លោក ហ៊ុន សែន នាំមន្រ្តីជាន់ខ្ពស់ទៅថ្លែងពីបញ្ហាសិទ្ធិមនុស្សកម្ពុជានៅអង្គការសហប្រជាជាតិនៅព្រឹកនេះ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងអង្គការសហប្រជាជាតិ។ នៅទីនោះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏នឹងឡើងថ្លែងសន្ទរកថាពាក់ព័ន្ធនឹងវឌ្ឍនភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាប្រាប់ទៅអង្គការសហប្រជាជាតិផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជានឹងស្នាក់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកក្កដា។ នៅទីនោះ លោកនាយករដ្ឋមន្រ្តីនឹងចាប់ផ្តើមបេសកកម្មដោយចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ ក្រោមប្រធានបទ«គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម»។ នៅក្នុងកិច្ចប្រជុំនេះ លោកហ៊ុន សែន នឹងឡើងគូសបញ្ជាក់ពីបទពិសោធន៍កិច្ចប្រឹងប្រែងនិងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការជម្នះឧបសគ្គនានា និងនាំមកនូវកំណើនសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីកម្ពុជានឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជាឆ្នាំ២០១៩-២០២៣ ព្រមទាំងឡើងថ្លែងសុន្ទរកថានៅក្នុងកម្មវិធីសង្គមដែលរៀបចំដោយអង្គការWTO ផងដែរ។ បន្ថែមលើនេះ លោកហ៊ុន សែន ក៏មានគម្រោងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីសហប្រតិបត្តិការអភិវឌ្ឍ និងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្វាំងឡង់ និង នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)។
ក្រៅពីចូលរូមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក(WTO)នេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏នឹងចូលរូមក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃទី០៤ កក្កដាផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ លោកហ៊ុន សែន នឹងឡើងថ្លែងសន្ទរកថាឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅត្រង់ចំណុចនេះ លោកហ៊ុន សែន បានគូសបញ្ជាក់កាលពីថ្ងៃចន្ទ គឺមុនឡើងយន្តហោះទៅស្វីសមួយថ្ងៃថានឹងនិយាយពីបញ្ហាសិទ្ធិមនុស្សនេះឱ្យបានច្បាស់នៅអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្រ្តីក៏មានគម្រោងជួបជាមួយឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយផ្ទាល់ថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងពេលបំពេញបេសកកម្មនៅអឺរ៉ុបនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏នឹងជួបជាមួយប្រជាពលរដ្ឋ និង និស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅតំបន់អឺរ៉ុបប្រមាណជា៧០០នាក់។ លើសពីនេះទៅទៀត លោកក៏បានប្រកាសស្វាគមន៍ជាមុនទៅកាន់ប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោកនៅប្រទេសស្វីសនេះផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ