កម្ពុជា

លោក ហ៊ុន សែន ជំរុញ​ឲ្យ​ស្វែង​រក​ផែនទី​ដែល​កម្ពុជា​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ

លោក ​ហ៊ុន ​សែន ​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​កាលពីពេលកន្លងមក
លោក ​ហ៊ុន ​សែន ​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​កាលពីពេលកន្លងមក RFI/Siv Channa

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១​សីហា​នេះ បាន​ជំរុញ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​របស់​លោក​បន្ត​ស្រាវជ្រាវ​រក​ផែនទី ដែល​កម្ពុជា​បាន​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​បន្ត​ទៀត។ លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​នេះ​ថា ការ​រក​មិន​ឃើញ​នូវ​ផែន​ទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ គឺ​ជា​ចំណោទ​ដែល​កម្ពុជា​ត្រូវ​ស្រាវជ្រាវ​បន្ត ដើម្បី​ឲ្យ​ដឹង​ថា តើ​រដ្ឋាភិបាល​ជំនាន់​មុន ភូត ភ តជំនាន់ ឬ​មួយ​យក​ទៅ​តម្កល់​ហើយ តែ​រក​មិន​ឃើញ។

ផ្សាយពាណិជ្ជកម្ម

គឺ​មួយ​ថ្ងៃ ក្រោយ​ពី​គណៈកម្មការ​ចំពោះ​កិច្ច​របស់​រដ្ឋាភិបាល​លោក បាន​ទទួល​និង​ផ្ទៀង​ផ្ទាត់​ផែន​ទី​មក​ពី​អង្គការ​សហប្រជាជាតិ​នោះ​ហើយ ដែល​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​រក​ផែនទី​នោះ​បន្ត​ទៀត។ ព្រោះ​ថា​ ផែនទី​ចំនួន​១៨​ផ្ទាំង ដែល​កម្ពុជា​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​២០​សីហា​ម្សិលមិញ​នោះ មិនមែន​ជា​ផែនទី​ដែល​កម្ពុជា​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នោះ​ទេ តែ​ជា​ប្រភេទ​ផែនទី UTM ខ្នាត ១/១០០០០០ ដែល​កម្ពុជា​នៅ​សម័យ​ឆ្នាំ​១៩៦៤​ បាន​យក​ទៅ​ប្តឹង​អង្គការ​សហប្រជាជាតិ ពី​ការ​ឈ្លាន​ពាន​របស់​វៀតណាម​ខាង​ត្បូង​មក​លើ​ព្រំដែន​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ថា ការ​ទទួល​បាន​ផែន​ទី UTM ខ្នាត១/១០០០០០ ចំនួន​១៨​ផ្ទាំង​ ដែល​កម្ពុជា​បាន​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ មក​ផ្ទៀង​ផ្ទាត់​ជាមួយ​ផែនទី​បោន (Bonne) ខ្នាត​ ១/១០០០០០ ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ​នេះ គឺ​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន យក​ទៅ​សំអាង​ប្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ថា ជា​ផែនទី​ត្រឹម​ត្រូវ។

យោង​តាម​ខ្លឹមសារ​ដែល​ទំលាយ​ឲ្យ​ដឹង​ពី​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ថ្ងៃ​សុក្រ​ទី​២១​សីហា​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​សំដែង​ការ​កោត​សរសើរ និង​អបអរ​សាទរ​ដល់​គណៈកម្មការ​ចំពោះ​កិច្ច​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២០​សីហា​ថា បាន​ជម្រះ​មន្ទិល​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ ហើយ​ថា ​វា​គឺ​ជា​ការ​វាយ​បំបាក់​នូវ​ឧបាយកល​របស់​ក្រុម​ប្រឆាំង​ផង​ដែរ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​ នៅ​ពេល​នេះ មាន​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​បារាំង​ជា​ដើម បាន​ចោទ​ចេញ​ជា​សំណួរ​មក​កាន់​រដ្ឋាភិបាល​ថា ហេតុ​ម្តេច​បាន​ជា​រក​ផែនទី​ព្រំដែន​នេះ​មិន​ឃើញ? បញ្ហា​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ចាត់​ទុក​ថា ជា​ចំណោទ​ដែល​កម្ពុជា​ត្រូវ​ស្រាវជ្រាវ​តទៅ​មុខ​ទៀត គឺ​មិន​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ ដើម្បី​ឲ្យ​ដឹង​ថា តើ​រដ្ឋាភិបាល​ជំនាន់​នោះ ភូត ភ ត​ជំនាន់ ឬ​ក៏​យក​ទៅ​ហើយ តែ​រក​មិ​នឃើញ!

ក្រៅ​ពី​ការ​ណែនាំ​ឲ្យ​បន្ត​ស្វែង​រក​ផែនទី​នេះ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ទៅ​លើ បុគ្គល ឬ​ក្រុម​ណាមួយ ដែល​បន្ត​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ផែនទី​ក្លែង​ក្លាយ ឬ​ផែនទី​ចោរ ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម។ បទ​បញ្ជា​នេះ ក៏​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន សរសេរ​ផ្ញើ​ទៅ​កាន់​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ តាម​រយៈ​សារ​អេឡិច​ត្រូនិច​មួយ ដែល​ត្រូវ​បាន​យក​មក​ចុះ​ផ្សាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​២១​សីហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI