កម្ពុជា

លោក ព្រាប កុល ៖ ការ​លុប​ចោល​ពន្ធ​ផ្ទេរ​មរតក​ គឺ​គោល​នយោបាយ​លម្អៀង​ទៅ​លើ​អ្នក​មាន​លុយ​និង​មាន​អំណាច​

លោក ព្រាប កុល នាយក​ប្រតិបត្តិ អង្គការតម្លាភាព​កម្ពុជា
លោក ព្រាប កុល នាយក​ប្រតិបត្តិ អង្គការតម្លាភាព​កម្ពុជា © សហការី

លោក ហ៊ុន សែន បាន​សម្រេច​ប្រកាស​លុប​ចោល ការ​ជាប់​ពន្ធ​លើ​បន្ទុក​ការ​ផ្ទេរ​មរតក​ ដែល​ផ្ទេរ​ ពី​ជីតា​ជីដូន​ទៅ​ឲ្យ​ចៅ​ ពី​ឪពុក​ម្តាយ​ទៅ​ឲ្យ​កូន​ និង​ពី​ប្តី​ឲ្យ​ទៅ​ប្រពន្ធ​ ឬ​ពី​ប្រពន្ធ​ទៅ​ឲ្យ​ប្តី​។​ គឺ​ជា​ការ​ថ្លែង​នៅ​​​មជ្ឈ​មណ្ឌល​​កោះពេជ្រ​ កាល​ពី​ព្រឹក​មិញ​នេះ​។ លោក​នាយករដ្ឋ​មន្ត្រី​ យល់​ថា​ ការ​មិន​យក​ពន្ធ​លើ​ការ​ផ្ទេរ​មរតក​កម្មសិទ្ធិ​នេះ គឺ​ដើម្បី​ផល​ប្រយោជន៍​ប្រជាជន​។​ ផ្ទុយ​ពី​នេះ​ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ​លោក ព្រាប កុល យល់​ថា​ ការ​សម្រេច​ដូច្នេះ​ គឺ​អាច​ធ្វើ​ឲ្យ​រដ្ឋ​ខាត​ចំណូល​ និង​ប​​ម្រើប្រយោជន៍​សម្រាប់​តែ​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ តែ​ប៉ុណ្ណោះ។​

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​ លើក​ទី​៣៩​ អាណត្តិ​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​នា​យករ​ដ្ឋ​មន្ត្រី ដែល​ជា​ប្រធាន​បក្ស​ផង​ បាន​ប្រកាស​សម្រេច​លុប​ចោល​មិន​​​យក​​ពន្ធ​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​ ពី​ឪពុក​ម្តាយ​ទៅ​កូន​ ពី​ជីតា​ជីដូន​ទៅ​ឲ្យ​ចៅ​​ និង​ពី​រវាង​ប្តី​ប្រពន្ធ​។ លោក​ ហ៊ុន សែន យល់​ថា ការ​សម្រេច​ព្យួរ​ច្បាប់​នេះ​ គឺ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​ចំ​ទិស​ដៅ ​កុំឲ្យ​មាន​ការ​ព្រួយ​បារម្ភ និង​កង្វល់​ក្នុង​ការ​ផ្ទេរ​អចលនទ្រព្យ​ ដែល​ជា​កេរ្តិ៍​មរតក​ ពី​សមាជិក​គ្រួសារ​ម្នាក់​ ទៅ​សមាជិក​គ្រួសារ​ម្នាក់​ទៀត​ ដោយ​ពុំ​ចាំ​បាច់​បង់​ប្រាក់​ថ្លៃ​ សេ​វា​។

ទន្ទឹម​នឹង​នេះ ប្រធាន​មន្ទីរ​សារការី​ សេដ្ឋា​វិទូ​ និង​ជា​អ្នក​ច្បាប់​ផង​នោះ លោក នាក់ សើគីរីន​ យល់​ស្រប​ថា​ «ការ​សម្រេច​នេះ គឺ​ជួ​យសម្រួល​សម្រាល​បន្ទុក​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ ពិសេស​គឺសន្តតិជន​ ដែល​ជាអ្នក​ទទួល​មរតក​ផ្ទាល់​តែ​ម្តង​»។ សារការី​រូ​​ប​នេះ បញ្ជាក់ថា​ «តាម​នីតិវិធី​ច្បាប់ ការ​ទទួល​អំណោយ​ ឬមរតក ដែល​មាន​តម្លៃ​ថ្លៃ​ ត្រូវ​បង់​ពន្ធ​ទៅ​ខាង​ពន្ធ​ដារ​របស់​រដ្ឋ​។ ក្នុង​នោះ បើ​ជាមរកត​សាសន៍ ត្រូវ​ដក​២០០​លាន​រៀល​ រួច​ហើយ​ទៅ​គុណ​នឹង​៤ភាគ ដើម្បីសម្រាប់​គិត​បង់​ពន្ធ​ជូន​រដ្ឋ​។ ដូច្នេះ បើ​មរតក​ដែល​មាន​តម្លៃ​កាន់​តែ​ថ្លៃ​ រាប់​លាន​ដុល្លារ​ នោះ​ការ​បង់​ពន្ធ​ក៏​កាន់​តែ​ច្រើន​ដែរ ដែល​នេះ ជា​បន្ទុក​សម្រាប់​អ្នក​ទទួល​មរកត»​។​

ជា​​រួម​​ទៅ​ លោក នាក់ សើគីរីន គិត​ថា ​«ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​សម្រេច​លុប​ចោល​ចំពោះ​ការ​បង់​ពន្ធ​លើ​បន្ទុក​ការ​ផ្ទេរ​មរតក​ នា​ពេល​នេះ​ គឺ​ ជួយ​ដល់​អ្នក​ក្រ​ដែល​ពុំមាន​លទ្ធភាព​បង់​ពន្ធ ក្នុង​ការ​ផ្ទេរ​កម្មសិទ្ធិ​ពី​អ្នក​ដែល​ស្លាប់​ទៅ មក​ជា​របស់​ខ្លួន​»។ ទោះ​យ៉ាង​ណា​ អ្នក​ច្បាប់​រូប​នេះ​ គិត​ថា «រដ្ឋ​អាច​នឹង​បាត់ចំណូល​ខ្លះ​ដែរ ពី​ការ​បង់​ពន្ធ​ ក៏​ប៉ុន្តែ​អាច​មិន​ច្រើន​ទេ​មើល​ទៅ»។​

ផ្ទុយ​ពីនេះ​ លោក​ ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុ​ជា យល់​ថា«ការ​សម្រេច​ដូច្នេះ​គឺ​អាច​​ធ្វើ​ឲ្យ​ខាត​បង់​ចំណូល​ជាតិ​យ៉ាង​ច្រើន ហើយ​នេះ​គឺ​ជា​គោល​នយោបាយ​បម្រើ​ប្រយោជន៍​លម្អៀង សម្រាប់​តែ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ពោល​គឺ​សម្រាប់​តែ​អ្នក​មាន​លុយ​មាន​អំ​ណាច​​តែប៉ុ​ណ្ណោះ​។ ជា​ពិសេស​ អ្នក​ដែល​មាន​ទ្រព្យ​មក​ពី​ប្រភព​ដែល​មិន​អាច​ពន្យល់​បាន​»។​

ប្រធាន​អង្គការ​តម្លា​ភាពក​​ម្ពុជា រូប​នេះ បញ្ជាក់​ថា​ «បើ​ចង់​សម្រាល​បន្ទុក​អ្នកក្រ​មែន​និង​នៅ​តែ​រក្សា​បាន​ចំណូលជា​តិ គឺគួរ​លើក​លែងពន្ធ​នៃ​ការ​ផ្ទេរ​មរតក ក្នុង​កម្រិត​ណា​មួយ ឧទាហរណ៍​ តម្លៃ​ក្រោម​១០ម៉ឺន​ដុល្លារ ជា​ដើម ត្រូវ​រួច​ពន្ធ ហើយ​លើស​ពី​នេះ ត្រូវ​គិត​ពន្ធ​តាម​ភាគ​រយ​ជា​ដើម។​ ធ្វើ​ដូច្នេះ រដ្ឋ​បាន​ជួយសម្រាល​ការ​លំបាក​ដល់​អ្នក​ក្រ និង​នៅ​តែ​រក្សា​បាន​ចំណូល​ជាតិ​ពី​ការ​បង់​ពន្ធ​ផ្ទេរ​មរកត ពី​ខាង​អ្នក​មាន​ដដែល​»។ លោកថា «អ្នក​មាន​ទោះបង់​ពន្ធ​ខ្លះ ក៏​មិន​ធ្លាក់​ខ្លួន​ក្រដែរ»។ លោក ព្រាប កុល សង្កត់ធ្ងន់ថា រដ្ឋាភិបាល គួរ​តែ​ពិចារណា​ឡើង​វិញ​ ត្រង់​ចំណុច​នេះ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI