លោក ហ៊ុន សែន៖ ដើម្បីសន្តិភាពនិងប្រជាធិបតេយ្យ អ្នកកាសែតត្រូវហ៊ាននិយាយការពិត
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី០៣ ឧសភានេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៦។ នៅកម្ពុជា ទិវាសេរីភាពសារព័ត៌មាននៅឆ្នាំ២០១៩នេះ ប្រារព្ធធ្វើក្រោមប្រធានបទ តួនាទីប្រកបដោយសក្កានុពលរបស់សារព័ត៌មានក្នុងការគាំទ្រសន្តិភាព និង ប្រជាធិបតេយ្យ។ ដើម្បីសន្តិភាព និង ប្រជាធិបតេយ្យនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់ ហ៊ាននិយាយការពិតពីបញ្ហាផ្សេងៗនៅក្នុងសង្គម។
នៅក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៦ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងដូច្នេះថា ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសក្តានុពលក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ គឺទាមទារឲ្យអ្នកសារព័ត៌មានទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀតនូវការអភិវឌ្ឍសមត្ថភាពយល់ដឹងរបស់ខ្លួន និងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ។ លោកនាយករដ្ឋមន្ត្រីក៏គូសបញ្ជាក់ដែរថា អ្នកសារព័ត៌មានក៏ត្រូវតែក្លាហានហ៊ាននិយាយការពិត ធ្វើការរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិតដើម្បីឱ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពិត ហើយធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គម ដើម្បីចូលរួមចំណែកកសាងសង្គមមួយឲ្យមានភាពយុត្តិធម៌ សុខសន្តិភាព និងមានការអភិវឌ្ឍ។
លោកនាយករដ្ឋមន្រ្តីបានឆ្លៀតឱកាសនេះ ដាស់តឿនដល់អ្នកសារព័ត៌ទាំងអស់ឱ្យអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងផ្សាយព័ត៌មានតែមួយជ្រុង ឬក៏ផ្សាយព័ត៌មានក្លែងក្លាយជូនដល់សាធារណជន។ ការជំរុញឱ្យអនុវត្តតាមក្រមសីលធម៌និងវិជ្ជាជីវៈនេះ ក៏ជាអ្វីដែលសមាគមសារព័ត៌មាន និង អ្នកសារព័ត៌មានជើងចាស់តែងតែក្រើនរំលឹកនិងបន្តជំរុញដល់អ្នកកាសែតផ្សេងទៀតដែរ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបន្តជំរុញលើកទឹកចិត្តឱ្យអ្នកកាសែតធ្វើការងាររបស់ខ្លួនដោយឈរលើភាពត្រឹមត្រូវ ស្មោះត្រង់ សីលធម៌ វិជ្ជាជីវៈ សុច្ចរិតភាព និង ដោយគ្មានការភ័យខ្លាច។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩នេះ។
ចំណែក លោកប៉ែន បូណា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជាវិញបានលើកឡើងថា តម្លៃនៃសារព័ត៌មាន គឺផ្តើមចេញពីអ្នកសារព័ត៌មានខ្លួនឯងមុនគេ។ លោកពន្យល់ថា ពេលណាដែលអ្នកកាសែតឱ្យតម្លៃដល់អាជីពរបស់ខ្លួន ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ និងភ្ជាប់ដោយការទទួលខុសត្រូវខ្ពស់ ពេលនោះពួកគេនឹងទទួលបានតម្លៃដែលអ្នកដទៃផ្តល់ឱ្យ។ សម្រាប់ប្រធានក្លិបអ្នកកាសែតកម្ពុជា គឺតម្លៃនោះហើយដែលជាអំណាចសារព័ត៌មាន និងជាគ្រឹះដ៏រឹងមាំសម្រាប់ពង្រឹង និងពង្រីកលំហសេរីភាពសារព័ត៌មានដ៏ពិតប្រាកដមួយដែលអ្នកកាសែតគ្រប់រូបចង់បាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ