លោក ហ៊ុន សែន ព្រួយបារម្ភជាលើកដំបូងពីស្ថានការណ៍នៅ ស៊ីរី និង កូរ៉េខាងជើង !
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្ត្រី ថ្លែងព្រួយបារម្ភជាលើកដំបូង ចំពោះស្ថានការណ៍នៅប្រទេសស៊ីរី និង កូរ៉េខាងជើង។ ការចេញមុខបង្ហាញជំហរព្រួយបារម្ភ ក្នុងនាមរដ្ឋាភិបាលកម្ពុជា ចំពោះសង្គ្រាមនៅបរទេសនេះ គឺក្រោយពីមានការវាយប្រហារដោយអាវុធគីមីនៅស៊ីរី កាលពីមួយសប្តាហ៍មុន និងក្រោយពីមានការតានតឹងនៅឧបទ្វីបកូរ៉េខាងជើង។ ក្តីព្រួយបារម្ភរបស់លោក ហ៊ុន សែន នេះ គឺបានត្រូវលើកឡើង នៅក្នុងឱកាសបើកសម្ពោធព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំទី៥ នៅខេត្តសៀមរាប កាលពីព្រឹកមិញ។
បើទោះបីជាក្នុងឱកាសចូលឆ្នាំថ្មី សប្បាយរីករាយក៏ដោយចុះ ក៏លោកប្រមុខរដ្ឋាភិបាល ឆ្លៀតយកវេទិកា ដើម្បីថ្លែងក្តីព្រួយបារម្ភពីសង្គ្រាមដែរ។ លោក ហ៊ុន សែន ថា ក្នុងឋានៈកម្ពុជា ជារដ្ឋសមាជិកមួយ របស់អង្គការសហប្រជាជាតិ គឺសូមសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅរបស់ខ្លួន ចំពោះសភាពការណ៍នៅបស្ចិមបូព៌ា ជាពិសេសសភាពការណ៍នៅប្រទេសស៊ីរី ហើយនិងសភាពការណ៍នៅកូរ៉េខាងជើង។
បើតាមលោក ហ៊ុន សែន, ជាគោលជំហររបស់កម្ពុជា, រដ្ឋាភិបាលខ្មែរអំពាវនាវឲ្យមានការអត់ធ្មត់ ហើយព្យាយាមដោះស្រាយជម្លោះទាំងអស់នោះ តាមរយៈនៃការចរចាគ្នា។
លោក ហ៊ុន សែន ដែលបានតាមដានព្រឹត្តិការណ៍អន្តរជាតិផង បានបញ្ជាក់ថា ទង្វើនៃការបាញ់ប្រហារទាំងម៉ីសីលក្តី និងអាវុធគីមីក្តី វាគឺជាសោកដនាកម្ម ហើយកម្ពុជាដែលធ្លាប់ជាជនរងគ្រោះនៃអំពើបែបនេះ គឺពិតជាបានយល់ច្បាស់អំពីការលំបាករបស់ប្រជាជន នៃប្រទេសដែលកំពុងមានសង្រ្គាមហែកហួរ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏ឆ្លៀតបង្កប់សារនយោបាយបន្តិចផង ថាលោកសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់ នឹងរួមគ្នាជាមួយរូបលោក ដើម្បីការពារសន្តិភាពឲ្យខាងតែបាន។
ជាការកត់សម្គាល់ នេះជាលើកទីមួយហើយ ដែលលោកប្រមុខរដ្ឋាភិបាលខ្មែរ បានចេញមុខថ្លែងពីគោលជំហររបស់កម្ពុជា ចំពោះវិបត្តិនៅស៊ីរី ក្រោយពីមានការវាយប្រហារដោយអាវុធគីមីកាលពីមួយអាទិត្យមុននេះ ដែលគេជឿថាជាស្នាដៃរបស់រដ្ឋាភិបាលលោក បាល់សា អាឡា អាសាដ និងដែលបណ្តាលមានការស្លាប់មនុស្ស យ៉ាងហោចជាង៨០នាក់ ក្នុងនោះមានក្មេងប្រមាណ៣០នាក់។ ភ្លាមៗ ១ថ្ងៃក្រោយមក អាមេរិក បានបាញ់ម៉ីសសីលដាក់កងទ័ពរដ្ឋាភិបាលស៊ីរី ដើម្បីជាការព្រមាន។ សូមបញ្ជាក់ថា តាំងពីសង្គ្រាមចាប់ផ្តើម នៅស៊ីរីឆ្នាំ២០១១មក ប្រជាជនស៊ីរី យ៉ាងតិច៤០ម៉ឺននាក់ ដែលត្រូវបានសម្លាប់។
រីឯភាពតានតឹងនៅឧបទ្វីបកូរ៉េខាងជើងវិញ ក៏កំពុងតែបង្កការព្រួយបារម្ភណាស់ដែរ ដោយសារតែរដ្ឋាភិបាលលោក គីម ជុងអ៊ុន បានព្យាយាមបាញ់សាកល្បងគ្រាប់ម៉ីសសីលជាច្រើនលើក ដោយមិនស្តាប់បម្រាបរបស់អង្គការសហប្រជាជាតិ ហើយនិងមិនស្តាប់ការដាស់តឿនរបស់ចិននិងអាមេរិក។ សំណុំរឿងនេះ បានធ្វើឲ្យទ័ពអាមេរិកត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារ ហើយបានដាក់ខែលប្រឆាំងម៉ីសលីល នៅកូរ៉េខាងត្បួងនិងជប៉ុន ដែលជាសម្ព័ន្ធមិត្ត។ ក៏ប៉ុន្តែទោះយ៉ាងណាក្តី កូរ៉េខាងជើងរបស់លោក គីម ជុងអ៊ុន នៅតែរឹងក្បាល ហើយថានឹងបង្អួតសាច់ដុំបន្ថែមទៀត ក្នុងឱកាសខួបកំណើតរបស់ជីតា គឺលោក គីម អ៊ីលស៊ុង ជាបិតាស្ថាបនិកកុំម្មុយនីស្តកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ