កម្ពុជា-សង្គម

​កម្ពុជា​ឆ្លើយ​តប​ជា​វិជ្ជមាន​៣​ចំណុច ​លើក​ឡើង​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​

លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយ UN នាព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ
លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយ UN នាព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ @SPM page

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​នៃ​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា ដឹក​នាំ​ដោយ​លោកស្រី Poline Tamesis អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​ជាតិ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ជួប​ប្រជុំគ្នា​ប្រចាំ​ឆ្នាំ​លើក​ទី៥ នៅ​វិមាន​សន្តិភាព​។ គឺ​ជា​កិច្ច​ប្រជុំ ដែល​អង្គការ​សហ​ប្រជា​ជាតិ បាន​លើក​ឡើង​នូវ​ចំណុច​ចំនួន​៣ ដែល​ពាក់​ព័ន្ធ​នឹង​កិច្ចគាំពារ​សង្គមទិន្ន​ន័យ​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ចីរភាពនិង​ការ​ចូល​រួម​ពិនិត្យ​របាយការណ៍​ថ្នាក់​ជាតិលើ​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៅ​ក្នុង​ទីក្រុង​ញូយ៉ក​ខាង​មុខ​។ 

ផ្សាយពាណិជ្ជកម្ម

ដោយ​សំដែង​ការ​អបអរសាទរ ចំពោះ​ការងារ​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​កន្លង​មក លោក​ស្រី Poline Tamesis ប្រធាន​ប្រតិភូ​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​លើក​ឡើង ពាក់​ព័ន្ធ​នឹង​ចំណុច​ទី១ ស្តី​ពី​កិច្ច​គាំពារ​សង្គម ដោយ​ចែក​ចេញ​ជា​៣ចំណុច​តូចៗ​ផ្សេង​ទៀត​នោះ​គឺ​ទី១ ការ​សម្រប​សម្រួល​រវាង​ស្ថាប័ន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ក្នុង​ការ​កសាង​សមត្ថភាព ទី​២ គឺ​ការ​គាំពារ​សង្គម និង​ហិរញ្ញវត្ថុ និងទី៣ ការងារ​គាំពារ​សង្គម​និង ការ​អនុវត្ត​ប្រកប​ដោយ​សមភាព​។

លោក អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​អ្នក​កាសែត​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី បាន​ប្រាប់​ទៅ​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជា​ជាតិ​ដែរ​ថា កម្ពុជា​កាល​ពី​ដើម​ឡើយ គឺ​មាន​ភាព​ក្រីក្រ​រហូត​ដល់​១០០% ហើយ​ក៏​មាន​ការ​ចាប់​ផ្ដើម​ឡើង​នូវ​ការ​ផ្ដល់​ការ​គាំពារ​សង្គម ទៅ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ដល់​ស្ត្រី​ដែល​ធ្វើ​ការ​នៅ​តាម​រោង​ចក្រ ស្ត្រី​ក្រីក្រ ហើយ​ក៏​បាន​ធ្វើ​ការ​មួយ​ចំនួន​ថែម​ទៀត រួម​ទាំង​ការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​ជីក​អណ្តូង​ទឹក ស្រះ​ទឹក​ជា​ដើម​។

ពាក់​ព័ន្ធ​នឹង​ទិន្នន័យ​សម្រាប់​ការ​អភិវឌ្ឍ ដែល​ករណី​នេះ លោក ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​ក្រសួង​៤ ធ្វើ​ការ​បក​ស្រាយ​រួម​មាន​ក្រសួង​ផែន​ការ ក្រសួង​ហិរញ្ញ​វត្ថុ ក្រសួង​កិច្ចការ​នារី និង​ក្រសួង​អប់រំ​។ ជុំវិញ​ការ​ស្នើ​ឲ្យ​បង្កើន​នូវ​ថវិកា​ជាតិ និង​ពង្រឹង​សមត្ថ​ភាព សម្រាប់​ការងារ​ទិន្ន​ន័យ សម្រាប់​ការ​អភិវឌ្ឍ លោក ហ៊ុន សែន បាន​ធ្វើ​ការ​បក​ស្រាយ​ថា កន្លង​មក​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្ដល់​ថវិកា​ជាតិ​ជា​ប្រចាំ ហើយ​ឯក​ភាព​នឹង​បង្កើន​ថវិកា​ថែម​ទៀត​ ដល់​ការងារ​ទិន្ន​ន័យ​សម្រាប់​ការ​អភិវឌ្ឍ​នេះ​។

ដោយ​ឡែក​ពាក់​ព័ន្ធ​នឹង​ការ​ពង្រឹង​សមត្ថភាព លោក ហ៊ុន សែន ក៏​បាន​ធ្វើ​ការ​ណែនាំ​ដែរ គឺ​ធ្វើ​យ៉ាង​ណា ជំរុញ​ឲ្យ​មាន​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា ដោយ​កន្លង​មក លោក ហង់ ជួន​ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ក៏​បាន​ណែ​នាំ ទៅ​ដល់​សាកល​វិទ្យាល័យ​នា​នា ដើម្បី​ជំរុញ​ការ​អប់រំ​រហូត​ដល់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ពាក់​ព័ន្ធ​នឹង​កម្មវិធី​ទិន្ន​ន័យ​សម្រាប់​ការ​អប់រំ​ពង្រឹង​សមត្ថភាព​នេះ​។

ទាក់​ទង​ទៅ​នឹង​ចំណុច​ទី៣ ស្តី​ពីគោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដែល​លើក​ឡើង​ដោយ​តំណាង​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​ចូល​រួម​ប្រជុំ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ នៅ​ទីក្រុង​ញូយ៉ក​។ នេះ​បើ​តាម​លោក អ៊ាង សុ​ផល្លែត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI