កម្ពុជានិងកូរ៉េ ប្តេជ្ញាពង្រីកទីផ្សារកសិកម្ម និងបញ្ហាជាច្រើនទៀត ក្នុងដំណើរទស្សនៈកិច្ចរបស់លោក មួន ចេអ៊ីន មកកម្ពុជា
នៅក្នុងដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន មកកម្ពុជា ក្នុងថ្ងៃទី២នេះ មានកិច្ចព្រមព្រៀងចំនួន៥ត្រូវបានចុះហត្ថលេខាដោយសមភាគីទាំងពីរ។ ក្រៅពីកិច្ចព្រមព្រៀងដែលភាគច្រើនផ្តោតលើការវិនិយោគ នោះ កម្ពុជា និងកូរ៉េក៏បានពិភាក្សាគ្នាពីការបញ្ជួនពលករខ្មែរទៅកាន់ប្រទេសនេះបន្តទៀត និងបញ្ហាភ្ញៀវទេសចរណ៍របស់កូរ៉េមកកម្ពុជាផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ក្រោយពីជំនួបទ្វេភាគីរវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅប៉ុន្មាននាទីមុននេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន៥ គឺកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៩ -២០២៣ ។ អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា។ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគពីកូរ៉េ ។ និងអនុស្សារណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ។
នៅចំពោះមុខប្រមុខរដ្ឋកូរ៉េ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ភាគីទាំងពីរក៏បានជំរុញឲ្យបើកទីផ្សារកសិកម្មទ្វេរភាគីឲ្យកាន់តែទូលាយថែមទៀត ព្រមទាំងពិភាក្សាពីការបញ្ជួនពលករខ្មែរទៅកូរ៉េ និងការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍កូរ៉េមកម្ពុជាជាដើម។
គិតចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ២០១៨កន្លងមកនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើនឡើងពី ៦០២,៦៨២ លានដុល្លារ ដល់៧៤៦,៣៨៥លានដុល្លារ។ ក្រៅពីនេះ ទំហំវិនិយោគរបស់កូរ៉េខាងត្បូងនៅកម្ពុជាមានចំនួន២១៤គម្រោងជាមួយទំហំទឹកប្រាក់ប្រមាណ ៤.៤៧ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ១៩៩៦ ដល់ខែមករាឆ្នាំ២០១៩។
នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក មួន ចេអ៊ីន បានចូលគាល់ព្រះមហាក្សត្រកម្ពុជា និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ដោយគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងចូលរួមលៀងសាយភោជយ៍នៅព្រះបរមរាជវាំង នៅល្ងាចថ្ងៃសុក្រនេះ។ បន្ទាប់មក លោក និងភរិយា នឹងទៅទស្សនាប្រាសាទអង្គរវត្ត មុនពេលត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ