លោក ស៊ី ជីងពីង ប្រកាសដាក់ទំនាក់ទំនងរវាងចិននិងកម្ពុជាក្នុងទំព័រសករាជថ្មីចាប់ពីពេលនេះតទៅ
ចុះផ្សាយនៅថ្ងៃ៖
លោកស៊ី ជីងពីង ប្រធានាធិបតីចិន បានគូសបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន ថា ចាប់ពីពេលនេះតទៅ ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺស្ថិតក្នុងសករាជថ្មី។ ការគូសបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបរវាងអ្នកទាំងពីរកាលពីល្ងាចពុធ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ បន្ថែមលើនេះ លោកប្រធានាធិបតីចិន ក៏បានចាត់ទុកកម្ពុជា និងលោកហ៊ុន សែនថា ជាមិត្តដែកថែបរបស់ចិនថែមទៀតផង។
នៅចំពោះមុខលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុងទីក្រុងប៉េកាំង លោកប្រធានាធិបតីចិនស៊ី ជីងពីង បានអះអាងថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តនូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។ សម្តីរបស់លោកស៊ី ជីងពីងនេះ ត្រូវបានផ្សព្វផ្សាយបន្តនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ បន្ថែមពីលើការលើកឡើងដូច្នេះ លោកប្រធានាធិបតីចិន ក៏បានចាត់ទុកប្រទេសកម្ពុជាជាមិត្តដ៏ស្មោះត្រង់ និង បានចាត់ទុកលោកហ៊ុន សែន ថាជាមិត្តដែកថែបរបស់ចិនថែមទៀត។
គួរបញ្ជាក់ឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺជាមេដឹកនាំទី១ហើយដែលបានទៅទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់តាំងពីប្រទេសនេះបានទទួលរងនូវការវាយប្រហារដោយមេរោគថ្មីកូរ៉ូណា។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា ដំណើរទៅកាន់ចិននេះ គឺលោកចង់បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ ហើយក៏ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជារស់នៅ និងសិក្សានៅប្រទេសចិនឱ្យបន្តស្នាក់នៅប្រទេសចិនទៀតតស៊ូជាមួយប្រជាពលរដ្ឋចិន។ មួយវិញទៀត ក៏ជាការបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋកម្ពុជាកុំភ័យខ្លាចនឹងមេរោគថ្មីនេះពេក។
ចំណែក លោកប្រធានាធិបតីចិនវិញ បានចាត់ទុកការទៅកាន់ចិនរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននេះថា ជាការបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន។ សម្រាប់លោកស៊ី ជីងពីង ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ ជាមួយគ្នានេះ ប្រមុខដឹកនាំចិនក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងយកចិត្តទុកដាក់លើពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅចិនដូចប្រជាពលរដ្ឋ និងកូនចៅរបស់ប្រជាពលរដ្ឋចិនផងដែរ។
សូមជម្រាបជូនថា នៅក្នុងក្រុងវូហាន នៃខេត្តហូប៉ីរបស់ចិនដែលផ្ទុះនូវមេរោគកូរ៉ូណាថ្មី មាននិស្សិតខ្មែរស្នាក់នៅ និងសិក្សាចំនួន៨៩នាក់ ដែលសិក្សានៅសាកលវិទ្យាល័យចំនួន៧ផ្សេងៗគ្នា។ ប៉ុន្តែនៅពេលនេះ មានតែនិស្សិតចំនួន២៣នាក់ប៉ុណ្ណោះដែលកំពុងជាប់នៅក្រុងវូហាន ខណៈនិស្សិត៦៦នាក់ទៀត បានមកលេងស្រុកកំណើតនៅកម្ពុជាដោយសារតែវិស្សមកាលរដូវរងា នាដើមខែមករា ឆ្នាំ២០២០នេះ។ និស្សិតទាំង២៣នាក់នេះ ត្រូវបានយកទុកដាក់យ៉ាងខ្លាំងសំណាក់អាជ្ញាធរចិន និងកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់ពួកគេ ដោយម្នាក់ៗចំនួន៥០០ដុល្លារផងដែរ ដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ