របាយការណ៍៖ ចំនួននៃការរំលោភទៅលើសេរីភាពមូលដ្ឋានបានកើនឡើង នៅមុនការបោះឆ្នោត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព នៅថ្ងៃទី ១៨ កក្កដា ម្សិលមិញនេះ បានចេញផ្សាយរបាយការណ៍ឆ្នាំទី៣ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា។ ជាលទ្ធផល របាយការណ៍នេះបានរកឃើញថា «លំហសម្រាប់អនុវត្តសេរីភាពមូលដ្ឋាននៅកម្ពុជា នៅតែបន្តរងការឹតត្បិត»។ ហើយចំនួននៃការរំលោភទៅលើសេរីភាពមូលដ្ឋាននេះបានកើនឡើង នៅមុនការបោះឆ្នោត។ តែអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលបានចាត់ទុករបាយការណ៍នេះថា មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
«លំហសម្រាប់អនុវត្តសេរីភាពមូលដ្ឋាននៅកម្ពុជា នៅតែបន្តរឹតត្បិត»។ នេះគឺជាលទ្ធផលនៃការរកឃើញនៅក្នុងរបាយការណ៍ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជាសម្រាប់ឆ្នាំទី០៣ ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៩។ របាយការណ៍នេះ ដែលបានធ្វើឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព បានរកឃើញថា ក្នុងចំណោម៨២៥ ករណី ដែលគម្រោងបានកត់ត្រាមាន ៤៨១ករណី ដែលរឹតត្បិតសេរីភាពមូលដ្ឋាន។ ក្នុងចំនួនករណីដែលរឹតត្បិតសេរីភាពមូលដ្ឋាននេះ គឺមាន៣៩៦ ករណី ឬ ៨២% ដែលការរឹតត្បិតនោះ មិនបានគោរពតាមបទដ្ឋានអន្តរជាតិឡើយ ហើយដែលត្រូវបានរាប់ថា ជាការរំលោភបំពាន។ របាយការណ៍ក៏បានរកឃើញដែរថា ចំនួននៃការរំលោភទៅលើសេរីភាពមូលដ្ឋានបានកើនឡើង ពិសេសនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
របាយការណ៍ឆ្នាំទី០៣នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននេះ បានសិក្សាលើទិដ្ឋភាពចំនួន៣ ទី១.ជុំវិញការអនុវត្តសេរីភាពខាងសមាគម ទី២.សេរីភាពខាងការបញ្ចេញមតិ និងទី៣.គឺសេរីភាពខាងការជួបប្រជុំនៅកម្ពុជាជាដើម។ ក្នុងនោះ របាយការណ៍បានរកឃើញថា សេរីភាពនៃការបង្កើតសមាគមនេះ ត្រូវបានរឹតត្បិត។ នៅក្នុងឆ្នាំទី០៣នេះ រដ្ឋាភិបាលកម្ពុជាបានតាមដាននិងឃ្លាំមើលសកម្មភាពរបស់អង្គការសមាគមជាលក្ខណៈប្រព័ន្ធ ដូចជា នៅពេលមានការប្រជុំ និងការបណ្តុះបណ្តាលផ្សេងៗ។ គម្រោងបានកត់ត្រានូវហេតុការណ៍សរុបទាំងអស់១២០ករណី។ ខាងសេរីភាពនៃការបញ្ចេញមតិវិញ នៅក្នុងរបាយការណ៍ឆ្នាំទី០៣នេះ នៅតែបន្តរងការរឹតត្បិត តាមរយៈការគំរាមកំហែងតាមវិធានការច្បាប់ថ្មីៗ និងកំណើនឡើងថែមទៀតក្នុងការកម្រិតនូវសេរីភាពខាងការបញ្ចេញមតិលើខ្លួនឯង។ ការកម្រិតនូវសេរីភាពរបស់ខ្លួននៅក្នុងឆ្នាំទី០៣នេះ មានចំនួន៨៧%។ នេះបើតាមរបាយការណ៍។ ដោយឡែកលើសេរីភាពខាងការជួបប្រជុំវិញ គម្រោងបានកត់ត្រានូវការជួបប្រជុំចំនួន ៤១១ករណី ក្នុងនោះ មានករណីចំនួន ១១៣ បានទទួលរងនូវការរារាំង ឬរិតត្បិតពីសំណាក់រដ្ឋាភិបាលកម្ពុជា។
គួរជំរាបជូនថា របាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋានឆ្នាំទី០៣ ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ បានផ្អែកលើរបាយការណ៍ចំនួន ១៦៧ករណី ការស្ទង់មតិសាធារណៈជនចំនួន៩៩២នាក់នៅក្នុងខេត្តចំនួន ២២ ការស្ទង់មតិថ្នាក់ដឹកនាំសង្គមស៊ីវិលនិងសហជីពចំនួន២០២នាក់ និងបានវិភាគលើករណីពាក់ព័ន្ធចំនួន ៦៥៨ករណី តាមរយៈការតាមដានតាមប្រព័ន្ធផ្សព្វផ្សាយជាដើម។
យ៉ាងណាក៏ដោយ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា បានដាក់ការសង្ស័យលើភាពអាចជឿជាក់នៃរបាយការណ៍នេះ និងបានទាត់ចោលរបាយការណ៍នេះថា មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតនៅក្នុងប្រទេសកម្ពុជានោះទេ។ លោកថា របាយការណ៍នេះ បានលើកឡើងតែក្តីបារម្ភរបស់មនុស្សមួយក្រុមតូច ដោយមិនឆ្លុះបញ្ចាំងជាទូទៅនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ