លោក ហ៊ុន សែន ចេញមុខគាំទ្រកូនប្រុសច្បងទប់ទល់នឹងការវាយប្រហាររបស់ លោក សម រង្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
នៅទីបំផុតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមកការពារកូនប្រុសច្បងរបស់លោក ក្រោយពីលោក សម រង្ស៊ី បានបរិហារិ៍ដោយប្រៀបប្រដូចសញ្ញាបណ្ឌិតយោធារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលទទួលបានពីសហរដ្ឋអាមេរិកនោះថាជាសញ្ញាបត្រការទូត ឬសញ្ញាបត្រក្លែងក្លាយ។ ចំណែក លោក ហ៊ុន ម៉ាណែត ក៏បានបបួលលោក សម រង្ស៊ី ភ្នាល់គ្នា ដោយដាក់លក្ខខណ្ឌថា ប្រសិនបើលោក សម រង្ស៊ី លើកឡើងជាការពិត លោកសុខចិត្តលាឈប់ពីកងទ័ព តែប្រសិនបើមិនមែនជាការពិតទេ គឺលោក សម រង្ស៊ី ត្រូវឈប់ធ្វើនយោបាយ។
ដោយភ្ជាប់នឹងសំណេរទាំងស្រុងរបស់លោក ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានធ្វើអត្ថាធិប្បាយវែងឆ្ងាយតបនឹងលោក សម រង្ស៊ី ឡើយ។ ប៉ុន្តែលោក ហ៊ុន សែន គ្រាន់តែសរសេរថា«
ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិនេះហើយព្រោះគេជាអ្នកចេញវាយកូនមុន»។
សូមបញ្ជាក់ថា ការចេញមុខមកការពារកូនប្រុសច្បងរបស់លោកបែបនេះ គឺក្រោយពី លោក សម រង្ស៊ី បានបរិហារិ៍ដោយប្រៀបប្រដូចសញ្ញាបណ្ឌិតយោធារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលទទួលបានពីសហរដ្ឋអាមេរិកនោះថា ជាសញ្ញាបត្រការទូត ឬសញ្ញាបត្រក្លែងក្លាយ។
លោក សម រង្ស៊ី អះអាងថា នៅសហរដ្ឋអាមេរិកមានសញ្ញាបត្រពីរប្រភេទដែលផ្តល់ឲ្យនិស្សិតរៀនចប់ពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point។ សញ្ញាបត្រប្រភេទទី១ គឺផ្តល់ឲ្យសម្រាប់និស្សិតអាមេកាំងប្រឡងចូលដោយតឹងតែង។ ចំណែកសញ្ញាបត្រប្រភេទទី២ គឺផ្តល់ឲ្យសម្រាប់និស្សិតបរទេស តាមរយៈការលើកទឹកចិត្តក្នុងន័យការទូតតែប៉ុណ្ណោះ ហើយលោក សម រង្ស៊ី អះអាងថា លោក ហ៊ុន ម៉ាណែត ទទួលបានសញ្ញាបត្រប្រភេទទី២នេះ។
ក៏ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បានចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៊ី ថាជាការវាយប្រហារជាសាធារណៈមកលើរូបលោក។ ដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន លោក ហ៊ុន ម៉ាណែត បានបបួលលោក សម រង្សី ភ្នាល់គ្នាដោយដាក់លក្ខខណ្ឌថា៖
បើសិនជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ផ្ដល់សញ្ញាបត្រប្រភេទទី២ ឬសញ្ញាបត្រក្លែងក្លាយមែន នោះលោក ហ៊ុន ម៉ាណែត នឹងលាលែងតួនាទីទាំងអស់ក្នុងកងកម្លាំងប្រដាប់អាវុធហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត។ ចំណែក លក្ខខណ្ឌទី២ លោក ហ៊ុន ម៉ាណែត បានកំណត់ថាបើលោក សម រង្ស៊ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រពីរប្រភេទដែលមានតម្លៃខុសគ្នា ដោយមួយប្រភេទមានតម្លៃពិតប្រាកដសម្រាប់ផ្ដល់ដល់និស្សិតយោធាអាមេរិក និងមួយប្រភេទទៀតជាសញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រការទូតសម្រាប់ផ្តល់ដល់និស្សិតនាយទាហានបរទេសគឺ លោក សម រង្ស៊ី ត្រូវលាឈប់ពីនយោបាយជារៀងរហូត។
យ៉ាងណាក៏ដោយគិតត្រឹមល្ងាចថ្ងៃចន្ទនេះ នៅមិនទាន់មានការឆ្លើយតបពីលោក សម រង្ស៊ី នៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ