អានតួអត្ថបទ
កម្ពុជា

អង្គការ​​​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អំពាវនាវ​​ឲ្យ​​កម្ពុជា​​ទម្លាក់​ចោល​​ច្បាប់​​​គ្រប់គ្រង​​​អង្គការ​​​ដ៏​​​តឹងរឹង​​របស់ខ្លួន!​​

សន្និសីទកាសែត របស់ក្រុម​ប្រឹក្សា​ឃ្លាំមើលកម្ពុជា
សន្និសីទកាសែត របស់ក្រុម​ប្រឹក្សា​ឃ្លាំមើលកម្ពុជា RFI/Suong Sokpheary
ដោយ៖ ប្រាក់ ធីតា
1 នាទី

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ពី​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី២៧ មេសា​ម្សិលមិញ​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ទម្លាក់ចោល​នូវ​សេចក្តីព្រាងច្បាប់ ដែល​គ្រោង​នឹង​រឹតបណ្តឹង​រាល់​សកម្មភាព​នានា​របស់​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម។រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញថា​ខ្លួន​គ្រោង​នឹង​អនុវត្ត​ច្បាប់​ថ្មី​មួយ​នៅក្នុង​ខែឧសភា​ឆ្នាំ២០១៥ខាងមុខនេះ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​និយាយថា​លោក​នឹង​ប្រើ​ច្បាប់​នេះ​ដើម្បី​ដាក់​ខ្នោះ​ដល់​ក្រុម​ទាំងឡាយណា​ដែល​មិន​ព្រម​ធ្វើតាម។

ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ Human Rights Watch បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​គួរតែបង្កើត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ជា​សាធារណៈ ​និង​បើកទូលាយ​ឲ្យ​មានការ​ចូលរួម​ពិភាក្សា​ជាមួយនិង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ សេចក្តី​ថ្លែង​ការ​បាន​បន្តថា ម្ចាស់ជំនួយ​កម្ពុជា​ជាច្រើន​គួរតែ​ប្រាប់​ដល់​រដ្ឋាភិបាល​​ថា ពួកគេ​នឹង​បដិសេធ​ចំពោះ​គោលបំណង​លុបឈ្មោះ​អង្គការ​នានា​តាមតែ​អំពើ​ចិត្ត ឬក៏​ការគ្រប់គ្រង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ជាដើម។

 លោក Brad Adams នាយក​អង្គការ Human Rights Watch ប្រចាំ​នៅ​តំបន់​អាស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «ក្រុម​អង្គការក្រៅរដ្ឋាភិបាល​នៅ​កម្ពុជា​បាន​ដើរតួរ​យ៉ាងសំខាន់​ក្នុង​ការផ្តល់​សេវាកម្ម​ទៅកាន់​សារ​ធាណៈ​ជន និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ភាព​ទទួលខុសត្រូវ។ ប៉ុន្តែ​ការ​គម្រាម​ដាក់​ខ្នោះ​ដល់​អ្នកណា​ដែល​ប្រឆាំងនឹង​ច្បាប់​ថ្មី​នេះ បានបង្ហាញ​ពី​គោលបំណង​ក្នុងការ​បង្ក្រាប​ទៅលើ​ក្រុម​នានា​ដែល​ហាន​រិះគន់​ពី​ការរំលោភ​សិទ្ធមនុស្ស​ អំពើពុករលួយ​ ហើយ​និង​អំពើអាក្រក់​ផ្សេងៗ​របស់​រដ្ឋាភិបាល»។

 សេចក្តីថ្លែងការណ៍​ដ៍ដែល​បាន​បង្ហាញថា កាលពី​ថ្ងៃទី៥មេសា​ឆ្នាំ២០១៥​កន្លងទៅនេះ​ លោក​ហ៊ុន សែន​បានប្រកាសថា​ សេចក្តីព្រាងច្បាប់​ថ្មី​នេះ​ត្រូវបាន​ត្រួតពិនិត្យ​រួចរាល់​និង​ជា​អចិន្ត្រៃយ៍​យ៉ាង​សំងាត់​ដោយ​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ឆ្នាំ២០១២។ នៅក្នុង​សន្ទកថា​កាលពី​ថ្ងៃទី១ និង​ទី៥មេសា​កន្លងទៅនេះ ​លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយថា អង្គការ​ទាំងអស់​កំពុង​តែ​ដំណើរការ​ក្រៅ​ផ្លូវច្បាប់ ហើយ​ធ្វើ​អ្វី​តាមតែ​ពួកគេ​ចង់​ធ្វើ ដោយ​រួមមាន​ទាំង​ការគាំទ្រ​គណបក្សប្រឆាំង និង​ជេរប្រមាថ​ដល់​គណបក្ស​កាន់អំណាច។

លោក​ហ៊ុន សែន​បាន​បញ្ជាក់​ទៀតថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អស់ទាំងនោះ​អាច​រិះគន់​លើ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​បាន ប៉ុន្តែ​មិនអាច​ហាម​រដ្ឋសភាជាតិ​មិន​ឲ្យ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ នៅ​ចុងខែ​ឧសភា​ខាងមុខនេះ​បានឡើយ។ លោក​ហ៊ុន សែន​បាន​ចោទប្រកាន់ អង្គការ​មួយចំនួន​បាន​កំពុងតែ​ប្រឌិត​រឿង​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើម្បី​ទទួលបាន​ជំនួយ ហើយ​ថា​ប្រសិនបើ​ក្រុម​អង្គការ​ទាំងនោះ​មិន​ព្រម​ចុះឈ្មោះ​ក្រោម​ច្បាប់​ថ្មី​នោះ អាច​នឹងត្រូវ​ដាក់​ខ្នោះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ