណីមានការជួបជុំឬដង្ហែក្បួននៅតាមដងផ្លូវមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនោះ អ្នករៀបចំកម្មវិធីនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែ លោក យង់ គិមអេង ប្រធានគណៈកម្មការរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ បានប្រកាន់យកជំហរថានឹងប្រារព្ធទិវានេះ នៅលើទីតាំងទីលានប្រជាធិបតេយ្យដដែល។ ចំណែកការហែក្បួនវិញ គឺគេរងចាំមើលកាលៈទេសៈជាក់ស្តែង។
តាមគម្រោង ក្រុមអង្គការសង្គមស៊ីវិល ដែលហៅថា សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) នឹងជួបជុំគ្នានៅមុខរដ្ឋសភាជាតិនៅវេលាម៉ោង ៦នឹង៣០នាទីព្រឹក ថ្ងៃទី១០ធ្នូ រួចបន្តហែក្បួននៅតាមផ្លូវមួយចំនួន តម្រង់មកកាន់ទីលានប្រជាធិតេយ្យ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូនៅទីនោះពេញមួយថ្ងៃ ក្រោមប្រធានបទ “លើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ និងការប្រជុំ”។ ប៉ុន្តែនៅក្នុងសេចក្តីសម្រេចរបស់អាជ្ញាធរក្រុងភ្នំពេញ បានណែនាំឲ្យក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បង្វែទៅរៀបចំទិវានេះ នៅឯទីស្នាក់ការរបស់ខ្លួន ឬក៏ជួលទីតាំងឯកជនណាមួយវិញ។
គួរជម្រាបជូនថា ចាប់ពីថ្ងៃទី០២ធ្នូមក ប្រជាពលរដ្ឋរាប់ពាន់នាក់បានរៀបចំព្រឹត្តិការណ៍អបអរសាទរខួប៦៨ឆ្នាំ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ជាបន្តបន្ទាប់នៅលើទីតាំងចំនួន ៣៥កន្លែងស្ថិតនៅក្នុងខេត្តក្រុងចំនួន ១៨នៃប្រទេសកម្ពុជា មុនពេលពួកគេ មកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍ដែលកំពុងរៀបចំនៅតាមបណ្តាខេត្ត រួមបញ្ចូលនូវសកម្មភាពមួយចំនួន ដូចជា វេទិកាសាធារណៈដើម្បីជជែកពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សក្នុងពេលបច្ចុប្បន្ន, ការដាក់ញត្តិជូនទៅអាជ្ញាធរមូលដ្ឋានស្ដីពីកង្វល់នៃបញ្ហាសិទ្ធិមនុស្សនៅក្នុងមូលដ្ឋាននិងនៅថ្នាក់ជាតិ, ការរៀបចំពិធីបុណ្យបែបព្រះពុទ្ធសាសនាដែលភ្ជាប់ទៅនឹងបញ្ហាសិទ្ធិមនុស្ស និងការដង្ហែក្បួនឆ្លងកាត់តាមស្រុក/ខណ្ឌ និងក្រុងនៅតាមខេត្តមួយចំនួន។
ក្រៅពីអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋកំពុងប្រារព្ធទិវានេះ គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ក៏បានប្រកាសត្រៀមប្រារព្ធទិវានេះនៅទីស្នាក់ការបក្សដែរ ក្រោមប្រធានបទ “សិទ្ធិក្នុងការបោះឆ្នោត”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ