លោក ហ៊ុន សែន៖ កម្ពុជានឹងក្លាយទៅជាប្រទេសគោលដៅនៃការលាងលុយកខ្វក់ បើទុកល្បែងអនឡាញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រមុខរដ្ឋាភិបាលព្រមានថា កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្ដិសុខជាតិរបស់ខ្លួន តាមរយៈការគំរាមកំហែង នៃក្រុម«ម៉ាហ្វីយ៉ា»ដែលជ្រៀតចូលមក ក្នុងស្ថានភាពដែលនឹងក្លាយទៅជាប្រទេសគោលដៅ នៃការលាងលុយកខ្វក់ តាមរយៈល្បែងអនឡាញ។ ការព្រមានរបស់លោក ហ៊ុន សែន គឺស្របពេលដែលជនជាតិចិនជាច្រើនបានបន្តចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទល្បែងអនឡាញកាលពីខែសីហា។
ថ្លែងចេញពីខេត្តកំពតនៅក្នុងពិធីបុណ្យសមុទ្រកាលពីយប់មិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ល្បែងហ្គេមអនឡាញនៅប្រទេសកម្ពុជានឹងមិនមានទៀតឡើយ ចាប់ពីបំណាច់ឆ្នាំ២០១៩នេះតទៅ។ លោកព្រមានថា បើកម្ពុជាបន្តទុកឲ្យមានល្បែងអនឡាញ នោះកម្ពុជានឹងក្លាយជាកន្លែងលាងលុយកខ្វក់ និងជង្រុកពួកម៉ាហ្វីយ៉ា ដែលកើតចេញពីហ្គេមអនឡាញនេះ។
គួរកត់សំគាល់ថា ចាប់តាំងពីរដ្ឋាភិបាលប្រកាសបិទល្បែងអនឡាញកាលពីខែសីហាមក បានធ្វើឲ្យជនជាតិចិនរាប់ពាន់នាក់ក្នុងមួយថ្ងៃៗចាកចេញពីកម្ពុជា ដែលភាគច្រើនពួកគេមកលេងល្បែងនៅខេត្តជាប់ព្រំដែន ដូចជា ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្រុងបាវិតខេត្តស្វាយរៀង និងជាពិសេសក្រុងព្រះសីហនុ។ ការចាកចេញរបស់ជនជាតិចិនបានជះឥទ្ធិពលមិនល្អ ដល់អ្នករកស៊ីអចលនៈទ្រព្យនៅកម្ពុជា ដោយពួកគេជួបបញ្ហាបំណុលបន្ទាប់ពីខ្ចីលុយធនាគារមកសង់ផ្ទះឬអគារសម្រាប់ជួល តែជនជាតិបានចាកចេញទៅវិញ។
ប៉ុន្តែបើតាម លោក ហ៊ុន សែន បើសេដ្ឋកិច្ចកម្ពុជាពឹងពាក់តែលើល្បែងអនឡាញនេះ កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្ដិសុខជាតិរបស់ខ្លួន ហើយនឹងបាត់បង់នូវអ្នកវិនិយោគពិតប្រាកដ។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋាភិបាលបានចេញសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់អាជ្ញាប័ណ្ណឲ្យបើកអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញទាំងក្នុងនិងក្រៅប្រទេស ។ ប៉ុន្តែសម្រាប់អាជីវកម្មដែលមានអាជ្ញាប័ណ្ណស្រាប់នឹងត្រូវអស់សុពលភាពត្រឹមបំណាច់ឆ្នាំ២០១៩នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ